(ពោធិ៍សាត់)៖ ពិធីស្រង់ព្រះ តាមវត្តអារាម ច្រើនតែធ្វើឡើងនៅថ្ងៃទី៣ ដែលជាថ្ងៃឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប៉ុន្តែសម្រាប់វត្តបាកាន ដែលជាវត្តមួយ មានបារមីព្រះអង្គបែរព្រះភក្តទៅទិសខាងលិច តែងតែប្រារព្ធពិធីនេះ ក្រោយគេជារៀងរាល់ឆ្នាំ ដោយបង្កភាពសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរណ៍ មកពីគ្រប់ទិសទី។

ជាក់ស្ដែងកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ វត្តបាកាន ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រះចៅអធិការ គណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានធ្វើពិធីស្រង់ព្រះ ស្រោចសុគន្ធវារី ដល់ព្រះភិក្ខុសង្ឃ និងងូតទឹកដល់មាតាបិតា ចាស់ព្រឹទ្ធាចារ្យ ទៅតាមទំនៀមទម្លាប់របស់ដូនតាយើង តាំងពីដើមមក ដោយមានការសំដែងរបាំជូនពរនិងរបាំត្រុដិផងដែរ។

ដូចគ្នានេះ អ្វីដែលកាន់តែអស្ចារ្យនោះ គឺព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន បានរៀបចំឲ្យមានការបាញ់កាំជ្រួច ការរាំលេងកំសាន្ត និងការប្រើប្រាស់រថយន្តបាញ់ទឹកជាច្រើនគ្រឿង ស្រោចស្រពទៅលើភ្ញៀវទេសចរ ពុទ្ធបរិស័ទជិតឆ្ងាយ ដែលមកលេងកំសាន្តយ៉ាងត្រជាក់ត្រជុំ ប្រកបដោយក្តីសប្បាយរីករាយក្រៃលែង។

បើតាមសង្ឃដិកា របស់ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន បានឲ្យដឹងថា ពិធីស្រង់ព្រះ ឬពិធីស្រោចសុគន្ធវារី ដល់ព្រះពុទ្ធបដិមា ព្រះសង្ឃ និងមាតាបិតា ចាស់ព្រឹទ្ធាចារ្យ គេតែងធ្វើឡើង នៅពេលបុណ្យចូលឆ្នាំខ្មែរ តែមិនកំណត់ពេលវេលាជាក់លាក់នោះទេ គ្រាន់តែមិនឲ្យហួសយូរខែប៉ុណ្ណោះ។

ក្រោយចូលឆ្នាំ វត្តខ្លះធ្វើមុន វត្តខ្លះធ្វើក្រោយ គឺអាស្រ័យទៅតាមការពិភាក្សារវាងគណៈកម្មការ អាចារ្យវត្ត និងអាជ្ញាធរមូលដ្ឋាន ក្នុងការកំណត់ពេលវេលា។ ប្រជាពុទ្ធបរិស័ទ ធ្វើពិធីនេះ ដោយមានទឹកលាយជាមួយផ្កាភ្ញីទឹកអប់ ដើម្បីស្រោចស្រពលើរូបបដិមា ឬអ្នកមានគុណ និងអ្នកដែលមានឋានៈខ្ពង់ខ្ពស់ជាងគេ ដែលបានស្រោចស្របទឹកព្រះសង្ឃ ងូតទឹកដុះក្អែល លាបប្រេងម្សៅ ជូនមាតាបិតា គ្រូឧបឈា ចាស់ព្រឹទ្ធាចារ្យ គឺទទួលបានផល្លាអនុសង្ឃ សម្រាប់អនាគត ជាតិនេះ បានទៅកាន់ឋានទេវលោក គឺបានសេចក្តីសុខគ្រប់បែបយ៉ាង។

ដោយសារមានជំនឿទំនៀមទម្លាប់ដូនតាយើងដូច្នេះហើយ ទើបបានជាប្រពៃណីបន្តមករហូត មកដល់សព្វថ្ងៃនេះ ពោលគឺបញ្ចប់វិធីបុណ្យចូលឆ្នាំថ្មីម្ដងៗ គេតែងធ្វើពិធីស្រង់ទឹកព្រះពុទ្ធរូប ព្រះសង្ឃ មាតាបិតា ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យ នៅតាមទីវត្តអារាម និងភូមិស្រុកនានា មិនដែលអាក់ខានឡើយ។ ទោះយ៉ាងណាការគោរពពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ អាចដំណើរការទៅបាន បងប្អូនប្រជាពលរដ្ឋអាចដើរលេងកម្សាន្តគ្រប់ទីកន្លែង គ្រប់ច្រកល្ហក គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ប្រជាពលរដ្ឋទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩គ្រប់ៗគ្នា ក្រោមម្លប់ដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គួររំលឹកថា វត្តបាកានជាវត្តមួយ ដែលស្ថិតនៅប៉ែកបច្ចឹមនៃខេត្តពោធិ៍សាត់ បើចេញដំណើរពីពោធិ៍សាត់ទៅមានចម្ងាយប្រហែល១៩គីឡូម៉ែត។ ពីអតីតកាល វត្តនេះគេហៅថាវត្តបានកា ហេតុដែលគេហៅបែបនេះមកពីប្រជាជន តែងបន់ស្រន់ពេលណា តែងទទួលបានជោគជ័យពេលនោះ។ វត្តនេះមានព្រះវិហារមួយ ដែលមានព្រះពុទ្ធរូបបែរមុខទៅទិសខាងលិច ហើយមានប្រាសាទតូចមួយនៅខាងកើតព្រះវិហារ ប្រាសាទនេះសង់ពីថ្មបាយក្រៀមលាយឡំដោយថ្មភួក៕