(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បានរៀបចំពិធីប្រកាសបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងឆ្នាំ២០២៣» ជាផ្លូវការ ជូនសិក្ខាកាមដែលជាមន្រ្តីជំនាញ ហិរញ្ញវត្ថុសាធារណៈចំនួន ៣០០រូប មកពីក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥។
គោលបំណង នៃកម្មវិធីនេះ គឺការផ្សព្វផ្សាយអំពីសារៈសំខាន់ដែលមន្រ្តីជំនាញហិរញ្ញវត្ថុត្រូវមានសមត្ថភាពខ្ពស់ និង ការកសាងសមត្ថភាពជាបន្តបន្ទាប់ ឲ្យបានពេញលេញដើម្បីចូលរួមចំណែកគាំទ្រ និងអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ជាពិសេសដំណាក់កាលទី៤ ឲ្យសម្រេចបានប្រកបដោយប្រសិទ្ធភាព និងចីរភាព។
ពិធីនេះប្រព្រឹត្តទៅក្រោមការដឹកនាំលោក បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ប្រតិភូនៃសហភាពអឺរុបប្រចាំកម្ពុជា, តំណាងដៃគូអភិវឌ្ឍពាក់ព័ន្ធ ព្រមទាំងគ្រូបង្គោល និង សិក្ខាកាមដែលអញ្ជើញមកពីអង្គភាពពាក់ព័ន្ធ។
លោកបណ្ឌិតសភាចារ្យ បានរំលឹកជូនសិក្ខាកាមថា ក្រោមការដឹកនាំប្រកបដោយឆន្ទៈ និងការយកចិត្តទុកដាក់ខ្ពស់របស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រាជរដ្ឋាភិបាល បានរៀបចំច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មីក្នុងឆ្នាំ ២០២៣ ដែលក្នុងមាត្រា១៤ បានចែងថា មន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈ នៃក្រសួង-ស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល, រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធាណៈរដ្ឋបាល ដែលមានភារកិច្ចអនុវត្តការងារហិរញ្ញវត្ថុ ត្រូវមានគុណវុឌ្ឍិវិជ្ជាជីវៈតាមប្រភេទមុខតំណែងការងារនីមួយៗ។
គុណវុឌ្ឍិវិជ្ជាជីវៈតាមប្រភេទមុខតំណែងការងារនីមួយៗត្រូវកំណត់ដោយអនុក្រឹត្យ តាមការស្នើដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង បទប្បញ្ញត្តិជាធរមាន។ ការណ៍នេះ, ធ្វើឲ្យការបណ្ដុះបណ្ដាល និង វិក្រឹតការសមត្ថភាពលើជំនាញពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ក្លាយជាកាតព្វកិច្ចចំពោះមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ សម្រាប់បំពេញមុខងារភារកិច្ចសំដៅរួមចំណែកលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពការងារ។
ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានជម្រាបបន្ថែមថា វគ្គបណ្តុះបណ្តាលស្តីពីជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងនេះ ត្រូវបានចាប់ផ្ដើមអនុវត្តដំបូងនៅឆ្នាំ ២០១៨ ហើយត្រូវបានបន្តរហូតដល់បច្ចុប្បន្ន ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃការឈានឡើងជាជំហានៗ តាមដំណាក់កាលនៃ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។
កម្មវិធីបណ្ដុះបណ្ដាលនេះ គឺជាផ្នែកមួយនៃការកសាងគុណវុឌ្ឍិវិជ្ជាជីវៈតាមប្រភេទមុខតំណែងនីមួយៗ សម្រាប់មន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ ដែលចាំបាច់ត្រូវចូលរួមការបណ្តុះបណ្តាលដោយជោគជ័យ និង ទទួលបានវិញ្ញាបនបត្រ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ការតែងតាំង ឬ ការប្រគល់ភារកិច្ចពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
លោកបណ្ឌិតសភាចារ្យ ក៏បានរំឭកផងដែរថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ដែលផ្តោតសំខាន់លើ «គណនេយ្យភាពសមិទ្ធកម្ម» តាមរយៈការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម និង កិច្ចព្រមព្រៀងសមិទ្ធកម្ម, ក្នុងនោះ សិទ្ធិអំណាច ភាពជាម្ចាស់ និងការទទួលខុសត្រូវកាន់តែច្រើនទ្បើងត្រូវបានផ្ទេរដល់ក្រសួង-ស្ថាប័ន និង មន្ទីរអង្គភាពជំនាញ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំ និង អនុវត្តថវិកាកម្មវិធីពេញលេញ និង អង្គភាពថវិកា។
ការណ៍នេះ បានធ្វើឲ្យអង្គភាពទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការពង្រឹង ពង្រីកសមត្ថភាព និង ជំនាញវិជ្ជាជីវៈ ជូនមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈឲ្យកាន់តែរឹងមាំ និងជាប់លាប់ជាប្រចាំ ដែលកាន់តែបង្ហាញពីសារៈ-សំខាន់របស់វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងឆ្នាំ ២០២៣ ដែលប្រកាស បើកជាផ្លូវការនាពេលនេះ៕