(កំពង់ឆ្នាំង)៖ ឧប្បដ្ឋានសាលា និងសមិទ្ធផលនានា ស្ថិតក្នុងវត្តសុវណ្ណនិមិត្ត នៅភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវ​បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣នេះ។

ពិធីសម្ពោធឧប្បដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តសុវណ្ណនិមិត្ត ត្រូវបានធ្វើ​ឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាកា​ររង មេបញ្ជាការកងទ័ពជើងអាកាស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូល​ដ្ឋានស្រុកកំពង់លែង អមដំណើរដោយនាយទាហានកងទ័ពជើងអាកាសជា​ច្រើនរូបទៀត។

ក្នុងឱកាសដ៏ឧឡារិកនោះ ក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរដែនដីគ្រប់ជាន់​ថ្នាក់ ក្នុងនោះមានលោក ឡុច វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត លោក យិន សា​វ៉េន អភិបាលរងខេត្ត និងក្រុមប្រឹក្សាភូមិ ឃុំជាច្រើនរូបក្រោមបរិយាកាសរីករាយ និងមោទនាភាពក្រៃលែង។

នៅចំពោះមុខប្រជាពលរដ្ឋចំនួន៤៣៨នាក់ នាយឧត្តមសេនីយ៍ សឹង សំណាង បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំគណបក្សប្រជានកម្ពុជា​។ ជា​ពិ​សេសក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនចុះជួយមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលលោកតែងនឹករលឹក និងខ្វល់ខ្វាយពីសុខទុក្ខប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សឹង សំណាង បានរំលឹកពីទុក្ខវេទនារបស់​ប្រជា​ពល​រដ្ឋខ្មែរនៅក្នុងរបបខ្មែរក្រហម។ លោកបណ្ឌិត សឹង សំណាង បាន​រំលឹក​​ថា របបខ្មែរក្រហមបានធ្វើទារុណកម្ម បង្អត់អាហារ បំបិទសិទ្ធិសេរីភាពគ្រប់​បែបយ៉ាង។

ទន្ទឹមនឹងការលើកបង្ហាញនូវទុក្ខវេទនាក្នុងរបបខ្មែរក្រហមហើយនោះ លោក​បណ្ឌិត សឹង សំណាង ក៏បានលើកបង្ហាញពីគុណបំណាច់របស់គណបក្សប្រជា​ជន​កម្ពុជា ដែលដឹកនាំដោយសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនា​ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។

ក្រោយថ្ងៃរំដោះប្រជាពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពសព្វបែបយ៉ាង ហើយជាតិ​ក៏ត្រូវបានកសាង និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្នុងនោះទី​អា​រាមគ្រប់ទីកន្លែងត្រូវបានកសាង ហើយប្រជាពលរដ្ឋមានសិទ្ធិធ្វើបុណ្យទានតាមជំនឿរបស់ខ្លួន។

នាយឧត្តមសេនីយ៍ ក៏បានសម្តែងក្តីរីករាយជាមួយសមិទ្ធិផលថ្មីដូចជា​ឧប្បដ្ឋាន​សា​លា ក្លោងទ្វារ គំនូរក្នុងព្រះវិហារ ជណ្តើរចុះច្រាំងទន្លេ និងចាក់សាបបេតុង​ក្នុង​វត្ត​សុវណ្ណនិមិត្តជាដើម។ ទាំងអស់នេះ​ បានផ្តើមចេញពីការ​ចូលរួមចែករំលែក​របស់ និងសប្បុរសជនជាពុទ្ធសាសនុប្បត្ថម្ភ។

ស្ថានភាពនេះ បានឆ្លុះបញ្ចាំងពីប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោ​បាយ​ល្អប្រសើរផ្ទុយពីប្រទេសមានសង្គ្រាម​គ្មានសិទ្ធិជួបជុំគ្នា ​ដើម្បីប្រារព្វពិធី​សម្ពោធ​ដូចថ្ងៃនេះទេ ប្រការនេះទាំងអស់គ្នាត្រូវប្តូរផ្តាច់ការពារ​សន្តិភាពឱ្យ​បាន​គង់វង្ស។

លោកបណ្ឌិត សឹង សំណាង បានលើកប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពីគុណតម្លៃសុខសន្តិភាព។ សុខសន្តិភាពរកបានដោយ​លំបាកណាស់ ជាពិសេសការកសាងប្រទេសចេញចេញពីបាតដៃទទេ ជាមួយផលលំបាកដ៏ធ្ងន់ធ្ងរ គឺគ្រោះអត់ឃ្លានគំរាមកំហែងក្នុងប្រទេស។

លោកបណ្ឌិត មានជំនឿយ៉ាងមុតមាំថា ប្រជាពលរដ្ឋនៅឃុំប្រឡាយមាស នឹងទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។ លោកបន្តថា ការអញ្ជើញទៅបោះឆ្នោត គឺបង្ហាញពីសិទ្ធិសេរីភាពក្នុងការជ្រើសរើសមេដឹកនាំដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជាតិវ្រកបដោយចិរភាព៕