(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានថ្លែងបញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្ស ដូចទៅនឹងការវិនិយោគលើធនធានមនុស្សដូច្នេះដែរ ប្រទេសជាតិមួយមានការអភិវឌ្ឍទៅបាន អាស្រ័យ លើមានធនធានមនុស្សគ្រប់គ្រាន់។

សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញយុទ្ធសាស្ត្រ និងផ្តល់តម្លៃលើការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា បានសង្កត់ធ្ងន់ថា «យើងត្រូវហ៊ានវិនិយោគ បើមិនហ៊ានទេ គឺមិនចាំបាច់និយាយដល់ការអភិវឌ្ឍទេ»

សម្តេចបន្ថែមថា ការដាំដើមឈើ និងដាំមនុស្ស [បណ្តុះបណ្តាលធនធានមនុស្ស] ខុសគ្នាឆ្ងាយណាស់ ដាំដើមឈើត្រឹមតែ ៥-៦ឆ្នាំ បានទទួលផល ប៉ុន្តែដាំមនុស្ស ត្រូវការពេលរហូតដល់ ១៦ឆ្នាំទើបទទួលបានសញ្ញាបត្របរិញ្ញាបត្រ, ១៨ឆ្នាំទើបបានបរិញ្ញាបត្រជាន់ខ្ពស់ និងជាង២០ឆ្នាំ ទើបបានបណ្ឌិត។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសអញ្ជើញ ជាអធិបតីពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ដាំដើមឈើដាំ ៥-៦ឆ្នាំយើងអាចទទួលផ្លែ ប៉ុន្តែដាំមនុស្ស ដើម្បីបានថ្នាក់បរិញ្ញាបត្រ យើងប្រើរយៈពេល ១៦ឆ្នាំ ដើម្បីបានបរិញ្ញាជាន់ខ្ពស់យើងប្រើពេល ១៨ឆ្នាំ ដើម្បីបានថ្នាក់បណ្ឌិតយើងប្រើពេលជាង២០ឆ្នាំ ហើយយើងត្រូវហ៊ានវិនិយោគ បើមិនហ៊ានទេ គឺមិនចាំបាច់និយាយដល់ការអភិវឌ្ឍទេ អត់មានធនធានមនុស្សមិនដឹងថាត្រូវធ្វើអ្វីទេ»

សម្តេចតេជោបានថ្លែងថា មកដល់បច្ចុប្បន្នរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងណាស់ ដើម្បីធ្វើយ៉ាងឲ្យប្រទេសកម្ពុជា មានធនធានមនុស្សគ្រប់គ្រាន់។ កាលពីសម័យឆ្នាំ១៩៧៩ អ្នកជាប់បរិញ្ញាបត្រសម្តេចអាចរាប់បាន ប៉ុន្តែពេលនេះ មិនអាចរាប់បានទេ គឺមានចំនួនច្រើនណាស់។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា នៅពេលនេះ កម្ពុជាបានដើរដល់ចំណុចមួយ ដែលទាមទារឲ្យមានការជំរុញទៅមុខបន្ថែមទៀត លើការធ្វើកម្រែទម្រង់វិស័យអប់រំ ដោយមិនអាចស្កប់ស្កល់ត្រឹមនេះទេ ធ្វើយ៉ាងណាឲ្យគុណភាពនៃការអប់រំ ក្នុងប្រទេសទទួលបានផលលើសពីពេលនេះ៕