(កំពង់ចាម)៖ ប្រជាពលរដ្ឋដែលលក់ដូរនៅចំណុចស្ពានត្រស់ ក្នុងឃុំបាធាយ ស្រុកបាធាយ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បានអះអាងថា គ្មានការលក់សត្វព្រៃខុសច្បាប់ទៀតទេ បន្ទាប់ពីមានការណែនាំពីសមត្ថកិច្ច ស្រុកបាធាយជារឿយៗ និងការចុះល្បាតជាប្រចាំផងនោះ។
អ្នកស្រី ហ៊ុម ពាញ អាយុ៥៥ឆ្នាំ បានឱ្យដឹងថា អ្នកស្រីបានមកលក់ដូរនៅចំណុចស្ពានត្រស់នេះ មានរយៈពេលជាង២៥ឆ្នាំហើយ គឺលក់ត្រីឆ្អើរ, ប្រេងសាំង និងឥវ៉ាន់តិចតួចផ្សេងទៀតប៉ុណ្ណោះ។ ចំណេកសត្វព្រៃខុសច្បាប់ គាត់មិនមានលក់ទេដោយប្រការនេះ អាជ្ញាធរស្រុកបាធាយ បានហាមឃាត់ និងចុះណែនាំជាប្រចាំ។
ស្រ្តីឈ្មោះ ពេញ ស្រីលីន អាយុ២៩ឆ្នាំ ជាអ្នកលក់ម្នាក់ទៀត បានបញ្ជាក់ថា គាត់លក់ត្រីឆ្អើរ, ត្រីងៀត, ងៀតគោ, ងៀតក្របី និងភេសជ្ជៈផ្សេងៗ។
ស្រ្តីរូបនេ បានបញ្ជាក់ថា នៅក្នុងតំបន់នេះរយៈពេលកន្លងទៅ មានការលក់សត្វព្រៃខ្លះៗ ហើយសមត្ថកិច្ចបានបង្ក្រាបចាប់បាន។ ប៉ុន្តែនៅឆ្នាំ២០២២-២០២៣នេះ អ្នកលក់ដូរ និងមានលំនៅឋាននៅតំបន់នេះ គ្មានអ្នកលក់សត្វព្រៃខុសច្បាប់នោះទេ ពីព្រោះសមត្ថកិច្ចអាជ្ញាធរដែនដី បានធ្វើការណែនាំហាមលក់សត្វព្រៃ និងមានការចុះល្បាតជាប្រចាំផងដែរ។
ដោយឡែកប្រជាពលរដ្ឋ រស់នៅក្បែរនោះ និងធ្វើដំណើរឆ្លងកាត់តំបន់នោះញឹកញាប់ បានបញ្ជាក់ថា ថ្វីត្បិតតែការខិតខំប្រឹងប្រែងរបស់អាជ្ញាធរដែនដី ក្នុងការទប់ស្កាត់បង្ក្រាបនូវបទល្មើសលក់សត្វព្រៃខុសច្បាប់នេះ យ៉ាងណាក៏ដោយ ក៏នៅតែមានពួកឆ្លៀតឱកាសមកពីតំបន់ផ្សេងៗ បានសត្វព្រៃបន្តិចបន្តួច យកមកលួចលក់ នៅតំបន់នេះ ចន្លោះពេលសមត្ថកិច្ចមិននៅ ពោលគឺនៅពេលអាជ្ញាធរមានសមត្ថកិច្ច ជាប់រវល់ការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងពិធីបុណ្យជាតិផ្សេងៗតែម្តង។
ពាក់ព័ន្ធករណីខាងលើនេះ លោក អ៊ុំ សារិន មន្ត្រីទទួលបន្ទុកផ្នែកផលិតកម្ម និងបសុខព្យាបាលស្រុកបាធាយ បានឱ្យដឹងដែរថា ចំពោះករណីលក់សត្វព្រៃខុសច្បាប់នៅតំបន់ស្ពានត្រស់នេះ លោកបានដឹកនាំ កងកម្លាំង ចុះល្បាតជាប្រចាំ និងបានណែនាំជារឿយៗដល់ប្រជាពលរដ្ឋលក់ដូរនៅតំបន់នេះ មិនឱ្យមានការលក់សត្វព្រៃខុសច្បាប់នោះទេ។ ប្រសិនបើសមត្ថកិច្ចរកឃើញ នឹងត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់ ហើយរុះតូបចោល ឈប់ឱ្យលក់ដូរនៅទីនេះតែម្តង។
លោក អ៊ុំ សារិន បានបញ្ជាក់ថា ប្រជាពលរដ្ឋអ្នកលក់ដូរពិតប្រាកដ មានតូបត្រឹមត្រូវ គឺមានចំនួន៨តូបប៉ុណ្ណោះ ក្រៅពីនោះ មានអ្នកនៅស្រុកផ្សេងៗ ដែលបន្លំយកសត្វមកលក់។
មន្ត្រីដដែលបានឱ្យដឹងថា ពាក់ព័ន្ធបទល្មើសនេះ កន្លងទៅថ្មីៗនេះ សមត្ថកិច្ចស្រុកបាធាយ ធ្លាប់បានបង្ក្រាបអ្នកលួចលក់សត្វព្រៃ ដែលមកពីស្រុកផ្សេង និងបានឃាត់ខ្លួនអ្នកប្រព្រឹត្ត រួមជាមួយវត្ថុតាងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការលក់ ដូរសត្វព្រៃនេះ។ ទន្ទឹមនឹងនេះសមត្ថកិច្ចស្រុកបាធាយ ក៏បានចុះល្បាតនៅតំបន់នោះជាប្រចាំផងដែរ៕