Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនអ្នកសម្លាប់លោក កែម ឡី ក្រោយចោទប្រកាន់២ករណី ប្រឈមជាប់គុក១ជីវិត

13-07-2016 16:33

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក សេង លាង នៅវេលាម៉ោង១៦៖៣៣នាទីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ បានសម្រេចឃុំខ្លួនជនដៃដល់ ដែលបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យហើយ បន្ទាប់ពីតំណាងអយ្យការចោទប្រកាន់ជននេះ ចំនួន២ករណី ដែលធ្វើឱ្យរូបគេប្រឈម នឹងការជាប់ពន្ធនាគារមួយជីវិត។

ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ដែលទទួលចាត់ការសំណុំរឿងនេះ បានសម្រេចចោទប្រកាន់ជនដៃដល់សារភាពថា ខ្លួនឈ្មោះ «ជួប សម្លាប់» ចំនួន២ករណី ក្នុងនោះទី១ ពីបទឃាតកម្មគិតទុកជាមុន និងទី២ ជាបទ កាន់កាប់អាវុធគ្មានការអនុញ្ញាត ហើយបញ្ចប់ការសាកសួររបស់ខ្លួន កាលពីម៉ោង១០៖២០នាទីព្រឹកមិញ។

ជនដៃដល់ខាងលើដែលសមត្ថកិច្ចដេញចាប់ខ្លួនបាន នៅវិថីព្រះសុធារស ក្បែរវត្តស្វាយអំពែរនោះ ត្រូវបាន នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ អះអាងថា ជាឃាតករពិតប្រាកដ ដែលប៉ូលិសចាប់បានក្នុងពេលប្រព្រឹត្តបទល្មើសជាក់ស្តែង។ ជននេះបានសារភាពថា រូបគេមានឈ្មោះ ជួប សម្លាប់ អាយុ៣៨ឆ្នាំ ជាពលករខ្មែរនៅប្រទេសថៃ ហើយថាការបាញ់សម្លាប់លោក កែម ឡី ដោយសារតែជំពាក់ប្រាក់មិនសង។ ប៉ុន្តែសមត្ថកិច្ចហាក់ពុំទាន់ជឿថាជននោះ មានឈ្មោះពិតប្រាកដ ថា «ជួប សម្លាប់» ទេ។

សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ ត្រូវបានឃាតកចូលបាញ់សម្លាប់ ខណៈលោកអង្គុយទទួលកាហ្វេ នៅក្នុងស្តាម៉ាត នៃស្ថានីយ៍សាំងកាលតិចស្តុបបូកគោ កាលពីម៉ោង៨៖៥០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ លោក កែម ឡី ត្រូវបានឃាតកបាញ់ចំនួន២គ្រាប់ ដោយ១ចំក្បាល និងមួយគ្រាប់ទៀតចំដើមដៃធ្លាយ ទៅដល់ក្រោមដោះ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុតែម្តង៕