(កោះកុង)៖ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំដើម្បីជំរុញលើកចិត្តដល់ជនជាប់ឃុំនៅក្នុងពន្ធាគារ ត្រូវប្រឹងប្រែងកែប្រែអប់រំខ្លួនឱ្យបានល្អប្រសើរ ក្រោយពេលចេញពីពន្ធាគារគប្បីធ្វើជាពលរដ្ឋល្អ និងធនធានមនុស្សដែលសង្គមត្រូវការ។
លោក ហាក់ ឡេង បានថ្លែងថា ជនដែលកំពុងជាប់ឃុំនៅពន្ធាគារព្រែកស្វាយ ត្រូវកែប្រែខ្លួនឱ្យបានល្អនៅពេលចេញពន្ធនាគាររួចពីទោសទាន់។ ក្នុងគ្រានេះលោកអញ្ជើញបើកប្រអប់សំបុត្រ នៅក្នុងពន្ធនាគារខេត្ត មុននឹងវិចខ្ចប់ដាក់ចូលក្នុងស្រោមសំបុត្រត្រឹមត្រូវផ្ញើជូនគណៈកម្មាធិការជាតិប្រឆាំងអំពើទារុណកម្ម។
លោកអភិបាលរងខេត្ត បានបន្តថា អ្នកជាប់ឃុំទាំងអស់ ត្រូវគោរពអនុវត្តវិន័យ ជាអ្នកទោសដែលមានក្នុងពន្ធាគារទៅតាមទម្ងន់ទោសរបស់ខ្លួន ហើយចេះអប់រំចិត្តកាយតាមរយៈពេលការចូលអានសៀវភៅ ដែលមានសារៈសំខាន់ និងរៀនជំនាញវិជ្ជាជីវៈ ក្នុងគោលបំណងឈានដល់ការវាយតម្លៃបន្ធូរបន្ថយទោសតាមខែ ឬឆ្នាំ ចៀសវាងប្រព្រឹត្តទង្វើខុសវិន័យដែលនាំឱ្យមានទោសកាន់តែធ្ងន់ធ្ងរ។
ក្នុងនោះលោកអភិបាលរងខេត្តជឿជាក់ថា ក្រោយពីជនដែលកំពុងជាប់ឃុំ បានអនុវត្តទោសតាមច្បាប់រួចហើយ ពេលចេញពីពន្ធាគារនឹងក្លាយជាពលរដ្ឋល្អ ដែលសង្គមជាតិត្រូវការដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសទៅអនាគតបន្ថែមទៀត។
ទន្ទឹមនោះលោក ហាក់ ឡេង ក៏លើកឡើងពីលទ្ធផលដែលសង្គមជាតិសម្រេចបានតាមរយៈការប្រជុំកំពូលអាស៊ាន ការត្រៀមទទួលធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ព្រមទាំងភាពរីកចម្រើនគ្រប់វិស័យជាច្រើននាពេលបច្ចុប្បន្នដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