(ភ្នំពេញ)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា បច្ចុប្បន្ន​វិស័យរ៉ែនៅខេត្តរបស់លោក មិនទាន់មានក្រុមហ៊ុនណាមួយ ធ្វើអាជីវកម្មនោះទេ ពោលស្ថិតក្នុងដំណាក់កាលស្រាវជ្រាវនៅឡើយ។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តស្ទឹងត្រែង» លោក ស្វាយ សំអ៊ាង បានអះអាងថា រ៉ែដែលមិនទាន់មានក្រុមហ៊ុនធ្វើអាជីវកម្ម​ ហើយកំពុងស្រាវជ្រាវនោះ មានដូចជា រ៉ែធ្យូង រ៉ែថ្មមាប់ជាដើម។

លោកអភិបាលខេត្តបានថ្លែងយ៉ាងដូច្នេះថា «មកដល់ពេលនេះ មិនទាន់មានក្រុមហ៊ុនធ្វើអាជីវកម្ម ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសបាននៅឡើយទេ ពោលនៅក្នុងដំណាក់កាលមួយសិក្សាតែប៉ុណ្ណោះ»

បើតាមលោក ស្វាយ សំអ៊ាង, ខេត្តស្ទឹងត្រែង ជាខេត្តមួយដែលមានសក្ដានុពលខ្លាំងលើវិស័យរ៉ែ។ ដោយឡែក ចំនួនក្រុមហ៊ុនដែលកំពុងសិក្សាស្រាវជ្រាវនោះ ក៏មានចំនួនតិចតួចផងដែរ។

គួរជម្រាបថា កន្លងទៅបើទោះបីមិនទាន់មានក្រុមហ៊ុនដែលអាចធ្វើអាជីវកម្មបានត្រឹមត្រូវក៏ពិតមែន ប៉ុន្ដែក៏មានការធ្វើអាជីវកម្មជាលក្ខណៈគ្រួសារ ឬនៅតាមសហគមន៍នានាផងដែរ។ ទាក់ទិនករណីនេះ ដោយសារការធ្វើអាជីវកម្មលក្ខណៈគ្រួសារមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ក៏ធ្លាប់ត្រូវបានអាជ្ញាធរហាមឃាត់ និងបង្ក្រាបបានជាបន្ដបន្ទាប់។ ការលបលួចធ្វើអាជីវកម្មខ្លះដោយខុសច្បាប់ ក៏ធ្លាប់ជួបបញ្ហាគ្រោះថ្នាក់ជាយថាហេតុផងដែរ ដោយសារជីកជ្រៅពេក ធ្វើឲ្យបានដីបង្កគ្រោះថ្នាក់ជាដើម៕