(ភ្នំពេញ)៖ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានថ្លែងថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចខេត្ត ដែលគិតក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ផលិតផលដែលផលិតបានក្នុងវិស័យកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ផ្តល់ចំណូលបានប្រមាណពី៧០០ទៅ៨០០លានដុល្លារ ដែលបានចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចរបស់ខេត្តស្ទឹងត្រែងទាំងមូល និងរួមចំណែកក្នុងកំណើន GDP ក្នុងរង្វង់ពី៦៧ទៅ៦៩%ក្នុងមួយឆ្នាំ។
លោក ទុំ នីរ៉ូ ថ្លែងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តស្ទឹងត្រែង» រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។
លោកបានឱ្យដឹងថា ក្នុងចំណោមវិស័យដែលមានសក្តានុពលសំខាន់ៗរបស់រដ្ឋបាលខេត្តស្ទឹងត្រែង វិស័យកសិកម្មជាវិស័យអទិភាពមួយដែលមានតួនាទីសំខាន់ក្នុងការធានាសន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត។ វិស័យកសិកម្ម នៅខេត្តស្ទឹងត្រែងមានកំណើនជាមធ្យមក្នុងរង្វង់ពី៦%ទៅ៧% ក្នុងមួយឆ្នាំ បានរួមចំណែកមួយភាគធំទៅលើផលិតផលក្នុងស្រុកសរុបរបស់ខេត្ត(GDP)ដែលមានប្រមាណពី៦៧%ទៅ ៦៩%។
លោកបានគូសបញ្ជាក់ថា បើទោះបីជាខេត្តស្ទឹងត្រែងមិនមែនជាខេត្តដែលមានសក្តានុពលលើការដាំដុះដំណាំស្រូវ ប៉ុន្តែខេត្តនេះជាតំបន់ដែលមានសក្តានុពលទៅលើដំណាំកសិឧស្សាហកម្ម ដូចជាស្វាយចន្ទី ដំឡូងមី កៅស៊ូ និងស្វាយជាដើម។
លោកមានប្រសាសន៍ថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ស្វាយចន្ទីបានផ្តល់ទិន្នផល ប្រមាណ៩០ពាន់ទៅ១០០ពាន់តោន និងផ្តល់ចំណូលបានជាង១០០លានដុល្លារ។ ចំណែកដំណាំដំឡូងមី មានកំណើនគួរឱ្យកត់សម្គាល់ គិតត្រឹមឆ្នាំ២០២២ ផ្ទៃដីដំណាំដំឡូងមីមានប្រមាណជាង២ម៉ឺន៥ពាន់ហិកតា និងផលិតបានជាង១លាន៦សែនតោន ដែលផ្តល់ថវិកាប្រមាណជាង២០០លានដុល្លារក្នុងរយៈពេល៥ឆ្នាំនេះ ដែលបានចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចរបស់ខេត្តស្ទឹងត្រែង។
ទន្ទឹមគ្នានេះ ដំណាំកៅស៊ូ ក៏មានកំណើនគួរឱ្យកត់សម្គាល់ផងដែរ ដោយក្នុងមួយឆ្នាំៗ ដំណាំកៅស៊ូបានផ្តល់ផលជាង២ម៉ឺនតោន និងទទួលបានចំណូលប្រមាណជាង២០លានដុល្លារ ខណៈស្វាយផលិតបានជាង១០០ពាន់តោន ដែលផ្តល់ចំណូលជាង៣០លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំនេះ។
រីឯការចិញ្ចឹមសត្វវិញ ទទួលបានចំណូលប្រមាណ២០០លានដុល្លារ និងវិស័យជលផលផ្តល់ទិន្នផលប្រមាណ៤ពាន់តោន ក្នុងមួយឆ្នាំៗ និងទទួលបានចំណូលប្រមាណ១៥០លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំនេះ ។
បើតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តស្ទឹងត្រែង គិតត្រឹមឆ្នាំ២០២២ ផ្ទៃដែលបាននិងកំពុងដាំដុះដំណាំកសិកម្ម ក្នុងខេត្តស្ទឹងត្រែង មានចំនួនជាង១០០ពាន់ហិកតា ក្នុងនោះផ្ទៃដីដាំស្រូវមានប្រមាណជាង២៧ពាន់ហិកតា ,ផ្ទៃដីដាំស្វាយចន្ទី មានចំនួន៤៤ពាន់ហិកតា,ផ្ទៃដីដាំកៅស៊ូ មានចំនួនជាង១៣ពាន់ហិកតា, ផ្ទៃដីដាំដំឡូងមី ជាង២៥ពាន់ហិកតា, ផ្ទៃដាំសម្រាប់ដាំស្វាយមានចំនួនជិត៤ពាន់ហិកតា និងផ្ទៃដីសម្រាប់ដំណាំរួមផ្សំផ្សេងៗទៀត មានជាង៤ពាន់ហិកតា៕