(ឧត្តរមានជ័យ)៖ រថយន្ដមួយគ្រឿងមិនស្គាល់ម៉ាក បានបុកម៉ូតូចំពីមុខពេញទំហឹងបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ធ្ងរ ក្រោយមករថយន្ដបង្កបានបើកគេច បាត់ស្រមោល នៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិថ្លាត ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ៣នាក់ជិះម៉ូតូម៉ាក Honda Wave មួយគ្រឿង គ្មានផ្លាកលេខ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុច​កើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ពណ៌ខ្មៅ មិនស្គាល់ម៉ាក បានបោះពួយយ៉ាងលឿន ក្នុងទិសដៅបញ្ច្រាសទិសគ្នា ក៏បានឆ្លងគំនូស​មកបុកម៉ូតូពេញទំហឹ​ងរួចគេចខ្លួនបាត់ភ្លាមៗ។

មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះទី១- ឈ្មោះ រូ ប៊ុនរ៉ី អាយុ២៣ឆ្នាំ រស់នៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង រងរបួសធ្ងន់ ទី២- ឈ្មោះ ង៉ា អាយុ១៧​ឆ្នាំ រស់នៅភូមិអូរចិញ្ជៀន ឃុំអន្លង់វែង រងរបួសបាក់ថ្គាម និងបាក់ជើងខាងឆ្វេង និងទី៣- មិនស្គាល់អត្តសញ្ញាណ រងគ្រោះបាក់ជើងខាងឆ្វេង។

ក្រោយកើតហេតុសមត្ថកិច្ច​ជំនាញបានទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការវាស់វែង និងតាមរករថយន្តបង្ក ដើម្បីចាត់ការតាមផ្លូវច្បាប់ រីឯជនរងគ្រោះទាំង៣ត្រូវ​បញ្ជូនទៅកាន់មន្ទីរពេទ្យ​បង្អែកស្រុកអន្លង់វែង៕