(ពោធិ៍សាត់)៖ សហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ នៃតំបន់ការពារធម្មជាតិភ្នំសំកុស ស្ថិតក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានរៀបចំថ្នាលបណ្តុះក្រវាញ ដើម្បីនាំទៅដាំនៅក្នុងព្រៃ មិនឱ្យបាត់បង់។
បច្ចុប្បន្ននេះ ក្រវាញបណ្តូលដើមខ្ចី និងគ្រាប់កំពុងមានទីផ្សារខ្ពស់ ខណៈក្រវាញខ្ចី គឺប្រើសម្រាប់ធ្វើជាបន្លែ និងផ្លែរបស់វាត្រូវបានប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺផ្សេងៗ។
ក្រវាញ ជាប្រភេទប្រទាលមួយបែបដែលសហគមន៍ច្រើនប្រើប្រាស់ផ្លែវាសម្រាប់បញ្ចុះសម្ពាធឈាម បន្ថយស្ករក្នុងឈាមនិងខ្លាញ់ សម្រួលការដកដង្ហើម សម្រកទម្ងន់ ជាដើម។ រុក្ខជាតិប្រភេទនេះ ដុះជាលក្ខណៈធម្មជាតិច្រើននៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង ក្នុងដែនជម្រកសត្វព្រៃភ្នំក្រវាញ និងសំកុស។
ជាទូទៅ សហគមន៍ប្រមូលផ្លែក្រវាញនៅចុងរដូវវស្សា ដើម្បីហាលទុកប្រើប្រាស់ជាថ្នាំនៅក្នុងគ្រួសារ និងលក់ទៅទីផ្សារ។ គេក៏អាចប្រើប្រាស់ផ្លែក្រវាញ តាមរយៈការឆុងជាតែសម្រាប់ទទួលទានក្តៅៗ និងប្រើប្រាស់ជាគ្រឿងផ្សំក្នុងអាហារផងដែរ។ ចំពោះកណ្តៀងក្រវាញ ត្រូវបានយកទៅប្រើប្រាស់ជាបន្លែដូចជាអន្លក់ ឬឆាជាមួយប្រេងខ្យង សាច់គោ ជាដើម ដោយសារវាមានរសជាតិឆ្ងាញ់ប្រហើរ និងហិរតិចៗ។
បើតាមលោក ទេស ថន ប្រធានសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ បានឱ្យដឹងថា ដើមក្រវាញប្រមាណ ៨ពាន់ដើម កំពុងបំបែកផ្សាំ ដើម្បីយកទៅដាំឡើងវិញ នៅតាមដងអូរ និងជួរភ្នំនៃតំបន់ស្នូលការពារធម្មជាតិភ្នំសំកុស។ ដើម្បីបំពេញតម្រូវការទីផ្សារ ប្រជាសហគមន៍តំបន់ការពារធម្មជាតិនេះ បាននឹងកំពុងបង្កើតចម្ការក្រវាញ ដើម្បីប្រមូលដើមជាបន្លែ និងគ្រាប់ទុំសម្រាប់ប្រើប្រាស់ជាថ្នាំ ឬតែ។ លោកថា ការដកហូតយកបណ្ដូល ឬកណ្តៀងរបស់ដើមក្រវាញ ដែលដុះក្នុងព្រៃ គឺស្របតាមបច្ចេកទេស ដោយមិនកាប់ដើម និងដកហូតតែពន្លកទំពាំងនោះឡើយ។
លោក រស់ ជ័រ ប្រធាននាយកដ្ឋានជីវភាពសហគមន៍ នៃក្រសួងបរិស្ថាន បានបញ្ជាក់ថា ពូជក្រវាញធម្មជាតិដែលដុះនៅតាមដងអូរ និងជួរភ្នំក្រវាញ បាននិងកំពុងបង្កើនការដាំបន្ថែម ដោយក្នុងនោះមានសហគមន៍ចំនួន ១៣សហគមន៍ បានពង្រីកការដាំរុក្ខជាតិនេះ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ខណៈបច្ចុប្បន្នក្នុងកណ្តៀងក្រវាញមួយគីឡូក្រាម មានតម្លៃ២ម៉ឺនរៀល។
