(កំពង់ចាម)៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា ក្នុងនាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត (គ.ស. អ) បានណែនាំបន្ថែមដល់មន្ត្រីក្រោមឱវាទ ស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ។
លោកអភិបាលខេត្ត បានថ្លែងថា សកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺដើម្បីធានាសន្តិសុខសុវត្ថិភាព សម្រាប់ការបោះឆ្នោត គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ខេត្ត សម្រាប់ការបោះឆ្នោត បានរៀបចំយន្តការ រចនាសម្ព័ន្ធ សន្តិសុខបោះឆ្នោតខេត្ត និងបានកសាងផែនការ សំដៅពង្រឹងស្ថានការណ៍សន្តិសុខទូទៅ ក៏ដូចជាផែនការដាក់ ពង្រាយកម្លាំង ដើម្បីធានាសន្តិសុខសម្រាប់ការបោះឆ្នោត និងត្រៀមរៀបចំវគ្គបណ្តុះបណ្តាល ភ្នាក់ងារសន្តិសុខ បោះឆ្នោត អំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់សន្តិសុខ បោះឆ្នោតផងដែរ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានដាស់តឿនបន្ថែម ដល់ប្រតិបត្តិករទាំងសកម្មភាពការងារ ទាំងអាកប្បកិរិយាបំពេញភារកិច្ច និងការប្រតិបត្តិក្រមសីលធម៌ ត្រូវឱ្យស្របតាមច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតពេលខាងមុខ។
ក្នុងនាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ខេត្តសម្រាប់ការបោះឆ្នោត លោក អ៊ុន ចាន់ដា សូមអំពាវនាវដល់គ្រប់គណបក្សនយោបាយ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អង្គការសង្គមស៊ីវិល និងអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ សូមចូលរួមចំណែកក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោត ដើម្បីធ្វើឲ្យកិច្ចដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាង មុខនេះ ប្រព្រឹត្តិទៅប្រកបដោយភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង សេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព៕