(ពោធិ៍សាត់)៖ អតីតទាហានខ្មែរក្រហម និងជាមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដែលធ្លាប់រស់ក្នុងព្រៃពឹងអាស្រ័យលើសត្វព្រៃដោយបានដាក់អន្ទាក់ បរបាញ់សត្វព្រៃធ្វើជាអាហារ និងធ្វើជាថ្នាំសង្កូវព្យាបាលជំងឺ បានអះអាងថា ការប្រមាញ់សត្វព្រៃរបស់លោកមិនបានធ្វើឱ្យជីវភាពគ្រួសារបានធូធារនោះទេ ប៉ុន្តែ ធ្វើឱ្យជីវភាពកាន់តែលំបាក។
ថ្លែងក្នុងយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នៅស្រុកវាលវែង លោក សៀង សារិទ្ធិ ជាមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានឱ្យដឹងថា បន្ទាប់ពីគោលនយោបាយឈ្នះឈ្នះ របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកនៅតែប្រកបមុខរបរនោះដដែល ដើម្បីចិញ្ចឹមជីវភាពគ្រួសាររបស់លោក។
លោកបានបន្តថា ការប្រមាញ់សត្វព្រៃរបស់លោក មិនបានធ្វើឱ្យជីវភាពរបស់គ្រួសារបានធូធារនោះទេ ហើយថែមទាំងលោកពិនិត្យឃើញថា ព្រៃឈើត្រូវបានកាប់ទន្ទ្រាន ដុតបំផ្លាញ និងសត្វព្រៃត្រូវបានសម្លាប់គួរឱ្យព្រួយបារម្ភថែមទៀតផង។ ដោយមានភាពស្រឡាញ់ព្រៃឈើ និងសត្វ លោកបានស្ម័គ្រចិត្តចូលបម្រើការងារនៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ក្នុងនាមជាបុគ្គលិកស្ម័គ្រចិត្ត។
លោក សៀង សារិទ្ធិ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅឆ្នាំ២០១៦ រាជរដ្ឋាភិបាលដែលមានក្រសួងបរិស្ថានបានផ្តល់ឱកាសដល់ពួកខ្ញុំក្លាយជាមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។ ចាប់តាំងពីពេលនោះមក ខ្ញុំ និងក្រុមការងាររបស់ខ្ញុំបានបន្តភារកិច្ចរបស់យើង ដោយបានល្បាតរុករកបទល្មើសកាប់ឈើ កាប់ព្រៃឈើ ដោះអន្ទាក់ និងបរបាញ់សត្វព្រៃ ទទួលបាន លទ្ធផលជាច្រើន។ អ្វីដែលកត់សម្គាល់ គឺអន្ទាក់ និងការលក់សាច់សត្វព្រៃមានការថយចុះ ចំពោះជីវភាពរបស់ខ្ញុំមានភាពប្រសើរច្រើន»។
ជាមួយគ្នានេះដែរ លោកបានប្ដេជ្ញាចិត្តថា មិនបរិភោគសាច់សត្វព្រៃ បន្តភារកិច្ចដោះអន្ទាក់ និងសូមអំពាវនាវជូនដល់ប្រជាពលរដ្ឋទាំងអស់គ្នា រួមគ្នាមិនបរិភោគសាច់សត្វព្រៃ និងចូលរួម ថែរក្សាការពារសត្វព្រៃ ធនធានធម្មជាតិ។
សូមបញ្ជាក់ថា យុទ្ធនាការ អន្ទាក់សូន្យ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីសំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយល់ដឹងពីគ្រោះថ្នាក់នៃអន្ទាក់ យល់ដឹងពីផលប្រយោជន៍សត្វព្រៃ និងជាពិសេសបញ្ឈប់ការបរិភោគសាច់សត្វព្រៃដែលតែងបង្កគ្រោះថ្នាក់ដល់សុខភាព។
គួរឱ្យដឹងថា តាមការការខិតខំប្រឹងប្រែងផ្សព្វផ្សាយពីសារសំខាន់នៃសត្វព្រៃ ពីសំណាក់ក្រសួងបរិស្ថាន និងអង្គការដៃគូនានា ជាពិសេសតាមរយៈយុទ្ធនាការអន្ទាក់សូន្យដែលបានដាក់ចេញនៅដំណាក់កាលទី១ ក្នុងខេត្តចំនួន៦ រួមមាន៖ ខេត្តក្រចះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តកំពង់ធំ និងក្នុងឆ្នាំ២០២៣នេះ និងបានដឹកនាំធ្វើយុទ្ធនាការអន្ទាក់សូន្យនៅខេត្តចំនួន៦ទៀត រួមមាន៖ ខេត្តពោធិ៍សាត់ កំពង់ស្ពឺ សៀមរាប កោះកុង បាត់ដំបង និងខេត្តប៉ៃលិន បានក្លាយជាសារដ៏មានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីពញ្ញាក់ស្មារតីជូនដល់សាធារណៈជនគ្រប់ស្រទាប់វណ្ណៈពីគុណតម្លៃមិនអាចកាត់ថ្លៃបាននៃធនធានធម្មជាតិ និងសត្វព្រៃ។
តាមរយៈយុទ្ធនាការនេះ មានភោជនីយដ្ឋានជាង៧០ហើយ បានប្រកាសមិនយកសាច់សត្វព្រៃ សម្រាប់ធ្វើមុនជូនភ្ញៀវពិសា។ ដោយឡែកនៅតាមបណ្តាញសង្គមឃើញមានរិះគន់យ៉ាងពីសំណាក់បុគ្គលរូបណា ដែលហ៊ានយកសាច់ព្រៃមកធ្វើមុខម្ហូបជាដើម៕