(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំលោកស្រី អាន ផល្លា ប្រធានសមាគមន៍នារីខណ្ឌ លោក កូប ស្លេះ អភិបាលរងខណ្ឌ ចៅសង្កាត់ទួលសង្កែ សយ កុសល រួមទាំងមន្ត្រីក្រោមឱវាទ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ បានចូលរួមពិធីបើកការដ្ឋានដាក់ឲ្យដំណើរការ នៃការស្ថាបនាផ្លូវបេតុង និងប្រព័ន្ធលូ ស្ថិតក្នុងក្រុម១៤-១៥-និង១៦ ភូមិគង្គារផុស សង្កាត់ទួលសង្កែ ដោយមានបងប្អូនប្រជាពលរដ្ឋ មកពីតាមបណ្ដាភូមិជាង៥០០នាក់។
ចៅសង្កាត់ទួលសង្កែ បានលើកឡើងថា តាមការស្នើសុំតាមរយៈសាលាសង្កាត់ដើម្បីឆ្លើយតបទាន់សភាពការណ៍ទៅ និងតម្រូវការរបស់ប្រជាពលរដ្ឋនារដូវស្សា ដែលមានអទិភាពប្រើប្រាស់ក្នុងគម្រោងមូលនិធិសង្កាត់ឆ្នាំ២០១៦ និងដោយមានការអនុញ្ញាតពីលោក ជា ពិសី អភិបាលខណ្ឌ ដើម្បីប្រើប្រាស់គម្រោងមូលនិធិរបស់ខណ្ឌឆ្នាំ២០១៦ផងនោះ ប្រព័ន្ធលូប្រវែង៤៣០ម៉ែត្រ×០,៨ម៉ែត្រ និងផ្លូវបេតុងឆ្អឹងដែកប្រវែង២២៧ម៉ែត្រ×៥ម៉ែត្រ កម្ពស់០,១៥ម៉ែត្រ ជាមូលនិធិរបស់សាលាខណ្ឌឫស្សីកែវ និងប្រព័ន្ធលូប្រវែង៣៣៩ម៉ែត្រ×០,៨ ផ្លូវបេតុងគ្មានសសៃដែកប្រវែង៩១ម៉ែត្រ×៤ម៉ែត្រ ជាមូលនិធិរបស់សាលាសង្កាត់ទួលសង្កែត្រូវបើកការដ្ឋានជាផ្លូវការនៅព្រឹកថ្ងៃនេះ។
លោកចៅសង្កាត់ សយ កុសល បានលើកឡើងទៀតថា ទាក់ទងនិងបញ្ហាសន្តិសុខផ្សេងៗ ក្នុងសង្កាត់ទួលសង្កែទាំងមូល មានពលរដ្ឋរស់នៅ គិតទាំងយប់ទាំងថ្ងៃជាង១៣ម៉ឺននាក់ទៅ១៥ម៉ឺននាក់ បើប្រៀបធៀបទៅនិងកងកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍បូករួម និងប្រជាកាពារដែលស្ម័គ្រចិត្តនោះ គឺមានចំនួនតិចតួចណាស់ មានផលលំបាក ក្នុងការបំពេញភារកិច្ចរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ដូចនេះសាលាសង្កាត់ទួលសង្កែត ទៅថ្ងៃមុខចាំបាច់ត្រូវបំបែកសង្កាត់ហើយ ចំណែកភូមិទួលគោកបច្ចុប្បន្ននេះជាក់ស្ដែង ត្រូវបានបំបែករួចហើយឲ្យទៅជាភូមិគង្គារផុសវិញ។
ជាមួយគ្នានោះ លោក កូប ស្លេះ អភិបាលរងខណ្ឌឫស្សីកែវក៏បានលើកឡើងដែរថា តំបន់មួយចំនួនក្នុងខណ្ឌឫស្សីកែវ ដែលកំពុងទទួលរងទឹកលិចផ្លូវ ដែលមានផលលំបាក ក្នុងការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋនោះរួមមាន៖ ដូចជា វត្តញាណរង្សី,ភូមិដើមខ្វិត,និងភូមិផ្សារតូច ជាពិសេសគឺភូមិគង្គារផុសនេះតែម្ដង ព្រោះស្ថិតក្នុងគម្រោងជាអទិភាព ដែលត្រូវសិក្សាដើម្បីបន្តស្ថាបនា។
ដោយឡែក លោក ជា ពិសី បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ពិតជាប្លែកណាស់ពីមួយថ្ងៃទៅមួយថ្ងៃ ខណៈតំបន់មួយចំនួន ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ ភាគច្រើនសុទ្ធសឹងតែជាព្រៃត្រែង ត្រឹមមួយប៉ព្រិចភ្នែក បានប្រែក្លាយទៅជាកន្លែងកំសាន្ដសប្បាយ មានផ្លូវថ្នល់ល្អអាគារតូចធំទាបខ្ពស់ បានកើតឡើងជាបន្តបន្ទាប់នេះ ក៏ព្រោះតែប្រទេសកម្ពុជារបស់យើង បានទទួលសុខសន្តិភាព ពីយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃ៕