(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ចាប់ពីអាយុ២៥ឆ្នាំមក សម្តេចបានតាំងចិត្តថា លែងស្តាប់អ្នកទាំងអស់គឺមានតែប្រជាជនតែមួយគត់ដែលមានលទ្ធភាពឱ្យសម្តេចបម្រើ ក្រៅពីនោះអ្នកនយោបាយណាក៏មិនជឿដែរព្រោះនៅពេលដែលសម្តេចចូលបម្រើ ស្រាប់តែចង់ធ្វើរដ្ឋប្រហារហើយចង់កាប់សម្លាប់ប្រជាជនខ្លួនឯងទៅវិញ។
ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានជាតិអប់រំ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំចាប់ផ្តើមអាជីពពិតប្រាកដជាអ្នកនយោបាយ ដឹកនាំតែម្តងពីអាយុ២៥ឆ្នាំ ហើយពីអាយុ ១៨ឆ្នាំ ដល់អាយុ ២៥ឆ្នាំ គឺជាដំណាក់កាលដែលគេប្រើ ធ្វើកូនទាហ៊ានគេ ហើយចាប់ពីអាយុ២៥ឆ្នាំមក ខ្ញុំតាំងថាលែងស្តាប់អាណាទាំងអស់ គឺមានតែប្រជាជនមួយគត់ដែលមានលទ្ធភាពឱ្យខ្ញុំបម្រើ ក្រៅពីនោះអ្នកនយោបាយណាក៏ខ្ញុំមិនជឿដែរ ព្រោះសុខៗទៅធ្វើរដ្ឋប្រហារ ឯងទៅខំចូលបម្រើ រួចហើយមកចង់កាប់សម្លាប់ប្រជាជន ដល់ចឹងគឺចាប់ផ្តើមដកខ្លួន ខ្ញុំអត់ដែលធ្វើកូនចៅអ្នកណាទេ កុំអ្នកណាមកតាំងខ្លួនជាមេ ហ៊ុន សែន នោះ»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា នៅថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ រហូតមកដល់ម៉ោងនេះគ្មានអ្នកណាមួយដែលហ៊ានអះអាងថាជាមេរបស់សម្តេចនោះទេ ហើយបើសម្តេចជាមេគេគឺមាន។ តាំងពីឆ្នាំ១៩៧៧មក មិនមានអ្នកណាជាមេរបស់សម្តេចនោះទេ ក្នុងនោះឯកសារដែលសរសេរជាការអប់រំដល់កងទ័ព គឺសម្តេចជាអ្នកធ្វើទាំងអស់ ហើយមិនមានអ្នកណាត្រូវមកធ្វើមេសម្តេចនោះទេ ក្នុងនោះបទពិសោធន៍ដែលសម្តេចធ្វើជាមេគេគឺមានច្រើន តែមិនមែនជាបទពិសោធន៍អាក្រក់នោះ គឺជាបទពិសោធន៍ដែលអាចផ្តល់ឱ្យបាន។
ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា ដោយសារសមត្ថភាពវិភាគរបស់មន្ត្រីមួយចំនួននៅមានភាពខ្សោយ ហើយនៅពេលខាងមុខគណបក្សប្រជាជន អាចនឹងបើកវគ្គបណ្តុះបណ្តាល ខណៈដែលឥលូវនេះបានបើកហើតែនៅមានទ្រឹស្តី ៣ ដែលមិនទាន់បានបង្រៀន ហើយសម្តេចនឹងបង្រៀនដោយខ្លួនឯង ដែលទ្រឹស្តីនោះមានដូចជា ទី១៖ សម្ភារៈនិយមវីចារវិទ្យា ដើម្បីដាក់ជាគ្រឹះឱ្យមន្ត្រីចេះធ្វើការវិភាគ, ទី២៖ សម្ភារៈនិយមប្រវត្តិសាស្ត្រ ដើម្បីដាក់ជាគ្រឹះសម្រាប់រឿងវិភាគឱ្យបានត្រឹមត្រូវតាមសភាពការ និងទី៣៖ វីធីសាស្ត្រដឹកនាំ និងធ្វើការងារ ដែលជាឯកសារដែលសម្តេចបានសរសេរដោយផ្ទាល់នៅក្នុងឆ្នាំ១៩៨៣ នឹងបានយកទៅបង្រៀនដល់មន្ត្រីជាន់ខ្ពស់ជាច្រើនរូបផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានអះអាងដែរថា វិធីសាស្ត្រក្នុងការវិភាគរបស់សម្តេចបានប្រើវិធីសាស្ត្រ៣ មានដូចជា៖ សម្ភារៈនិយមវីចារវិទ្យា, ទស្សនៈប្រវត្ថិសាស្ត្រ និងកត្តវិទ្យា( Logic) ហើយតាមរយៈវិធីសាស្ត្រ ៣នេះ បានធ្វើឱ្យសម្តេចកម្រនឹងធ្វើការវិភាគនិងវាយតម្លៃខុសណាស់ ហើយក្នុងគណបក្សប្រជាជនគឺបានគោរពទៅតាមការវាយតម្លៃរបស់សម្តេចទៅលើសភាពការនានាផងដែរ៕