Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខេត្តមណ្ឌលគិរី ដុតកម្ទេចគ្រឿងញៀន៤០០កញ្ចប់ ក្នុងពិធីប្រយុទ្ធប្រឆាំងគ្រឿងញៀន

13-07-2016 14:37

(មណ្ឌលគិរី)៖ អាជ្ញាធរខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ បានដុតកម្ទេចចោលនូវគ្រឿងប្រមាណ ៤០០កញ្ចប់ ដើម្បីអបអរទិវាប្រយុទ្ធប្រឆាំង គ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍ យើងគ្មានគ្រឿងញៀន»។

ពិធីនេះបានប្រព្រឹត្តទៅនៅក្បែររង្វង់មូលគោព្រៃ ដែលមានការចូលរួមពី លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី កងកម្លាំង ប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះដែរ លោក ស្វាយ សំអ៊ាង បានថ្លែងថា ខេត្តមណ្ឌលគិរីមានប្រជាជនចំនួនតិច តែករណីរីករាលដាលបញ្ហាគ្រឿងញៀន កើតមានច្រើនគួរឲ្យកត់សំគាល់ បន្ថែមពីនេះលោក ស្នើរឲ្យមន្ត្រីនគបាលយុតិធម៌ រួមមានកម្លាំងប៉ូលិស និងកម្លាំងអាវុធហត្ថជាពិសេស ប្រជាពលរដ្ឋទូទៅ គឺមានសិទ្ធចូលរួមរាយការណ៍ ពីករណីនេះមកសមត្ថកិច្ច រួមសហការគ្នាទប់ស្កាត់ការជួញដូរ និងប្រើប្រាស់ គ្រឿងញៀន ឲ្យមានប្រសិទ្ធភាព។

លោក តូច យ៉ុន ស្នងការខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងឆមាសទី១នេះ កម្លាំងរបស់ស្នងការដ្ឋានខេត្ត ធ្វើការបង្ក្រាបបាន៩ករណី និងបានឃាត់ខ្លួនមនុស្សបាន៣៤នាក់បញ្ជូនទៅតុលាការ។ បន្ថែមពីនេះ លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តមណ្ឌលគិរី បានលើកឡើងថា ស្ថាប័នអយ្យការខេត្ត បានចាត់ការលើសំណុំរឿងគ្រឿងញៀនបាន៣០ករណី និងរឹបអូសបាន គ្រឿងញៀន៣៩៩កញ្ចប់ ផងដែរ ដើម្បីដុតកម្ទេចចោលក្នុងឱកាសនេះ៕