(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌកំបូល បានដាក់ពង្រាយអំពូលសូឡាជិត៨០០អំពូល ដែលជាអំណោយរបស់លោកស្រីកិតិ្តបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខណ្ឌកំបូល, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងសប្បុរសជននានា ដើម្បីបំភ្លឺតាមដងផ្លូវក្នុងភូមិមួយចំនួនជូនទៅតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរពេលយប់ផង និងដើម្បីបង្ការបទប់ស្កាត់រាល់បទល្មើសផ្សេងៗ ជាពិសេសកាត់បន្ថយគ្រោះថ្នាក់ចរាចរផងដែរ។

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានប្រាប់ឲ្យអង្គភាពបណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា បច្ចុប្បន្ននៅក្នុងទូទាំងខណ្ឌកំបូលមានចំនួន៧សង្កាត់ស្មើនឹង៩៣ភូមិ ហើយនៅតាមភូមិ ទាំងនោះសុទ្ធតែមានភ្លើង អគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ទៅតាមតម្រូវការទាំងអស់គ្មានខ្វះចន្លោះឡើយ។ ប៉ុន្តែអ្វីដែលគ្មាននោះគឺភ្លើងសម្រាប់បំភ្លឺផ្លូវនៅពេលយប់តែម្ដង ហើយប្រជាពលរដ្ឋតែងបានស្នើរសុំមកកាន់សាលាខណ្ឌឲ្យជួយលើបញ្ហានេះជាបន្តបន្ទាប់ ទើបរដ្ឋបាលខណ្ឌកំបូល រៀបចំបំពាក់ជូនទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ។

លោក ឃឹម ស៊ុនសូដា បានប្រាប់ថា ដោយមើលឃើញពីតម្រូវការជាចាំបាច់នេះ ទើបលោក ឃួង ស្រេង និងសប្បុរសជននានាបានផ្ដល់ឲ្យនូវអំពូលសូឡាចំនួន៧៥០ឈុត ដែលមានតម្លៃជាង៤ម៉ឺនដុល្លារ ដើម្បីបំពាក់ជូននៅតាមភូមិប្រជាពលរដ្ឋ។

គិតមកត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ ក្រុមការងារសាលាខណ្ឌកំបូល បានតម្លើងរួចរាល់បានចំនួន៤ភូមិហើយ ក្នុងនោះរួមមានភូមិត្រាំស្លឹក និងភូមិកំរៀង ស្ថិតនៅក្នុងកន្ទោក ភូមិព្រៃកីនិងភូមិទួលកី ស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ហើយសរុបទាំង៤ភូមិប្រើប្រាស់អស់១០២អំពូល។

អភិបាលខណ្ឌបានប្រាប់បន្តទៀតថា ក្រៅពីនេះក្រុមការងារ បាននិងកំពុងបន្តតម្លើងបំពាក់នៅតាមបណ្ដាភូមិផ្សេងៗទៀត ជូនទៅតាមសំណូពររបស់បងប្អូនប្រជាពលរដ្ឋដែលបានស្នើរសុំមកកាន់រដ្ឋបាលខណ្ឌជួយ។ ជាពិសេសទៀតនោះក្រៅពីបង្កការងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរពេលយប់ ក៏ដើម្បីបង្ការបទប់ស្កាត់រាល់បទល្មើសផ្សេងៗ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរផងដែរ។ ទន្ទឹមនិងនេះដែរលោកអភិបានខណ្ឌក៏បានសំណូមពរ ដល់បងប្អូនប្រជាឲ្យជួយចូលរួមថែរក្សាការពារអំពូលសូឡានៅតាមភូមិរបស់ខ្លួននីមួយៗឲ្យបានល្អដើម្បីប្រើប្រាស់បានយូរ៕