(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបញ្ជាក់ប្រាប់ Fresh News នៅមុននេះបន្តិចថា ការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី អាចធ្វើឲ្យស្ថានការណ៍ នយោបាយមិនដូចមុន តែយ៉ាងណា ដំណើរការរៀបចំការបោះឆ្នោតប្រព្រឹត្តទៅជាធម្មតា គ្មានអ្វីជាការព្រួយបារម្ភឡើយ។ លោក ហង្ស ពុទ្ធា បន្តថា គ.ជ.ប នៅតែធ្វើដំណើរទៅមុខ ដោយមិនរារេកអ្វីឡើយ ដើម្បីធ្វើឲ្យការបោះឆ្នោតនៅពេលឆាប់ៗ ខាងមុនេះ ប្រព្រឹត្តទៅដោយជោគជ័យ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ថា «ទោះស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ទោះរឿងនោះជារឿងតូច ជារឿងធំ គ.ជ.ប នឹងបំពេញតួនាទី របស់ខ្លួនដដែល ដោយមិនទន់ជ្រោយ នៅតែពង្រឹងតួនាទី ក្នុងការរៀបចំការបោះឆ្នោត ឲ្យបានល្អបំផុត»។
អ្នកនាំពាក្យគ.ជ.បរូបនេះ បានបន្តថា បច្ចុប្បន្ននេះ គ.ជ.ប កំពុងតែបំពេញការងារ និងតួនាទីរបស់ខ្លួនបានយ៉ាងល្អ ហើយការចុះឈ្មោះបោះឆ្នោត នឹងប្រព្រឹត្តទៅ នៅថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ។
យ៉ាងណាក៏ដោយ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ការសម្លាប់របស់លោក កែម ឡី គឺជាការបាត់បងធនធានមនុស្ស ដ៏សំខាន់។ កន្លងមក លោក កែម ឡី ក៏ធ្លាប់បានផ្តល់យោបល់ដល់ ស្ថាប័ន គ.ជ.ប ដែរ ទោះបីពេលខ្លះជាយោបល់ ដែលអាចទទួល និងពេលខ្លះជាយោបល់ ដែល គ.ជ.បទទួល យកមិនបានក៏ដោយ។ តែយ៉ាងណាសុទ្ធសឹងតែ ជាការបញ្ចេញយោបល់ ក្នុងនាមជាអ្នកវិភាគ និងតាមដាន សង្គមនយោបាយកម្ពុជា។
គួរកត់សំគាល់ ក្រោយពីមានការបាញ់សម្លាប់ លោក កែម ឡី អ្នកតាមដានស្ថានការណ៍ នយោបាយកម្ពុជា និងជាអ្នកវិភាគមានឈ្មោះបោះសំឡេងម្នាក់ នៅកម្ពុជា មានសាធារណជនមួយចំនួន បានសម្តែងការបារម្ភថា ស្ថានការណ៍នយោបាយនៅពេលនេះ អាចនឹងជះឥទ្ធិពលខ្លាំងដល់ ការបោះឆ្នោតនៅកម្ពុជា៕