(រតនគិរី)៖ លោក ហ៊ុត ពន្លឺ សមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ តំណាងលោក រឿន រិទ្ធីរ័ត្ន ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ លោក ស្ងួន ឌីណេ នាយករងមូលនិធិជនពិការ តំណាងលោក ស៊ឹម សុធន រដ្ឋលេខាធិការ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកនៃមូលនិធិជនពិការ បានចុះប្រគល់ផ្ទះថ្មី១ខ្នងរបស់មូលនិធិជនពិការ ធ្វើអំពីថ្មប្រកស័ង្កសីទំហំ ៤គុណ៦ម៉ែត្រ ជូនជនពិការក្រីក្រឈ្មោះ វង វ៉ាត ភេទប្រុស ជាជនពិការជើងស្តាំ ដោយសារមីន សព្វថ្ងៃរស់នៅភូមិអូរ ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក ជា ថាវរិទ្ធ អភិបាលរងខេត្តរតនគិរី តំណាងលោក ញ៉ែម សំអឿនអភិបាលខេត្តរតនគីរី សាខាមូលនិធិជនពិការខេត្ត តំណាងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អភិបាលស្រុកលំផាត់ លោកមេឃុំជ័យឧត្តម និងមន្ត្រីមូលដ្ឋានជាច្រើនរូបទៀត។
ថ្លែងក្នុងកម្មវិធីនេះ លោក ហ៊ុត ពន្លឺ បានថ្លែងថា តាំងពីឆ្នាំ២០១៩មក មូលនិធិជនពិការ បានសាងសង់ផ្ទះជូនជនពិការក្រីក្រចំនួន ៣៨ខ្នងរួចមកហើយ ដែលក្នុងនោះខេត្តរតនគិរីទទួលបាន១ខ្នងដែរ ដែលផ្ទះមួយខ្នងនេះប្រើប្រាស់ថវិកាអស់ចំនួន ២០លានរៀល ដែលជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងថវិកាពីសប្បុរសជននានាដែលបានចូលរួមបរិច្ចាគថវិកាចូលហិបប្រាក់វិភាគទានសប្បុរធម៌មូលនិធិជនពិការ។
លោក ជា ថាវរិទ្ធ បានថ្លែងអំណរគុណដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈមូលនិធិជនពិការ ដែលបានសាងសង់ផ្ទះ១ខ្នងជូនជនពិការទីទាល់ក្រនៅខេត្តរតនគិរី ដែលនេះបានសរបញ្ជាក់ពីការយកចិត្តទុកដាក់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលតែងតែគិតគូរដល់សុខទុក្ខ និងជីវភាពរបស់បងប្អូនជនពិការ។
តាមរយៈផ្ទះថ្មី១ខ្នងនេះ គឺពិតជាបានលើកកម្ពស់គុណភាពជីវិតរបស់គ្រួសារជនពិការឱ្យទទួលបានសុខុមាលភាព និងបង្កើនលទ្ធភាពក្នុងការអភិវឌ្ឍជីវភាព។
ក្នុងពិធីនេះដែរ មូលនិធិជនពិការក៏បានផ្តល់ជូននូវអំណោយសប្បុរសធម៌របស់មូលនិធិជនពិការ សម្រាប់ផ្តល់ជូនដល់គ្រួសារជនពិការដែលទទួលបានផ្ទះថ្មី នូវថវិកាចំនួន១០ម៉ឺនរៀល អង្ករ២៥គីឡូក្រាម ត្រីខ២យួរ ទឹកស៊ីវអ៊ីវ២យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ និងមី១កេស។
បន្ថែមលើពីនេះ រដ្ឋបាលខេត្តរតនគិរី បានឧបត្ថម្ភជាអង្ករ៥០គីឡូក្រាម ប្រេងឆា៤ដប និងថវិកា១០ម៉ឺនរៀល ព្រមជាមួយនូវអំណោយរបស់សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារួមមាន មុង១ ភួយ១ កន្ទេល១ និងកន្សែងជូតខ្លួន១ ដល់គ្រួសារជនពិការផងដែរ៕