លោក រស់ ជ័រ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ការបណ្តុះកូនក្រវាញ ដោយសារមានគម្រោងស៉ីស្ល៉ិប គាត់ជួយទំនុបបម្រុង ម៉េចបានជាក្រសួងបរិស្ថាន គិតគូរម៉េស មើលឃើញពីតម្រូវការ ប្រសិនបើក្រសួងអត់បានគិតគូរទេ ក្រវាញនេះនឹងថយៗអាចបាត់បង់ ក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់ជាពិសេសឯកឧត្តម សាយ សំអាល់»។
បើតាមលោក ប៊ុន សារ៉ែន ជាប្រជាសហគមន៍មួយរូបនៅភូមិទំព័រ ឃុំប្រមោយ ស្រុកវាលវែង បានថ្លែងថា ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់លោកប្រមាណ ៣០ ទៅ៤០ភាគរយ តែងតែចេញទៅប្រមូលផលក្រវាញ នៅតាមជួរភ្នំ នៅរដូវទឹកធ្លាក់ទឹកភ្លៀង ដោយក្នុងរយៈពេល២ ទៅ៣ខែ គឺអាចរកចំណូលប្រមាណចាប់ពី ៣០០ដុល្លារ ទៅ៥០០ដុល្លារ។ ប៉ុន្តែក៏មានប្រជាពលរដ្ឋខ្លះគាត់អាចរកចំណូលប្រមាណ ១០០០ ទៅ១,៥០០ដុល្លារ ពីក្រវាញផងដែរ។ សម្រាប់ដើមក្រវាញខ្ចី មានតម្លៃចាប់ពី ១០,០០០រៀល ទៅ១៥,០០០រៀល។
លោកបានបន្តថា សម្រាប់ផ្លែក្រវាញមិនទាន់ស្ងួត លក់បាន១គីឡូ ១ម៉ឺនរៀល ខណៈផ្លែក្រវាញក្រៀមមានតម្លៃចាប់ពី៤ ទៅ៥ម៉ឺនរៀល។ លោកថាការប្រមូលផលក្រវាញមានការលំបាកដោយសារតែទីតាំងដែលសំបូរក្រវាញ គឺនៅលើភ្នំឆ្ងាយ ដូច្នេះ ប្រជាពលរដ្ឋដែលចេញទៅប្រមូលក្រវាញ ត្រូវការសម្រាកលើភ្នំមួយផងដែរ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសចុះពិនិត្យសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ ដែលកំពុងបំបែកផ្សាំពូជក្រវាញធម្មជាតិ ដើម្បីយកទៅដាំនៅតាមដងអូរ និងជួរភ្នំក្រវាញវិញ កាលពីចុងសប្តាហ៍នេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ថ្មីៗនេះ ក្រសួងបរិស្ថានបានជំរុញឱ្យគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» តាមរយៈរៀបចំសហគមន៍គោលដៅក្នុងការដាំក្រវាញ ដើម្បីកុំឱ្យបាត់បង់អត្តសញ្ញាណ និងសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ជាអនុក្រឹត្យតំបន់សេណេទិកប្រភេទរុក្ខជាតិក្រវាញនៅលើផ្ទៃដីទំហំជាង៥០០ហិកតា ដែលស្ថិតក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីធ្វើជាតំបន់មួយ ត្រូវថែរក្សា ការពារ និងអភិរក្សរុក្ខជាតិក្រវាញ»។
យោងតាមឯកសាររបស់ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រវាញផ្តល់ផ្លែបានល្អ នៅអាយុ ៤ទៅ ៥ឆ្នាំ និងបន្តផ្តល់ផ្លែរៀងរាល់ឆ្នាំរហូតដល់អាយុ៥០ឆ្នាំ។ តាមការសិក្សានានាបង្ហាញថាការដាំក្រវាញបានត្រឹមត្រូវតាមបច្ចេកទេស ក្រវាញអាចផ្តល់ផ្លែបានច្រើន។ ចំណែក កណ្តៀងរបស់វា អាចប្រមូលផលបានច្រើននៅក្នុងរដូវវស្សា៕