(កំពត)៖ លោក Jeff Cassel វិនិយោគិនជនជាតិអូស្ត្រាលី មានសញ្ជាតិខ្មែរ បានសម្រេចចិត្តស្នើសុំអន្តរាគមន៍ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដើម្បីជួយ ដោះស្រាយបញ្ហាទំនាស់ដីធ្លី ក្រោយពីមិនឃើញមានចំណាត់ការរបស់ អាជ្ញាធរមូលដ្ឋាន អស់រយៈពេលជាង ១ឆ្នាំមកហើយ។
បើតាមព័ត៌មាន ដែលអង្គភាព Fresh News ទើបទទួលបាននៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា កាលពីដើម ឆ្នាំ២០១៥ លោក Jeff Cassel បានទិញដីលំនៅដ្ឋានមួយកន្លែង ដើម្បីសាងសង់ផ្ទះឱ្យកូនស្រីរបស់លោក ដែលស្ថិតក្នុងភូមិកំពង់ក្រែង ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត និងបានស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិដែរ ប៉ុន្តែដោយមានបញ្ហាកំណត់ព្រំដីជាមួយអ្នកជិតខាង ទើបលោកបានស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានជួយដោះស្រាយអស់ជាង១ឆ្នាំហើយ រហូតមកដល់ពេលនេះ នៅតែពុំមានចំណាត់ការ ដោះស្រាយច្បាស់លាស់នៅឡើយ។
លោក Jeff Cassel បានត្អូញត្អែពីការបាត់បង់ជំនឿចិត្តលើអាជ្ញាធរមានសមត្ថកិច្ចខេត្តកំពតថា មិនបានបង្កលក្ខណៈងាយស្រួល ផ្តល់សេវាសាធារណសម្រួលដល់បរិយាកាសរស់នៅរបស់ប្រជាពលរដ្ឋ ខណៈសម្តេចតេជោ នាយករដ្ឋមន្ត្រី បាននិងកំពុងយកចិត្តទុក ដាក់ពង្រឹងការផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធិភាព ពិសេសតាមរយៈគោលនយោបាយដោះស្រាយបញ្ហាដីធ្លីរបស់ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្របតាមអភិក្រម «ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានប្រសិទ្ធិភាព»។
ទោះជាយ៉ាងណា ក៏លោក Jeff Cassel មិនអស់សង្ឃឹមដែរ ដោយលោកបានរៀបចំបែបបទស្នើសុំអន្តរគមន៍ និងសំណូមពរដល់ សម្តេចតេជោ ហ៊ុន សែន និងលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដើម្បីពិនិត្យ ដោះស្រាយ និងចាត់តាំងក្រុមការងារ ចុះដោះស្រាយក្នុងពេលឆាប់ៗ ដើម្បីលោកអាចមានលទ្ធភាពសាងសង់ផ្ទះរស់នៅជួបជុំ គ្រួសារក្នុងពេលឆាប់ៗ។
Fresh News មិនទាន់អាចទំនាក់ទំនងទៅអាជ្ញាធរខេត្តកំពត បាននៅឡើយទេ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ៕