(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង បានអញ្ជើញអធិបតី ក្នុងការបើកវិញ្ញាសាប្រឡងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារ នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញចំនួន ១៤រូប ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ជាគណៈកម្មការ និងអនុគណៈកម្មការរៀបចំការប្រឡង។

ការប្រឡងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារ នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ មានចំនួន ១៤រូប សម័យប្រឡងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ រៀបចំឡើងដើម្បីជ្រើសរើសមន្ត្រីផ្នែកនីតិសាស្ត្រចំនួន ១២រូប និងមន្ត្រីផ្នែកភាសារអង់គ្លេសចំនួន ០២រូប មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ៣៨៤នាក់ ស្រី ១៣២នាក់។ ក្នុងនោះ បេក្ខជនផ្នែកនីតិសាស្ត្រ មានចំនួន ៣៣៥នាក់ ស្រី ១១៥នាក់ ចែកចេញជា ១៣បន្ទប់ និងបេក្ខជនផ្នែកភាសាអង់គ្លេស មានចំនួន ៤៩នាក់ ស្រី ១៧នាក់ ចែកចេញជា ០២បន្ទប់ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យជាតិគ្រប់គ្រង។

អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានថ្លែងថា ការប្រឡងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារ នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីជំនួសក្របខណ្ឌមន្ត្រីរាជការដែលបានចូលនិវត្តន៍ ផ្ទេរក្របខណ្ឌទៅក្រសួងស្ថាប័នផ្សេង លាឈប់ពីការងារ និងទទួលមរណភាព។

ម្យ៉ាងទៀត ការជ្រើសរើសមន្រ្តីរាជការនេះ ក៏ជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការផ្តល់ឱកាសឱ្យបញ្ញាវន្តជំនាន់ក្រោយជាយុវជនដែលពោពេញដោយកម្លាំងថាមពល បញ្ញាញាណ និងសមត្ថភាព បានចូលរួមបម្រើក្នុងក្របខណ្ឌនៃស្ថាប័នកំពូលជាតិមួយនេះ ជាពិសេសក្នុងបុព្វហេតុធានាការពារការគោរពរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសជាតិ៕