(ព្រះវិហារ)៖ លោក ហោ ប៊ុនហួរ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុករវៀង និងលោក សំ សារឿន ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំរក្សា ស្រុករវៀង បានដឹកនាំក្រុមការងារ នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៥គ្រួសារ នៅឃុំរក្សា ស្រុករវៀង។
នៅក្នុងឱកាសនោះ លោក ហោ ប៊ុនហួរ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង ពិសេសចាស់ជរា ក្មេងកំព្រា ស្ត្រីមេម៉ាយ ក៏ដូចជាប្រជាពលរដ្ឋរងគ្រោះថ្នាក់ផ្សេងៗ។
លោក ហោ ប៊ុនហួរ និងលោក សំ សារឿន បានថ្លែងចូលរួមសោកស្តាយចំពោះហេតុការណ៍ខ្យល់កន្ត្រាក់ ដែលធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ។ ប៉ុន្តែក្នុងនាមកាកបាទក្រហមកម្ពុជា ក៏ដូចជាក្រុមការងារ ចុះជួយឃុំរក្សា ស្រុករវៀង ដោយមានការណែនាំពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនទុកឱ្យបងប្អូនរងគ្រោះជួបនៅការលំបាក រស់ក្នុងភាពខ្វះខាតនោះទេ។
ជាក់ស្តែងនៅពេលនេះបាននាំសម្ភារផ្តល់ជូនក្នុងមួយគ្រួសាររួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ១យួរ ថវិកាមួយចំនួន និងស័ង្គសីចំនួន១២០សន្លឹក សម្រាប់ចែកជូនបងប្អូនប្រក់ដំបូលឡើងវិញ តាមការខូចខាតជាក់ស្ដែងផងដែរ៕