(ភ្នំពេញ)៖ លោក Tom Malinowski ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ (DRL) នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី១៨-១៩ ខែកក្កដា ឆ្នាំ២០១៦ សប្តាហ៍ក្រោយនេះ។ នេះបើតាមការប្រកាសរបស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា។
ការធ្វើទស្សនកិច្ចនៅកម្ពុជា របស់មន្រ្តីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សអាមេរិករូបនេះ បានធ្វើឡើងស្របពេលដែល មានឃាតកម្មទៅលើ លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងស្រាវជ្រាវបញ្ហាសង្គម ដែលធ្វើឱ្យភ្ញាក់ផ្អើលដល់ក្នុង និងក្រៅប្រទេសនាថ្មីៗនេះ ប៉ុន្តែស្ថានទូតអាមេរិក គ្រាន់តែបញ្ជាក់ថា ក្នុងទស្សនកិច្ចនេះ មានគោលបំណង ដើម្បីបញ្ជាក់ពីសារសំខាន់ នៃសិទ្ធិមនុស្ស នៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ប៉ុណ្ណោះ។
តាមសេចក្តីប្រកាស, ក្រោយពេលមកដល់កម្ពុជា នៅថ្ងៃទី១៨ កក្កដា លោកឧបការីរដ្ឋមន្រ្តី Malinowski នឹងជួបជាមួយមន្រ្តីរដ្ឋាភិបាលកម្ពុជា សមាជិកនៃគណបក្សប្រឆាំង ក្រុមសង្គមស៊ីវិលក្នុងស្រុក និងតំណាងទីភ្នាក់ងារអន្តរជាតិ ដើម្បីពិភាក្សាពីសារសំខាន់ នៃការបោះឆ្នោតដែលមានភាពសេរី និងយុត្តិធម៌ នៅកម្ពុជា។ បន្ថែមពីនេះ លោកនឹងរំលឹកឲ្យកម្ពុជាលើកកម្ពស់ បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ហើយធានាការការពារអង្គការសិទ្ធិមនុស្ស។ លោកឧបការីរដ្ឋមន្រ្តី នឹងទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ដើម្បីស្វែងយល់បន្ថែមទៀតពីប្រវត្តិសាស្រ្ត នៃអតីតពន្ធនាគារ និងមជ្ឈមណ្ឌលសួរចំលើយនេះ។
ចំណែកនៅថ្ងៃទី១៩ កក្កដា លោកឧបការីរដ្ឋមន្រ្តី Malinowski នឹងចូលរួមនៅក្នុងការសំណេះសំណាលជាមួយយុវជនកម្ពុជា លើប្រធានបទនៃការបោះឆ្នោត នៅសហរដ្ឋអាមេរិក ដែរនឹងប្រព្រឹត្តទៅ នៅបណ្ណាល័យនៃស្ថានទូតអាមេរិក ក្នុងសាកលវិទ្យាល័យបញ្ញាសាស្រ្ត បរិវេណខាងត្បូង ហើយអ្នកចូលរួមមានសមាជិកនៃក្រុមប្រឹក្សាយុវជន ឯកអគ្គរដ្ឋទូតអាមេរិក សមាជិកនៃកម្មវិ ធីរបស់លោកប្រធានាធិបតីអូបាម៉ា ដែលមានឈ្មោះថា «គំនិតផ្តួចផ្តើមស្តីពីមេដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ (YSEALI)» និងមានបំណងពង្រឹងការអភិវឌ្ឍភាពជាអ្នកដឹកនាំ ការទំនាក់ទំនងគ្នាជាបណ្តាញ នៅក្នុងចំណោមយុវជននៅអាស៊ីអាគ្នេយ៍៕