(ពោធ៍សាត់)៖ ក្រសួងបរិស្ថាន អង្គការដៃគូ និងអាជ្ញាធរ បានបន្តបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមប្រធានបទ «យើងរួមគ្នាបញ្ចប់វិបត្តិនៃការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃនៅកម្ពុជា» កាលពីថ្ងៃទី២២ ខែមសា ឆ្នាំ២០២៣។
យុទ្ធនាការនេះមានការចូលរួមយ៉ាងច្រើនកុះករពីស្ថាប័នរដ្ឋ វិស័យឯកជន សង្គមស៊ីវិល សិស្សនុសិស្ស និងប្រជាពលរដ្ឋ ដើម្បីបញ្ចប់វិបតិ្តអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។ យុទ្ធនាការនេះដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ។
ជុំវិញសកម្មភាពនេះលោក លោក វង្ស អេង អភិបាលស្រុកវាលវែង បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា យុទ្ធនាការអន្ទាក់សូន្យនេះពិតជាល្អខ្លាំងណាស់ សម្រាប់ស្រុកវាលវែង ក៏ដូចជាខេត្តពោធិ៍សាត់ ដោយសារតែស្រុកវាលវែង ពោលពេញទៅដោយសក្តានុពលផ្នែកធនធានធម្មជាតិ ជាពិសេសវត្តមានសត្វព្រៃកម្រៗជាច្រើន។
លោកអភិបាលស្រុក បានឱ្យដឹងថា សម្រាប់មូលដ្ឋានស្រុករបស់លោក គឺជានិច្ចកាលតែងតែមានព្រានព្រៃ មកពីស្រុក ឬខេត្តផ្សេងៗបានមកលួចបរបាញ់សត្វព្រៃ ដូច្នេះ តាមរយៈយុទ្ធនាការអន្ទាក់សូន្យដែលផ្តួចផ្តើមដោយក្រសួងបរិស្ថាន និងអង្គការដៃគូ ពិតជាល្អមែនទែន ក្នុងនាមជាអាជ្ញាធរលោកបានប្រកាសគាំទ្រលើយុទ្ធនាការអន្ទាក់សូន្យនេះ។
លោក វង្ស អេង បានបង្ហាញជំនឿថា យុទ្ធនាការនេះនឹងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ស្រុកវាលវែង តាមរយៈការផ្សព្វផ្សាយនានា ដែលជាផ្នែកពញ្ញាក់ស្មារតីដល់ប្រជាពលរដ្ឋឱ្យកាន់តែយល់ដឹងកាន់តែច្បាស់ពីសារសំខាន់ដែលមិនអាចកាត់ថ្លៃបាននៃធនធានធម្មជាតិ និងសត្វព្រៃ ដែលចំណុចទាំងនេះវានឹងធ្វើឱ្យអ្នកទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនឡើងសម្រុកមកលេងកម្សាន្តក្នុងស្រុកវាលវែង ដើម្បីបង្កើនឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ដោយឡែកលោកវរសេនីយ៍ត្រី ហ៊ុន រ៉ែម មេប៉ុស្តិ៍ប្រមោយ បានលើកឡើងថា ក្នុងនាមជាអាជ្ញាធរមូលដ្ឋានលោកតែងតឺដឹកនាំកម្លាំងរបស់លោកផ្សព្វផ្សាយពីច្បាប់ និងសារសំខាន់នៃព្រៃឈើ និងសត្វព្រៃ។ ខណៈយុទ្ធនាការអន្ទាក់សូន្យលើកទី២ ដែលផ្តួចផ្តើមដោយក្រសួងបរិស្ថាន និងអង្គការដៃ ឆ្ពោះមកកាន់ស្រុកវាលវែងនាពេលនេះ គឺសារដ៏មានសំខាន់ខ្លាំងណាស់ សម្រាប់ការពារសត្វព្រៃ ដែលរស់នៅតាមតំបន់ភ្នំនានាក្នុងស្រុកវាលវែង នៃខេត្តពោធិ៍សាត់នេះ។
