(ពោធិ៍សាត់)៖ ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវ និងរកឃើញប្រភេទសត្វ និងរុក្ខជាតិកម្រមួយចំនួននៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ស្ថិតនៅស្រុកវាលវែង ក្នុងខេត្តពោធិ៍សាត់។

បើតាមលោក នាង ធី ប្រធានផ្នែកអភិរក្សជីវៈចម្រុះដីគោក នៃអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ បានឱ្យដឹងថា ប្រភេទសត្វ និងរុក្ខជាតិជីវៈចម្រុះទាំងនោះរួមមាន៖ សត្វកង្កែបស្លឹកភ្នំក្រវាញ, សត្វថ្លែនអត់ជើង, សត្វពស់ចចក, សត្វពស់អង្កាច់មាសកម្ពុជា, រុក្ខជាតិផ្តៅប្រឡាយដងពែង នៅលើភ្នំសំកុស និងរុក្ខជាតិបំពង់ស្រមោចនៅលើភ្នំទំព័រ ជាដើម។

លោក នាង ធី បានឱ្យដឹងថា ក្រៅពីប្រភេទសត្វថ្មីៗនេះដែរ អ្នកស្រាវជ្រាវក៏បានរកឃើញសត្វតុកកែមួយចំនួនទៀត ក៏បានរកឃើញនៅលើភ្នំដាឡៃ និងភ្នំសំកុសផងដែរ។

អ្នកស្រាវជ្រាវរូបនេះ បានលើកឡើងថា សម្រាប់ប្រភេទសត្វ និងរុក្ខជាតិដែលបានរកឃើញច្រើនៅលើភ្នំសំកុស និងតាមបណ្តាភ្នំមួយចំនួននៅជួរភ្នំក្រវាញនេះ គឺមិនទាន់បានរកឃើញនៅតំបន់ផ្សេងៗនោះទេ។

ជុំវិញការរកឃើញវត្តមានសត្វកម្រ និងនូវប្រភេទរុក្ខជាតិថ្មីៗនេះ គឺជាសូចនាករមួយបញ្ជាក់ថា តំបន់ភ្នំសំកុស ត្រូវសិក្សា និងស្រាវជ្រាវលើប្រភេទសត្វ ព្រមទាំងជីវៈផ្សេងៗ​បន្ថែមទៀត ខណៈមានប្រភេទជីវៈចម្រុះជាច្រើនប្រភេទទៀតមិនទាន់បានសិក្សាស្រាវជ្រាវនៅឡើយទេ។

លោក នាង ធី បានគូសបញ្ជាក់ថា៖ «ប៉ុន្តែ បើយើងរកហើយអត់ឃើញអីសោះបានន័យថា យើងនឹងមិនមានសង្ឃឹមរកឃើញប្រភេទថ្មីៗទៀតទេ»