(បន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្ត ចាប់ខ្លួនបន្ទាប់ពីលួចទូរស័ព្ទដៃមួយគ្រឿង នៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ នៅចំណុចផ្សារដើមពុទ្រា ស្ថិតក្នុង ភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ជា ដា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ ថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ធី ស្រីនាង អាយុ២៥ឆ្នាំ បានចេញពីធ្វើការ មកអង្គុយលេងនៅតូបលក់ឥវ៉ាន់ របស់បងស្រីក្នុងផ្សារដើមពុទ្រា ពេលនោះជនរងគ្រោះ បានយកទូរស័ព្ទម៉ាកសាំសុង ពណ៌ស ដាក់បញ្ចូលថ្មលើតុក្នុងតូប បន្ទាប់មកបានដើរចេញពី តូបលក់ឥវ៉ាន់ទៅទិញម្ហូប ដើរបានត្រឹមតែ៣០ម៉ែត្រ ស្រាប់តែបងស្រីខ្លួនបានស្រែកថា ចោរៗលួចទូរស័ព្ទ ពេលនោះអ្នកជិតខាងបានរត់ដេញតាមចាប់បានជនសង្ស័យភ្លាមៗ ប្រគល់អាវុធហត្ថក្រុងប៉ោយប៉ែតតែម្តង។

លោក បានបន្ដថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ហាក់ ទីម៉ា អាយុ២៨ឆ្នាំ បានសារភាពថា រូបគេពិតជាបានលួចទូរស័ព្ទដៃម៉ាកសាំសុង ពណ៌ស ១គ្រឿង របស់ជនរងគ្រោះ ដូចការចោទប្រកាន់ពិតប្រាកដមែន។ បច្ចប្បន្នជនសង្ស័យត្រូវបាន កសាងសំណុំរឿងដើម្បី ចាត់ការតាមច្បាប់ ចំណែកទូរស័ព្ទត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យម្ចាស់ដើមវិញហើយ៕