(រតនគិរី)៖ មូលនិធិជនពិការ នៅព្រឹកទី២៤ ខែមេសា ឆ្នាំ២០២៣ បានធ្វើពិធីប្រគល់ផ្ទះថ្មី១ខ្នង ទំហំ៤គុណ៦ម៉ែត្រ ធ្វើអំពីថ្មប្រកស័ង្កសី ជូនលោក វង វ៉ាតភេទប្រុស អាយុ៦០ឆ្នាំ ជាជនពិការជើងម្ខាង បច្ចុប្បន្នរស់នៅភូមិអូរកាន ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។

ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក ជា ថាវរិទ្ធ អភិបាលរងខេត្ត, លោក ហ៊ុត ពន្លឺ នាយករងមូលនិធិជនពិការ និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃមូលនិធិជនពិការថ្នាក់កណ្ដាល និងលោក ហ៊ត ស៊ុនហោ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រមទាំងប្រធាន អនុប្រធានមន្ទីរអង្គភាពមួយចំនួន ក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុកលំផាត់ និងក្រុមប្រឹក្សាឃុំជ័យឧត្តម ជាច្រើនរូបទៀតផងដែរ។

ការផ្ដល់ជូនផ្ទះថ្មី១ខ្នងនេះ ជូនជនពិការខាងលើ គឺបន្ទាប់ពីមានការពិនិត្យ និងវាយតម្លៃរបស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃការសាងសង់ផ្ទះ ជូនជនពិការក្រីក្រតាមសហគមន៍របស់មូលនិធិជនពិការ និងមានការស្នើសុំពីសាខាមូលនិធិជនពិការខេត្ត មានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន និងតាមការវាយតម្លៃជនពិការរូបនេះ ពិតជាជនពិការក្រីក្រមានផ្ទះខ្ទមចាស់ទ្រុតទ្រោម និងពុំមានមុខរបរច្បាស់លាស់។

លោក ហ៊ុត ពន្លឺ បានបញ្ជាក់ថា ផ្ទះមួយខ្នងនេះ ចំណាយអស់ថវិកា ២០លានរៀល ដែលជាថវិការបស់មូលនិធិជនពិការ ហើយការផ្តល់ផ្ទះនេះ មូលនិធិជនពិការ បានប្រជុំជាច្រើនលើកច្រើនសារ លើការកំណត់លក្ខណៈសម្បត្តិរបស់ជនពិការក្រីក្រ ដែលត្រូវបានសាងសង់ផ្ទះជូន ក្នុងការចុះពិនិត្យ និងវាយតម្លៃជនពិការក្រីក្រតាមសហគមន៍។

លោកបន្ដថា កន្លងមកនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានខិតខំប្រឹងប្រែងអនុវត្តភារកិច្ចជាច្រើន សំដៅលើការលើកកម្ពស់សុខុមាលភាពរបស់ជនពិការ តាមរយៈការផ្តល់សេវា ស្តារលទ្ធភាពពលកម្មដោយឥតគិតថ្លៃ ការផ្តល់របបគោលនយោបាយពិនិត្យថែទាំសុខភាពជូនជនពិការក្រីក្រ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការជំរុញឲ្យទទួលបានការងារធ្វើ ការសម្របសម្រួលសមស្រប សម្រាប់ជនពិការ និងការដាក់បញ្ចូលជនពិការ ទៅក្នុងសកម្មភាពសង្គមជាដើម។

ក្នុងពិធីនេះដែរ លោក ហ៊ុត ពន្លឺ នាយករងមូលនិធិជនពិការ និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃមូលនិធិជនពិការថ្នាក់កណ្ដាល ក៏បាននាំយកអំណោយសប្បុរសធម៌ សម្រាប់ផ្តល់ជូនដល់គ្រួសារលោក វង វ៉ាត រួមមាន៖ ថវិកា២០ម៉ឺនរៀល, អង្ករ២បេ, ត្រីខ៤យួរ, ទឹកស៊ីវអ៊ីវ១យួរ, ទឹកត្រី១យួរ, មុង១, ភួយ១ និងកន្ទេល១ផងដែរ៕