(ភ្នំពេញ)៖ លោក ហ៊ុន កុសល បានថ្លែងកោតសរសើរបេះដូងសម្តេចតេជោ ហ៊ុន សែន ថា ជាបុរសគ្មានចិត្តព្យាបាទ និងចងគំនុំនោះឡើយ។
លោក ហ៊ុន កុសល បានរំលេចបែបនេះតាមរយៈសំណេរមួយលើហ្វេសប៊ុកនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ បន្ទាប់ពីរូបលោកទទួលបានការសណ្តោស និងអនុគ្រោះពីសម្តេចតេជោ ឱ្យចូលជួបកាលពីថ្ងៃទី២៣ ខែមេសា។
បុរសដែលជាសកម្មជនបក្សប្រឆាំង ហើយតែងតែរិះគន់ចំពោះសម្តេចតេជោកាលពីអតីតកាលនោះ លោក កុសល បានបង្ហាញការកត់សម្គាល់នូវកាយវិការមួយចំនួនរបស់សម្តេចតេជោ បន្ទាប់ពីរូបលោកបានជួបកាលពីថ្ងៃម្សិលមិញ។
លោក កុសល បានរំលេចថា «ខ្ញុំត្រឹមតែអតីតអ្នកទោសតូចតាចម្នាក់ ដែលបានប្រព្រឹត្តល្មើស ចំពោះសម្តេចតេជោ ប៉ុន្តែក្រោយចប់ជំនួបដែលមិនអាចវាស់ថ្លៃបាន សម្តេចតេជោ បានជូនដំណើរពួកយើងរហូតដល់មុខនិវេសនដ្ឋានរបស់សម្តេចតេជោផ្ទាល់»។
លោក កុសល បន្ថែមថា «ចរិយាវត្តនេះ បង្ហាញថា សម្តេចជាបុរស ដែលមានបេះដូងគ្មានចិត្តព្យាបាទ និងគំនុំយ៉ាងពិតប្រាកដ។ ដូច្នេះហើយទើបប្រជាជនកម្ពុជាតែងតែគោរព និងបន្តផ្តល់តម្លៃដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចតេជោថា[ជាស្ថាបនិកសន្តិភាពសម្រាប់កម្ពុជា]»។
លោក ហ៊ុន កុសល ក៏បានកត់សម្គាល់ទៀតថា សំឡេងដ៏ស្រទន់ និងមានតេជៈរបស់ សម្តេចតេជោ ពិតជាធ្វើឱ្យវិញ្ញាណរបស់លោកចងចាំនូវប្រសាសន៍ថ្លៃថ្លា និងជាមេរៀនដ៏សំខាន់នៅក្នុងជីវិត។ អ្នកធ្វើរមែងទទួលការនិន្ទាពីអ្នកដែលនិយាយច្រើន និងអ្នកច្រណែនច្រើន។
លោក កុសល បន្ថែមទៀតថា សម្តេចតេជោ ជាអ្នកធ្វើប្រកបដោយពុះពាររហូតមក ដូច្នេះការនិន្ទាពីអ្នកនិយាយមិនមែនជាឧបសគ្គសម្រាប់អ្នកធ្វើដូចសម្តេចតេជោនោះទេ ប៉ុន្តែលទ្ធផលនៃការកសាងប្រទេសជាតិនោះហើយ ជាមរតកដែលមិនអាចកាត់ថ្លៃបាន។
«យើងជាកូនចៅខ្មែរជំនាន់ក្រោយត្រូវតែការពារឱ្យបានដាច់ខាតនូវ [មរកតតេជោ]»។ នេះជាការគូសរំលេចនៅចុងប្រយោគនៃសំណេររបស់លោក កុសល ដែលជាអ្នករិះគន់សម្តេចតេជោ មិនដែលសំចៃមាត់នោះ៕