(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងជីវិតនយោបាយសម្តេចបានបំបែកឯកទគ្គកម្មចំនួន៣ ក្នុងនោះរួមមាន៖ រដ្ឋមន្ត្រីការបរទេសក្មេងជាងគេ, នាយករដ្ឋមន្ត្រីក្មេងជាងគេ និងនាយករដ្ឋមន្ត្រីដែលធ្វើយូរជាងគេលើពិភពលោក។
ការថ្លែងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ពីវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានជាតិអប់រំ។
សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្រាប់ដំណើរការប្រទេសជាតិគ្មានអ្វីកន្លងផុតសម្តេចនោះទេ ព្រោះសម្តេចបានធ្វើការក្នុងរដ្ឋាភិបាល និងកាន់អំណាចក្នុងជួររដ្ឋាភិបាលមិនដាច់រយៈចាប់តាំងពីថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ តាមតាំងពីរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងទទួលតំណែងជានាយករដ្ឋមន្ត្រី ជាង៣៨ឆ្នាំ បូករូមទាំងទទួលតំណែងជារដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រី គឺមានរយៈពេលជាង៤៤ឆ្នាំ ដូច្នេះនៅលើពិភពលោកមិនមានករណីបែបនេះនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ព្រោះខ្ញុំស្ថិតនៅក្នុងគ្រប់ដំណាក់កាល ឆ្លងកាត់គ្រប់សភាពការណ៍ និងឆ្លងកាត់គ្រប់ហេតុការណ៍...! ដូចខ្ញុំនិយាយអ៊ឹចឹង ខ្ញុំបានបំបែកឯកទគ្គកម្មរហូតដល់៣, ឯកទគ្គកម្មទី១ ជារដ្ឋមន្ត្រីការបរទេសដែលក្មេងជាងគេលើពិភពលោក, ឯកទគ្គកម្មទី២ ជានាយករដ្ឋមន្ត្រី ដែលក្មេងជាងគេលើពិភពលោក និងឯកទគ្គកម្មទី៣ គឺជានាយករដ្ឋមន្ត្រីដែលធ្វើបានយូរជាងគេលើពិភពលោក»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកដែលចង់ដណ្តើមធ្វើជានាយករដ្ឋមន្ត្រីពីសម្តេច គឺតឹងទ្រូងស្ទើរចង់ងាប់ទៅហើយ។
ជាសច្ចៈភាពមិនអាចប្រកែកបាន ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេល៣៨ឆ្នាំ មិនត្រឹមតែជំរុញការរីកចម្រើនសេដ្ឋកិច្ចជាតិ និងប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែសម្តេចបានដាក់ចេញនយោបាយការបរទេសយ៉ាងរស់រវើក។ តាមរយៈនយោបាយការបរទេសដ៏ប៉ិនប្រសប់នេះ បានធ្វើឱ្យកម្ពុជាប្រែក្លាយពីប្រទេសធ្លាប់គេជួយដោះស្រាយវិបត្តិ ទៅជាប្រទេសរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយវិបត្តិរបស់តំបន់ និងពិភពលោកវិញ។
ជាក់ស្តែងឆ្នាំ២០២២ ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជាបានដើរតួនាទីយ៉ាងអស្ចារ្យក្នុងការរួមចំណែកដោះស្រាយបញ្ហាដ៏ស្មុគស្មាញរបស់ពិភពលោក។ បណ្តាប្រទេសទាំងតូចធំក្នុងតំបន់ និងពិភពលោក បានជួបជុំគ្នាលើទឹកដីកម្ពុជា ដើម្បីជជែកពិភាក្សា និងដាក់ចេញនូវដំណោះស្រាយនានា។ តាមរយៈភាពជាប្រធានអាស៊ានឆ្នាំ២០២២ ធ្វើឱ្យមានការស្ញប់ស្ញែង និងកោតសរសើរអំពីតួនាទីរបស់កម្ពុជា ដែលជាការលើកតម្កើងនូវកិត្យានុភាពរបស់កម្ពុជាយ៉ាងត្រដែតមិនធ្លាប់មាន។
ក្នុងតំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានកាន់ចង្កូតនាវាកម្ពុជាយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្តារ និងនាំប្រទេសដ៏កម្សត់មួយនេះឆ្ពោះមកកាន់ទំព័រសករាជថ្មី ដែលមានការអភិវឌ្ឍលើគ្រប់វិស័យគួរឱ្យកត់សម្គាល់ និងបានជួយឲ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរផងដែរ។ កសាងនូវកិត្តិយស កិត្តិនាមពោរពេញដោយមោទនភាព និងក្តីសង្ឃឹមសម្រាប់វឌ្ឍនភាព និងការរីកចម្រើន។
តាមរយៈសារនយោបាយនានា នាយករដ្ឋមន្ត្រីរបស់កម្ពុជា បានកំពុងកំណត់គោលដៅរបស់ខ្លួនរុញនាវាកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ខណៈគម្រោងវិនិយោគធំៗជាមួយទុនរាប់ពាន់លានដុល្លារជាច្រើន កំពុងលេចចេញជារូបរាងនាពេលបច្ចុប្បន្ន៕