(កំពង់ធំ)៖ អគារសិក្សា ១ខ្នង មានចំនួន៣បន្ទប់ ចំណាយថវិកាសាងសង់ប្រមាណ ៥២,០០០ម៉ឺនដុល្លារ នៅសាលាបឋមសិក្សាដងអន្ទាក់ ស្ថិតភូមិដងងអន្ទាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
ពិធីសម្ពោធអគារសិក្សានេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោកហ្សង់ ហ្វីលីពប្រាំង ប្រធានអង្គការសហគមន៍បឹងទន្លេសាប នៃប្រទេសបារាំង លោក លឹម ហុកគាន អ្នកសម្របសម្រួលប្រចាំនៅប្រទេសកម្ពុជា និងសប្បុរសជន មន្ត្រីរាជការ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។
ប្រធានអង្គការសហគមន៍បឹងទន្លេសាប នៃប្រទេសបារាំង បានលើកឡើងថា អស់រយៈពេលជាង១២ឆ្នាំមកហើយ ដែលអង្គការសហគមន៍បឹងទន្លេសាបបានដំណើរការការងាររបស់ខ្លួនក្នុងការប្រមូលផ្តុំគ្នាជួយប្រជាជនក្នុងតំបន់ជនបទនៃប្រទេសកម្ពុជា ក្នុងការសាងសង់ និងជុសជុលសាលារៀន។
លោក ងួន រតនៈ បានថ្លែងថា «រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយស្តីពីការអប់រំប្រកបដោយបរិយាប័ន្ន ដើម្បីគាំទ្រ និងដោះស្រាយបញ្ហាលទ្ធភាពទទួលបានការអប់រំរបស់សិស្ស ជាពិសេសលើកុមារដែលមានតម្រូវការ និងក្រុមដែលខ្វះខាតហើយគោលនយោបាយនេះក៏ផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងអនាម័យ ដូច្នេះមានន័យថាថ្ងៃនេះយើងទទួលបានសមិទ្ធផលដ៏វិសេសវិសាល មិនអាចកាត់ថ្លៃបានដោយសមិទ្ធផលនេះ គឺបានចូលរួមចំណែកដ៏មានសារៈសំខាន់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យការអនុវត្តនូវគោលនយោបាយកំណែទម្រង់វិស័យអប់រំ ក៏ដូចជាការ សម្រេចបាននូវគោលដៅសេដ្ឋកិច្ចឆ្នាំ ២០៣០»។
លោកអភិបាលខេត្ត បានបន្តថា ក្នុងនាមអាជ្ញាធរក៏ដូចជាតំណាងបងប្អូនប្រជាពលរដ្ឋសិស្សានុសិស្សសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ហ្សង់ ហ្វីលីព ប្រាំង ប្រធានអង្គការសហគមន៍បឹងទន្លេសាប នៃប្រាទេសបារាំង និងលោក លឹម ហុកគាន អ្នកសម្របសម្រួលប្រចាំនៅប្រទេសកម្ពុជា និងសប្បុរសជនទាំងអស់ដែលផ្តល់នូវការដូឆ្នាំថ្មីនូវអគារសិក្សា និងសមិទ្ធផលមួយចំនួនទៀតសម្រាប់សាលាឋមសិក្សាដងអន្ទាក់នាពេលនេះ និងសូមគោរពជូនពរមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច។
ជាមួយគ្នាដែរលោក ងួន រតនៈ បានអំពាវនាវទៅដល់មាតាបិតាទាំងអស់ធ្វើយ៉ាងណាបញ្ជូនកូនមករៀនឱ្យបានគ្រប់គ្នាឱ្យស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឱ្យចប់កម្រិតមូលដ្ឋាន។
គួរបញ្ជាក់ផងដែរថា សម្រាប់អគារសិក្សា០១ខ្នង ០៣បន្ទប់ បណ្ដោយ៤៥ម៉ែត្រ និងទទឹង ០៩ម៉ែត្រ ប្រក់ក្បឿង ដែលជាអំណោយរបស់ប្រធានអង្គការសហគមន៍បឹងទន្លេសាប នៃប្រទេសបារាំង ចំណាយទឹកប្រាក់អស់ ៥២,០០០ដុល្លារ បានសម្ពោធដាក់ឱ្យប្រើប្រាស់ចាប់ពីពេលនេះតទៅ៕