(ហ្វីលីពីន)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់ប្រាក់ចំនួន២០.៥ពាន់លានដុល្លារ ពីធនធានរបស់ខ្លួន ក្នុងឆ្នាំ២០២២ ដើម្បីជួយតំបន់អាស៊ី និងប៉ាស៊ីហ្វិក បន្តងើបឡើងវិញ ពីជំងឺរាតត្បាតកូវីដ១៩ ទោះបីជាមានលេចឡើងវិបត្តិសេដ្ឋកិច្ច និងវិបត្តិ ថ្មីៗយ៉ាងណាក្តី។

លទ្ធផលហិរញ្ញវត្ថុ និងប្រតិបត្តិការត្រូវបានចេញផ្សាយនៅថ្ងៃនេះ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០២២ របស់ ADB។ របាយការណ៍នេះ សង្ខេបរបៀបដែល ADB ផ្សារភ្ជាប់ហិរញ្ញវត្ថុ និងចំណេះដឹង និង បង្កើនភាពជាដៃគូ ដើម្បីជួយតំបន់នេះ ទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច ដែលកាន់តែពិបាកដោយការឈ្លានពាន របស់រុស្ស៊ីលើអ៊ុយក្រែន វិបត្តិស្បៀងអាហារកាន់តែធំធេង និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរនានា។

ប្រធាន ADB លោក Masatsugu Asakawa បានថ្លែងថា «ការគាំទ្ររបស់យើងក្នុងឆ្នាំ២០២២ បានជួយប្រទេសសមាជិកកំពុងអភិវឌ្ឍ (DMCs) របស់យើងដើម្បីចៀសចេញពីផលប៉ះពាល់ ភ្លាមៗនៃវិបត្តិទាំងនេះ ហើយពង្រឹងភាពធន់យូរអង្វែងរបស់ប្រទេស ដោយផ្តោតលើវិស័យសំខាន់ៗ ដូចជា ការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀង»

ទឹកប្រាក់ចំនួន២០.៥ពាន់លានដុល្លារ រួមមាន៖ ប្រាក់កម្ចី និងការធានា ប្រាក់ជំនួយ ការវិនិយោគ ទុន និង ជំនួយបច្ចេកទេសដែលផ្តល់ដល់រដ្ឋាភិបាល និងវិស័យឯកជន។ ADB បានប្រមូលថវិកាបន្ថែម ១១.៤ពាន់លានដុល្លារ ជាសហហិរញ្ញប្បទាន។

ADB បានសម្រេចផ្តល់ហិរញ្ញប្បទានចំនួន៦.៧ពាន់លានដុល្លារ សម្រាប់ការកាត់បន្ថយផលប៉ះពាល់ និងការបន្សាំនឹងអាកាសធាតុ ក្នុងឆ្នាំ២០២២ ដែលជាវឌ្ឍនភាពឆ្ពោះទៅរកមហិច្ឆតារបស់ខ្លួន ក្នុងការផ្តល់ហិរញ្ញប្បទានអាកាសធាតុ ចំនួន១០០ពាន់លានដុល្លារ ក្នុងកំឡុងឆ្នាំ២០១៩-២០៣០។

ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារ ដែលកាន់តែធ្ងន់ធ្ងរក្នុងតំបន់ ADB បានផ្តល់ប្រាក់ចំនួន៣.៧ពាន់លានដុល្លារ ក្រោមកម្មវិធីសន្តិសុខស្បៀង ចំនួន១៤ពាន់លានដុល្លាររបស់ខ្លួន ដោយផ្តល់ជំនួយស្បៀង អាហារសំខាន់ៗ សម្រាប់ប្រជាជនដែលត្រូវការជំនួយបំផុត និងពង្រឹងប្រព័ន្ធផលិតកម្មស្បៀង។

