(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញបំណងចង់ឈរឈ្មោះបោះឆ្នោតធ្វើមេឃុំ នៅពេលដែលសម្តេចចាកចេញពីនាយករដ្ឋមន្រ្តី ដើម្បីស្វែងយល់ពីរបៀបធ្វើការរបស់មេឃុំ ស្មៀន ជាពិសេសស្ថានភាពនានានៅក្នុងមូលដ្ឋានជាដើម។

ការបង្ហាញពីបំណងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ពីវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានជាតិអប់រំ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកជួយកសាងសាលា ជួយកសាងផ្ទះគ្រូនៅតាមសាលាដែលជួយសង់អគារសិក្សា និងលើកទឹកចិត្តឱ្យមេឃុំនៅតាមឃុំនានា ជួយរៀបចំជាផ្ទះសម្បែងសម្រាប់គ្រូស្នាក់នៅ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញបំណងយ៉ាងដូ​ច្នេះថា៖ «ចាំបោះឆ្នោតនៅឆ្នាំ២០២៧ គិតឈរឈ្មោះធ្វើមេឃុំ នៅកន្លែងណាមួយសាកល្បងធ្វើមេឃុំប៉ុន្មានខែមើល រួចហើយចាំលាចេញ អាហ្នឹងក្នុងករណីខ្ញុំលាលែងពីនាយករដ្ឋមន្ត្រី បើមិនក្នុងករណីលាលែងទេណា បើក្នុងករណីដែលមិនទាន់លាលែង...! ខ្ញុំអត់មានសិទ្ធិតែងតាំងមេឃុំទេ ព្រោះមេឃុំតែងតាំងដោយការបោះឆ្នោត ប៉ុន្តែ ក៏ខ្ញុំចង់សាកល្បងដែរ នៅពេលណាដែលខ្ញុំចាក់ចេញពីតំណែងនាយករដ្ឋមន្ត្រី ជាលទ្ធភាពមួយដែលខ្ញុំអាចទៅឈរឈ្មោះជាមេឃុំ»

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការសាកល្បងធ្វើជាមេឃុំក៏អាចបានសិក្សាបន្ថែមពីរបៀបធ្វើការរបស់ស្មៀន និងមន្ត្រីមូលដ្ឋានផ្សេងៗទៀត ព្រមទាំងស្ថានភាពនៅតាមមូលដ្ឋានជាដើម។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកថា កាលពីមុនមេឃុំ គឺគាត់បានបំពេញភារកិច្ចរបស់ខ្លួនស្ទើរគ្រប់រឿងនេះ បើយោងទៅលើអ្វីដែលសម្តេចបានចុះនៅតាមមូលដ្ឋាននៅទសវត្សរ៍៨០ កាលណោះសង្កេតឃើញថា មេឃុំគាត់ធ្វើការងារគ្រប់រឿងទាំងអស់ ហើយរហូតពេលខ្លះប្រពន្ធជេរក៏មានដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកទៅដល់មន្ត្រីដែលចុះនៅតាមមូលដ្ឋានសូមកុំឱ្យ មន្ត្រីមូលដ្ឋានប្រើពាក្យ «ខាងលើចុះទៅមូលដ្ឋានប៉ាវ ដល់មូលដ្ឋានឡើងមក មូលដ្ឋានប៉ាវ ថ្នាក់ដឹកលើទៀត»

«មានរឿងច្រើនណាស់ អាហ្នឹងដល់ពេលណាខ្ញុំឈប់ធ្វើនាយករដ្ឋមន្ត្រីទៅគេហៅខ្ញុំទៅប្រាប់ សួរពីបទពិសោធន៍ ខ្ញុំដាក់ឱ្យគេសួរតែម្តងនូវបទពិសោធន៍អ្វីខ្លះកើតឡើងដែលលោកមេឃុំឯងជួបប្រទះ»។ នេះជាលើកឡើងបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន៕