(ពោធិ៍សាត់)៖ លោក កែវ សុធា ជាម្ចាស់អាហារដ្ឋាន វាលស្រែដួងចិត្ត នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ បានថ្លែងថា ក្នុងនាមជាម្ចាស់អាហារដ្ឋានដែលមានទំនួលខុសត្រូវ ខ្ញុំដឹងថាការលក់សាច់សត្វព្រៃឱ្យអតិថិជនរបស់ខ្ញុំ អាចឆ្លងជំងឺជាច្រើនប្រភេទ ហើយនឹងធ្វើឱ្យពួកគាត់ប្រឈមនឹងហានិភ័យ»។
ថ្លែងក្នុងឱកាសអញ្ជើញជាតំណាងម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានចំនួន១០ ដែលប្រកាសមិនធ្វើមុខម្ហូបចេញពីសាច់សត្វព្រៃ ក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យលើកទី២ នៅទីរួមស្រុកវាលវែង នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ, លោក កែវ សុធា បានបន្តថា ដោយសារតែបរិស្ថានរស់នៅរបស់ពួកគាត់មានការគ្រប់គ្រងតិចជាងសត្វ ដែលចិញ្ចឹម នៅក្នុងកសិដ្ឋាន សត្វព្រៃងាយនឹងឆ្លងប៉ារ៉ាស៊ីត មេរោគ និងគ្រោះថ្នាក់ផ្សេងទៀត ដែលរកមិនឃើញនៅក្នុងសាច់សត្វដែលចិញ្ចឹមក្នុងកសិដ្ឋាន។ ចាំថាជំងឺកូវីដ១៩ ប៉ះពាល់ដល់យើងអស់រយៈពេលជាង ២ ឆ្នាំ។
លោកបានបញ្ជាក់ថា៖ «ស្រុកវាលវែង មានសក្តានុពលច្រើន។ យើងអាចការពារព្រៃឈើ និងសត្វព្រៃរបស់យើង ហើយយើងនឹងនៅតែរីកចម្រើន។ យើងអាចធ្វើកសិកម្ម និងផ្សព្វផ្សាយស្រុករបស់យើងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយយើងបន្តអប់រំសមាជិកសហគមន៍ សាច់ញាតិ គ្រួសារ និងកុមារ ដើម្បី ការពារបរិស្ថានរបស់យើងឥឡូវនេះ»។
លោកក៏បានបង្ហាញការជឿជាក់ និងគាំទ្រយុទ្ធនាការអន្ទាក់សូន្យ បញ្ឈប់ការជួញដូរសត្វព្រៃ លោកនឹងបន្តការពារព្រៃឈើ និងសត្វព្រៃ និងជួយសហគមន៍របស់លោកឱ្យយល់ពីសារៈសំខាន់នៃធនធានធម្មជាតិរបស់យើង។
លោក នេត ភក្ត្រា បានឱ្យដឹងថា បានឱ្យដឹងថា ភោជនីយដ្ឋានចំនួន១៩ នៅក្នុងស្រុកវាលវែង និងនៅទីរួមខេត្តពោធិ៍សាត់ ត្រូវបានប្រកាសជាភោជនីយដ្ឋាន មិនលក់មុខម្ហូបធ្វើពីសាចសត្វព្រៃ ដល់អតិថិជនរបស់ខ្លួននោះទេ ដែលក្នុងនោះភោជនីយដ្ឋាន ក្នុងស្រុកវាលវែង ចំនួន១០ និងនៅទីរួមខេត្តពោធិ៍សាត់ចំនួន៩។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា៖ «គិតមកដល់ពេលនេះមានភោជនីយដ្ឋាន និងអាហារដ្ឋានសរុបចំនួន៧១ ហើយ នៅក្នុងខេត្ត គោលដៅ នៃយុទ្ធនាការអន្ទាក់សូន្យ ដែលបានប្រកាសមិនលក់មុខម្ហូបពីសាច់សត្វព្រៃទៅដល់អតិថិជនរបស់ខ្លួនោះទេ»។
លោក នេត ភក្ត្រា បានគូសបញ្ជាក់ថា៖ «យើងខ្ញុំជឿជាក់ថាម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាននានានឹងចូលរួមហើយ និងផ្លាស់ប្តូរឥរិយាបថមិនបន្តបរិភោគសាច់សត្វព្រៃ និងងាកមកចូលរួមការពារ និងអភិរក្សស្រឡាញ់សត្វព្រៃ ដែលជាសម្បត្តិធម្មជាតិរបស់ យើង ឱ្យនៅគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយទៀត។ គ្មានតម្រូវការគ្មានការផ្គត់ផ្គង់នោះការដាក់អន្ទាក់ និងការបរបាញ់សត្វព្រៃនឹងថយចុះសូមចូលរួមទាំងអស់គ្នា»៕