(ភ្នំពេញ)៖ ត្រីបបែលយក្សធំជាងគេបង្អស់នៅលើពិភពលោកទម្ងន់ប្រមាណ៣០០គីឡូក្រាម ដែលបានជាប់សន្ទួចប្រជានេសាទនៅខេត្តស្ទឹងត្រែង កាលពីពេលកន្លងទៅនេះ ត្រូវបានមន្ដ្រីជំនាញបំពាក់ឧបករណ៍តាមដានជាប់ខ្លួន មុនលែងចូលទឹកទន្លេវិញ ដើម្បីតាមដានការរស់នៅប្រចាំថ្ងៃរបស់ត្រីបបែលយក្សកម្រប្រភេទនេះ។
នេះបើតាមការឲ្យដឹងពី លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំរបស់រដ្ឋបាលខេត្តស្ទឹងត្រែង»។
លោក ទុំ នីរ៉ូ បានអះអាងថា ត្រីបបែលយក្សដែលមានប្រវែងជាង២ម៉ែត្រ និងទម្ងន់រហូតដល់ប្រមាណ៣០០គីឡូក្រាមនេះ គឺមិនដែលមានទេនៅលើពិភពលោក ពោលទើបតែត្រូវបានប្រទះឃើញជាប់សន្ទួចរបស់ប្រជានេសាទ នៅខេត្តស្ទឹងត្រែងនេះ។ ដោយមើលឃើញពីភាពកម្រនេះហើយ បានជាមន្ដ្រីជំនាញបំពាក់ឧបករណ៍តាមដានជាប់នឹងខ្លួនវា មុនលែងចូលទឹកវិញ ដើម្បីតាមដានការវិវឌ្ឍ និងការរស់នៅប្រចាំថ្ងៃរបស់វា។
បើតាមលោកប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង, ត្រីបបែលយក្សនេះជាប្រភេទសត្វដែលរស់នៅជ្រៅៗ ឬបាតទន្លេ ដែលនៅពេលជាប់សន្ទួចប្រជានេសាទនេះ គឺនៅទឹកជម្រៅប្រមាណ៣០ម៉ែត្រឯណោះ ដូច្នេះហើយយើងមិនអាច មើលឃើញវាដោយផ្ទាល់បាននោះទេ។ លោកបន្ដថា កន្លងទៅក៏ធ្លាប់មានត្រីបបែលធម្មតា ជាប់សន្ទួចប្រជានេសាទដែរ ដោយវាមានទម្ងន់ប្រមាណ២ ទៅ៣គីឡូប៉ុណ្ណោះ។
មន្ដ្រីជំនាញរូបនេះ ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលកាលណោះ ស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ដោយលែងត្រីបបែលយក្សនេះចូលទន្លេវិញ ព្រោះនេះជាប្រភេទសត្វកម្រនៅលើពិភពលោក។ លោកបានពន្យល់ទៀតថា ប្រសិនបើប្រជានេសាទជួញដូរត្រីបបែលយក្សនេះ ក៏មិនអាចឲ្យក្លាយជាអ្នកមានផងដែរ ហើយបើទទួលទានក៏មិនអាចឲ្យមានជីវិតអមតកនោះដែរ ប៉ុន្ដែបើបបែលយក្សនេះនៅរស់រាន់មានជីវិត នឹងបន្សល់នូវកេរ្ដិ៍ឈ្មោះល្អដល់កម្ពុជា។
ប៉ុន្ដែទោះជាយ៉ាងណា លោកមិនទាន់អាចបញ្ជាក់ឲ្យដឹងអំពីចំនួនជាក់ស្ដែង នៃត្រីបបែលធំៗនេះបានឡើយ ខណៈការបំពាក់ឧបករណ៍តាមដាននេះនឹងជួយដល់មន្ដ្រីជំនាញដើម្បីសិក្សាបន្ថែមទៀត។
សូមរំលឹកថា ត្រីបបែលយក្សមួយប្រភេទ ទម្ងន់ប្រមាណ៣០០គីឡូក្រាម ត្រូវបានគេប្រទះឃើញក្នុងដែនទឹកទន្លេមេគង្គ នៃខេត្តស្ទឹងត្រែង កាលពីខែមិថុនា ឆ្នាំ២០២២កន្លងទៅ ហើយត្រីបបែលយក្សនេះ បានបំបែកកំណត់ត្រាពិភពលោក សម្រាប់ត្រីទឹកសាបធំបំផុត។ ត្រីបបែលយក្សនេះ មានទម្ងន់ប្រមាណ៣០០គីឡូក្រាម ទទឹង២ម៉ែត្រ និងប្រវែងពីក្បាលដល់ចុងកន្ទុយ ជិត៤ម៉ែត្រ៕