(ភ្នំពេញ)៖ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា វិធានការប្រឡងបាក់ឌុប នៅឆ្នាំ ២០១៦នេះ នឹងនៅតែតឹងរឹងដូចឆ្នាំមុនៗដដែល ពោលគឺ គ្មានការបន្ធូរបន្ថយអ្វីឡើយ។
លោកបន្តថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងដាក់ពង្រាយសកម្មជនអង្កេតការណ៍ នៅពេលប្រឡងបាក់ឌុប ដូចរៀងរាល់ឆ្នាំដែរ។ នេះបើយោងតាមការចុះផ្សាយនៅលើ Facebook ផ្លូវការរបស់ក្រសួង អប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ។
នេះជាឆ្នាំទី៣ហើយ ដែលក្រសួងអប់រំ យុវជន និងកីឡា ធ្វើការកែទម្រង់លើការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ«ប្រឡងបាក់ឌុប» ដោយមានការរឹងបន្តឹងលើការប្រឡងដើម្បីទទួលបាន ធនធានមនុស្ស និងសមត្ថភាពពិតប្រាកដពីសិស្សានុសិស្ស នៅទូទាំងប្រទេស។ ក្រោយពីមានរឹតបណ្តឹង ២ឆ្នាំកន្លងមកនេះ អាត្រាភាគរយនៃចំនួនសិស្សប្រឡង ជាប់បាក់ឌុបមានមិនច្រើន ដូចពេលមិនទាន់ធ្វើកំណែទម្រង់ទេ។
ក្រៅពីការបញ្ជាក់ពី វិធានការប្រឡងបាក់ឌុប នៅឆ្នាំ២០១៦នេះ Facebook Page ផ្លូវការរបស់ក្រសួង អប់រំ យុវជន និងកីឡា បានជូនដំណឹងពីបញ្ជីឈ្មោះបេក្ខជនតាមលំដាប់អក្ខរក្រមនាមត្រកូល តាមមណ្ឌលប្រឡង ដែលនឹងត្រូវប្រកាសផ្សព្វផ្សាយ លើទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ របស់ក្រសួង (facebook.com/moeys.gov.kh) នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះផងដែរ ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៥ បេក្ខជនប្រឡងជាប់បាក់ឌុបមានសរុបជិត ៥ម៉ឺននាក់ ក្នុងចំណោមសិស្សប្រឡងជាង ៨ម៉ឺននាក់ ដែលមានអត្រាជាប់ជិត ៥៦ភាគរយ។ ចំណែកឯ ការប្រឡងកាលពី ឆ្នាំ២០១៤ កាលពី ឆ្នាំ២០១៤ គឺមានការប្រឡងចំនួន២លើក ក្នុងការប្រឡងបាក់ឌុបលើក ទី១ មានបេក្ខជនប្រឡងជាប់តែចំនួន ២៣១២៦ នាក់ប៉ុណ្ណោះ ដែលស្មើនឹង ២៥,៧២ ភាគរយនៃចំនួន បេក្ខជនចូលរួមប្រឡង សរុបចំនួន ៨៩៩៣៧ នាក់ហើយ ការប្រឡងនេះមានសិស្សជាប់និទ្ទេស «A» ត្រឹមតែ ១១ នាក់ប៉ុណ្ណោះ។ ចំណែកឯការប្រឡងលើក ទី២ មានសិស្សប្រឡងជាប់ចំនួន ១៧,៩៤ ភាគរយ ក្នុងចំណោមបេក្ខជនដែលប្រឡងសរុបជាង ៦៨ ០០០ នាក់៕