(ភ្នំពេញ)៖ បន្ទាប់ពីបានដឹងថា មានបុរសកម្សត់ម្នាក់ ដែលមានជីវភាពក្រីក្រតោកយ៉ាក គ្មានប្រាក់រៀបចំបុណ្យសពប្រពន្ធ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី បានទៅចូលរួម រំលែកមរណទុក្ខ និងនាំយកបច្ច័យចំនួន១លានរៀល អង្ករ ១០០គីឡូក្រាម មី៥កេស ទឹកក្រូច៥កេស និងត្រីខ៥០កំប៉ុង សម្រាប់ចូលបុណ្យ៧ថ្ងៃផងដែរ។

លោកស្រីអគ្គលេខាធិការរងទី១ បានថ្លែងផ្តាំផ្ញើនូវការចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់ភរិយា ម្តាយ និងសាច់ញាតិជាទីស្រឡាញ់ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

លោក ចាន់ មុន្នី អាយុ៥៤ឆ្នាំ ត្រូវជាស្វាមីនៃសព បានឱ្យដឹងថា ភរិយារបស់លោកឈ្មោះ ឃឹម ជីន ជាជនពិការដោយសារជំងឺលើសឈាម រយៈពេល៧ឆ្នាំមកហើយ ហើយបានទទួលមរណភាព​នៅ​ពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ ក្នុងជន្មាយុ ៥៥ឆ្នាំ។ គ្រួសាររបស់លោក មានជីវភាពក្រខ្សត់ជាខ្លាំង និងមិនមានលទ្ធភាព ធ្វើបុណ្យឱ្យប្រពន្ធតាមប្រពៃណីទេ ប៉ុន្តែក្រុមគ្រួសារលោក បានទទួលថវិកាឧបត្ថម្ភពី លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ សម្រាប់ថ្លៃបូជាសព។

លោក ចាន់ មុន្នី ក៏បានសំដែងនូវក្តីរំភើបឥតឧបមា និងអរគុណជាខ្លាំង ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគមួយចំនួន និងថវិកាចំនួន ១លានរៀល សម្រាប់សម្រាលការលំបាក ក្នុងការចាត់ចែងរៀបចំបុណ្យ ៧ថ្ងៃ នៅពេលខាងមុខនេះ៕⁠⁠⁠⁠