(រតនគិរី)៖ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ បានទទួលយកកុមារកំព្រាប្រុសស្រីចំនួន៣នាក់ ដែលគ្មានទីពឹង ពោលឪពុកម្ដាយស្លាប់ចោលអស់ មកធ្វើជាកូនចិញ្ចឹមផ្ទាល់ខ្លួនរបស់លោក ហើយការទទួលយកប្រកបដោយទឹកចិត្តស្រឡាញ់អាណិតអាសូរ ចំពោះកុមារទាំង៣នេះ ត្រូវរៀបចំឡើងនៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយមានវត្តមានរបស់លោក ម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវចូលរួមផងដែរ។
បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋ ដែលជាអ្នកជិតខាង បានឱ្យដឹងថា ឪពុករបស់កុមារកំព្រាដ៏គួអាណិតខាងលើ មានឈ្មោះ ស៊ិន បូរ៉ា អាយុ៤៩ឆ្នាំ មានស្រុកកំណើតភូមិឆ្មាត ឃុំអញ្ជើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលត្រូវឈឺស្លាប់ក្នុងផ្ទះខ្ទមចំការ ប្រមាណ៤-៥ថ្ងៃមកហើយ នៅស្រុកអូរយ៉ាដាវ និងម្តាយឈ្មោះ សាន សុខុម អាយុ៤៣ឆ្នាំ មានស្រុកកំណើតនៅភូមិគងជ័យ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលបានស្លាប់កាលពីឆ្នាំ២០១៥ កន្លងទៅដោយបន្សល់ទុកកូនចំនួន៣នាក់ ទី១.ឈ្មោះ រ៉ា សាន ភេទប្រុស អាយុ១៣ឆ្នាំ, ទី២.ឈ្មោះ រ៉ា ខ្វិត ភេទស្រី អាយុ១១ឆ្នាំ និងទី៣.ឈ្មោះ រ៉ា ស្រីម៉ៅ ភេទស្រី អាយុ៧ឆ្នាំ។
ក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ត្រី គឹម រស្មី បាថ្លែងបញ្ជាក់ពីទឹកចិត្តរបស់លោកថា បន្ទាប់ពីទទួលព័ត៌មានលើក្មេងកំព្រាប្រុសស្រី៣នាក់ ដែលឪពុកម្តាយស្លាប់ចោលនេះ ដោយកូនបងអាយុទើបតែ១៣ឆ្នាំប៉ុណ្ណោះ ទៅស៊ីឈ្នួលក្នុងចំការម្រេច ដើម្បីបានកម្រៃចិញ្ចឹមប្អូន២នាក់ទៀត លោកក៏បានពិភាក្សាជាមួយក្រុមគ្រួសារ និងមន្ត្រីអាវុធហត្ថក្រោមឱវាទ ដើម្បីផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តឱ្យរូបគាត់ បាននាំយកក្មេងកំព្រាខាងលើនេះ មកចិញ្ចឹមបីបាច់បណ្តុះបណ្តាលរៀនសូត្រ ដូចកូនរបស់លោកបង្កើតដែរ ទោះបីគាត់មានកូន៥នាក់ក្នុងបន្ទុកហើយក្តី ពោលគឺក្រុមគ្រួសារលោក និងមន្ត្រីអាវុធហត្ថក្រោមឱវាទពេញចិត្តទទួលយកដោយក្តីសប្បាយរីករាយ។
ជាមួយនឹងទឹកសប្បុរសដ៏កម្រខាងលើនេះ លោក ម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវ ក្នុងនាមតំណាងឱ្យអាជ្ញាធរស្រុក ក្រុមប្រឹក្សាស្រុក កម្លាំងប្រដាប់អាវុធ បានសម្តែងនូវអំណរគុណ ចំពោះលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ដែលបានទទួលក្មេងកំព្រាទាំង៣នាក់ ខាងលើនេះយកទៅចិញ្ចឹមបីបាច់ដូចកូនបង្កើត ដែលសបញ្ជាក់ឲ្យឃើញថា ក្រៅពីការងារបម្រើប្រទសជាតិ លោកឧត្តមសេនីយ៍ថែមទាំងបានជួយយកអសារដល់សុខទុក្ខប្រជាពលរដ្ឋផងដែរ៕