លោក សួង សាង ជាប្រធានសហគមន៍តំបន់ការពារធម្មជាតិភូមិផ្ជឹិកជ្រុំ ឈើទាលជ្រុំ ឃុំប្រមោយ បានថ្លែងថា យុទ្ធនាការអន្ទាក់សូន្យដែលដង្ហែឆ្ពោះមកកាន់មូលដ្ឋានរបស់លោកនាពេលនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការលុបបំបាត់អន្ទាក់ដែលព្រានព្រៃលួចដាក់ដើម្បីចាប់សត្វ ជាពិសេសវាបានក្លាយជាសារមួយក្នុងការពញ្ញាក់ស្មារតីប្រជាពលរដ្ឋឱ្យចេះស្រឡាញ់ព្រៃ និងសត្វព្រៃ។
ប្រធានសហគមន៍រូបនេះ បានបន្តថា សម្រាប់សហគមន៍របស់លោកមានសត្វព្រៃច្រើនប្រភេទណាស់កំពុងមានវត្តមាននៅក្នុងព្រៃធម្មជាតិ ជាក់ស្តែងតំបន់ជួរភ្នំក្រវាញនេះក៏ជាជម្រករបស់សត្វដំរីព្រៃអាស៉ីផងដែរ។ ដូច្នេះ កាលណាយើងរក្សាព្រៃឈើ និងសត្វព្រៃបាននោះប្រជាសហគមន៍នឹងទទួលផលកាន់តែប្រសើរឡើងពីធនជាតិ។
ជាការយល់ឃើញរបស់យុវជន ប៊ុនធឿន ផានី និងកញ្ញា សាន ស្រីនា ជាសិស្សរៀនថ្នាក់ទី១២ នៅវិទ្យាល័យប្រមោយ បានថ្លែងថា បន្ទាប់ពីចូលរួមស្តាប់សារនានាពីសារសំខាន់នៃធនធានធម្មជាតិ និងសត្វព្រៃ តាមរយៈយុទ្ធនាការអន្ទាក់សូន្យនេះមក ខ្លួនកាន់តែយល់ច្បាស់ពីគុណតម្លៃរបស់វា។ ព្រៃឈើ និងសត្វព្រៃពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់ៗរូបនៅលើផែនដី។
យុវជនរូបទាំងនេះ បានអះអាងថា ខ្លួននឹងផ្សព្វផ្សាយពីសារសំខាន់នៃព្រៃឈើ និងសត្វព្រៃជូនដល់ក្រុមគ្រួសារ មិត្តភក្តិឱ្យបានយល់ដឹងកាន់តែច្បាស់ពីគុណតម្លៃនៃជីវៈចម្រុះនេះសម្រាប់មនុស្សតជំនាន់។
គួរឱ្យដឹងថា សម្រាប់ខេត្តពោធិ៍សាត់ ត្រូវបានក្រសួងបរិស្ថាន និងអង្គការដៃ បានបើកយុទ្ធនាការអន្ទាក់សូន្យចំនួន ២លើក គឺលើកទី១ បានប្រព្រឹត្តធ្វើឡើងនៅទីរួមខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៦ និងទី៧ ខែមេសា ឆ្នាំ២០២៣ និងលើកទី២នេះ បានធ្វើឡើងនៅស្រុកវាលវែង នាថ្ងៃទី២១ និងថ្ងៃ២២ ខែមេសា ឆ្នាំ២០២៣ ក្រោយសិក្សាឃើញថាមានការលក់សាច់សត្វព្រៃច្រើន។
លោក នេត្រ ភក្ត្រា បានថ្លែងថា៖ «យើងបានធ្វើយុទ្ធនាការនៅក្នុងខេត្តពោធិ៍សាត់ចំនួនពីរដង...! ពីរដងដោយសារតែខេត្តពោធិ៍សាត់ គឺជាខេត្តមួយដែលយើងបានសិក្សាទៅឃើញថាជាតំបន់ដែលមានការលក់សាច់សត្វព្រៃច្រើន ហើយក៏ជាតំបន់ដែលមានសត្វព្រៃច្រើន ដោយសារតែតំបន់នេះជាប់ជាមួយនឹងតំបន់ជួរភ្នំក្រវាញ»។
នាឱកាសនោះដែរ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា យើងមានដែនជម្រកសត្វព្រៃ មានឧទ្យានជាតិ ហើយការជ្រើសរើសយកទីរួមខេត្តផង និងយកស្រុកវាលវែងនេះផង ក៏ដើម្បីបញ្ជ្រាបនូវសារសំខាន់ៗពាក់ព័ន្ធជាមួយនឹងបញ្ហាបង្កផលប៉ះពាល់ដោយអន្ទាក់ ជំរុញ និងផ្សព្វផ្សាយអំពីផលប៉ះពាល់នេះទៅឱ្យសាធារណៈជនឱ្យបានយល់ជ្រាប និងបណ្ដុះស្មារតីឱ្យប្រជាពលរដ្ឋចូលរួមថែរក្សា និងអភិរក្សសត្វព្រៃ៕