(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្កៀង និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ បានលើកឡើងថា ការអភិវឌ្ឍន៍ប្រទេសជាតិ ត្រូវការការចូលរួមពីក្មួយៗកម្មករ កម្មការនី ទើបមានការរីកចម្រើនលើគ្រប់វិស័យ។ ដោយឡែកនិវត្តន៍ជន គឺជារៀមច្បង និងជាតួអង្គយ៉ាងសំខាន់ ដែលបានខិតខំត្រួសត្រាយផ្លូវ នាំមកនូវសុខសន្តិភាព ហើយបើគ្មានពួកគាត់ទេនោះ ក៏យើងគ្មានថ្ងៃនេះដែរ យើងត្រូវទទួលស្គាល់នូវការពិត។

លោកបានលើកឡើងបែបនេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករ កម្មការនី ក្នុងស្រុកបាកាន ចំនួន១២០០នាក់ នៅស្នាក់ការគណបក្សស្រុក និងក្នុងឱកាសជួបសំណេះសំណាល ជាមួយនិវត្តន៍ជន អតីតកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីរាជការ មកពី១១ឃុំ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន៤២០នាក់ នៅស្នាក់ការគណបក្សស្រុក ដោយបានការចូលរួមពី លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត និងក្រុមការងារមួយចំនួនទៀត។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោក កែវ រតនៈ បានថ្លែងថា ការជួបជុំគ្នានេះ ធ្វើឡើងដើម្បី បង្កឱកាសជួបជុំពិភាក្សាស្វែងយល់ អំពីបញ្ហាប្រឈមមួយចំនួន និងបានប្រាស្រ័យសំណេះសំណាលគ្នាទៅវិញទៅមក ក្នុងន័យបង្កើននូវភាពស្និទ្ធស្នាល ឲ្យកាន់តែស៊ីជម្រៅមួយកម្រិតថែមទៀត។ ជាមួយគ្នានោះ ក៏សូមថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់កម្មករ កម្មការិនី ដែលបាននឹងកំពុងបម្រើការងារ នៅតាមរោងចក្រ ទាំងនៅក្នុងស្រុកបាកាន និងបណ្តាស្រុកផ្សេងៗទៀត ចំនួន១២០០នាក់ និងនិវត្តន៍ជន ជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មកពី១១ឃុំ ក្នុងស្រុកក្រគរ ចំនួន៤២០នាក់។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក៏បានជម្រាបជូន អំពីប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា និងការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានបញ្ជាក់ថា គ្រប់គោលនយោបាយ និងគ្រប់សកម្មភាពរបស់រាជរដ្ឋាភិបាល គឺធ្វើឡើងដើម្បីតែផលប្រយោជន៍ ថែរក្សាការពារស្ថិរភាព បូរណភាព ឯករាជ្យ សន្តិភាព និងការអភិវឌ្ឍន៍ជាតិ។ លោកបានចាត់ទុកថា កម្មករ កម្មការនី នៅក្នុងស្រុកបាកាន ក៏ដូចរៀបច្បង ជានិវត្តន៍ជនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ នៅក្នុងស្រុកក្រគរគ្រប់ៗរូប គឺជាកម្លាំងចលករដ៏មានសារៈសំខាន់របស់ជាតិ ប្រសិនបើយើងមិនបានយល់ដឹងពីតម្លៃសន្តិភាព និងការអភិវឌ្ឍន៍ទេនោះ អាចបង្កចនាចលក្នុងសង្គម រោងចក្រ សហគ្រាសត្រូវបិទ ជីវភាពប្រជាពលរដ្ឋជួបកង្វះខាតជាក់ជាមិនខាន ដូចនេះចាំបាច់ណាស់ត្រូវចូលរួមការពារសន្តិភាព ដែលជាការតព្វកិច្ចរបស់យើងទាំងអស់គ្នា នៅក្នុងសង្គមជាតិទាំងមូល។ គោលដៅរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានកិច្ចការជាច្រើនត្រូវបំពេញ និងធ្វើការអភិវឌ្ឍន៍ ក្នុងនោះក៏មានខេត្តពោធិ៍សាត់យើងផងដែរ ឲ្យកាន់តែលេចធ្លោរមួយកម្រិតថែមទៀត ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

ពិតណាស់ថា ក្មួយៗកម្មករ កម្មការនី គឺជាធនធានមនុស្ស សម្រាប់បន្តវេណ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ដោយឡែកនិវត្តន៍ជនជាមន្ត្រីរាជការ កងម្លាំងប្រដាប់អាវុធទាំង៣វិញ គឺជារៀមច្បង ជាតួអង្គយ៉ាងសំខាន់ ដែលបានខិតខំត្រួសត្រាយផ្លូវ នាំមកនូវសុខសន្តិភាព។ ពេលនេះពួកគាត់ទាំងអស់ បានចប់ភារកិច្ចបម្រើជាតិ តែទោះជាយ៉ាងនេះ សូមកុំឲ្យអស់សង្ឃឹមក្នុងជីវិត ព្រោះសង្គមជាតិ ត្រូវការពួកគាត់ជួយបំពេញការតព្វកិច្ច និងជួយជ្រោមជ្រែងការងារ ដល់អ្នកជំនាន់ក្រោយ បើគ្មានពួកគាត់ទេនោះ យើងក៏គ្មានថ្ងៃនេះដែរ យើងត្រូវទទួលស្គាល់នូវការពិត។

លោកក៏បានអំពាវនាវសូមឲ្យក្មួយៗកម្មករ កម្មការិនី និងនិវត្តន៍ជន អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឲ្យបានគ្រប់ៗគ្នា។ នៅក្នុងខណៈនោះកម្មករ កម្មការនី ចំនួន១២០០នាក់ ដោយក្នុងម្នាក់ៗមី១កេស កន្សែង១ និងថវិកា២ម៉ឺនរៀល និងនិវត្តន៍ជន៤២០នាក់ ក្នុងម្នាក់ៗអង្ករ២០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរនិងថវិកា៤ម៉ឺនរៀល៕