(កំពត)៖ ក្រៅពីការមមាញឹក ទៅលើការងារពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ជូន ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននោះ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៦នេះ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ បាននាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមមាន ជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួន ទៅជូនជនក្រីក្រ និងទីទាល់ស្ថិតនៅ ស្រុកបន្ទាយមាស និងស្រុកឈូក ដើម្បីចូលរួមកាត់បន្ថយ ការលំបាករបស់ពួកគាត់ បានមួយកម្រិតទៀត។
ក្រោយពីទទួលបានព័ត៌មានពីជីវភាព ដ៏លំបាករបស់ប្រជាពលរដ្ឋទាំង២ គ្រួសារខាងលើនេះ លោកឧត្តមសេនីយ៍ស្នងការ បានដឹកនាំមន្រ្តីនគរបាលចុះទៅភ្លាម ដល់លំនៅដ្ឋានរបស់ពួកគាត់តែម្តង។
មុនដំបូង លោកស្នងការ បានអំណោយទាំងនេះជូនលោក ជា ត្រេ អាយុ៤៥ឆ្នាំ ដែលកំពុងចិញ្ចឹមកូនៗចំនួន៣នាក់ នៅក្នុងគ្រួសារ។ បុរសរូបនេះមានកាយសម្បទា មិនប្រក្រតីដែលរស់នៅ ភូមិព្រៃស្រឡៅ ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
គ្រួសាររបស់បុរកំសត់នេះ បានទទួលអំណោយ នូវគ្រឿងឧបភោគ ព្រមទាំងថវិកាចំនួន៤០ម៉ឺនរៀលផងដែរ។ ដោយឡែក នៅវេលាម៉ោង១៖៣០នាទី រសៀលថ្ងៃដដែលនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំយកអំណោយជូនលោកយាយវ័យ៩៤ឆ្នាំ និងកូនៗរបស់គាត់ទាំង២ ដែលមានអាយុ៧៣ឆ្នាំ និងម្នាក់ទៀតអាយុ៧០ឆ្នាំ។
លោកយាយទាំងម្តាយ និងកូន៣នាក់នេះ រស់នៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ដោយទទួលបាននូវអំណោយ សម្តេចកត្តិព្រឹត្តបណ្ឌិត នូវអង្ករ២បាវ ទឹកត្រី ទឹកស៊ីវអ៊ីវ ព្រមទាំងថវិកាចំនួន ៤០ម៉ឺនរៀលផងដែរ៕