ដើម្បីគាំទ្រដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ច ADB បានផ្តល់ហិរញ្ញប្បទានសម្រាប់កំណែទម្រង់ស្ថាប័ន ពង្រឹងការផ្តល់សេវាសាធារណៈ និងកំណើនក្នុងវិស័យសេដ្ឋកិច្ចសំខាន់ៗ។ ការសម្រេចផ្តល់ ហិរញ្ញប្បទាន ចំនួន៣.៩ពាន់លានដុល្លាររបស់ ADB ដល់វិស័យឯកជន រួមមាន៖ ការគាំទ្រសន្ធនីយភាព មូលដ្ឋាន ដល់សហគ្រាសដែលកំពុងប្រឈម នឹងបរិយាកាសធុរកិច្ចដ៏លំបាក។

ទន្ទឹមនឹងនេះ ADB បានធ្វើការវិនិយោគយ៉ាងទូលំទូលាយលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយ គុណភាព ក៏ដូចជាវិស័យអប់រំ សុខាភិបាល និងវិស័យសង្គមផ្សេងទៀត ដែលរួមចំណែកដល់ការកសាង ភាពធន់ទូទៅនៃសេដ្ឋកិច្ច។

ការលើកកម្ពស់សមភាពយេនឌ័រនៅតែជាអាទិភាពក្នុងការងាររបស់ ADB ដោយ ៩៧% នៃប្រតិបត្តិការរបស់ ADB ក្នុងឆ្នាំ២០២២ បានចូលរួមចំណែកក្នុងផ្នែកនេះ។ ប្រតិបត្តិការទាំងនោះរួមមាន៖ ការផ្តួច ផ្តើមគំនិតដើម្បីកែលម្អលទ្ធភាព ទទួលបានការងារប្រកបដោយគុណភាពរបស់ស្ត្រី ជំរុញភាពជាសហគ្រិន របស់ស្ត្រី និងកសាងភាពធន់របស់ស្ត្រី ទៅនឹងការប្រែប្រួលអាកាសធាតុ។

របាយការណ៍ប្រចាំឆ្នាំ២០២២ ផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែល ADB កំពុងវិវឌ្ឍ ដើម្បីឆ្លើយ តបនឹងតម្រូវការដែលប្រែប្រួល និង ស្មុគស្មាញ នៃប្រទេសសមាជិកកំពុងអភិវឌ្ឍរបស់ខ្លួន។

ទាំងនោះ រួមបញ្ចូលវិធានការដើម្បីទទួលបានធនធានកាន់តែច្រើន ដើម្បីគាំទ្រដល់ការអភិវឌ្ឍក្នុងតំបន់ តាមរយៈការត្រួតពិនិត្យជាបន្ត នៃក្របខ័ណ្ឌភាពគ្រប់គ្រាន់នៃដើមទុន ក៏ដូចជាកំណែទម្រង់ស្ថាប័ន ជារចនា សម្ព័ន្ធ និងមិនមែនរចនាសម្ព័ន្ធរបស់ ADB ដោយប្រើគំរូប្រតិបត្តិការថ្មី។

លោក Asakawa បានថ្លែងថា «ខ្ញុំមានទំនុកចិត្តថា កំណែទម្រង់ទាំងនេះ នឹងធានាថា ADB ផ្តល់នូវផលជះកាន់តែខ្លាំងនៅក្នុងតំបន់ រួមទាំងតាមរយៈការពង្រីកការផ្តល់ហិរញ្ញប្បទានអាកាសធាតុ ការកៀរគរការវិនិយោគ ពីវិស័យឯកជនកាន់តែច្រើន និងការផ្តល់នូវដំណោះស្រាយអភិវឌ្ឍន៍ ទូលំទូលាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន»។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថា នឹងសម្រេចឲ្យបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់ និង និរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះ គ្រប់គ្រងដោយសមាជិកចំនួន៦៨ប្រទេស ដែលក្នុងនោះ មាន៤៩ប្រទេស មកពីតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