(ភ្នំពេញ)៖ ក្រុមយុវជនសង្គមស៊ីវិល នឹងរៀបចំសន្និសីទសារព័ត៌មានមួយ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីជំរុញឱ្យយុវជន ចូលរួមទប់ស្កាត់ និងលុបបំបាត់ចោលគោលនយោបាយខ្មៅកខ្វក់។
សន្និសីទសារព័ត៌មាននេះ នឹងធ្វើឡើងចាប់ពីម៉ោង១០៖០០ ដល់ម៉ោង១១៖០០ នៅទីតាំងទីស្នាក់ការកណ្ដាល យុវជនសង្គមស៊ីវិល អគារលេខ២១ ផ្លូវ១៨៩ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សេចក្តីប្រកាសរបស់ យុវជនសង្គមស៊ីវិល បានឱ្យដឹងថា ខ្លួនបានតាមដានយ៉ាងយកចិត្តទុកដាក់ លើបញ្ហាសង្គមនយោបាយកន្លងមក និងពេលបច្ចុប្បន្ន។ ខ្លួនសង្កេតឃើញថា អ្នកនយោបាយប្រឆាំងមួយចំនួនតូច តែងតែរិះរកយុទ្ធសាស្ត្រធ្វើឲ្យខុសសីលធម៌សង្គម សីលធម៌នយោបាយ ខុសច្បាប់ជាតិ-អន្តរជាតិ ប៉ះពាល់កិត្តិយសប្រទេសជាតិក្នុងឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន។
ក្រុមយុវជនសង្គមស៊ីវិលបានបន្តថា៖ «ជាក់ស្តែងមានមេដឹកនាំប្រឆាំងម្នាក់ ដែលជាអតីតមេដឹកនាំអតីតបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅក្រៅប្រទេស តែងតែញុះញង់បំបែកបំបាក់ជាតិ សាសន៍ លាបពណ៌ ប្រជាជនខ្មែរទាំងក្នុងនឹងក្រៅប្រទេសឲ្យវាយតម្លៃជាតិសាសន៍ ប្រើភាសារើសអើងពូជសាសន៍ បង្កើតគោលនយោបាយ ភូតភរកុហក ប្រជាភិថុត បោកបញ្ឆោតបំភ័ន្តភ្នែកមហាជនជាតិ-អន្តរជាតិឲ្យវមើលងាយជាតិសាសន៍ខ្លួនឯង បង្កើតបញ្ហាផ្សេងៗរាប់មិនអស់។ នយោបាយមេដឹកនាំអតីតបក្សប្រឆាំងរូបនេះ គឺរាប់សិបឆ្នាំមកនេះមិនដែលបានផ្តល់ផលចំណេញជូនជាតិនោះទេមានតែរាំងខ្ទប់ ការអភិវឌ្ឍជាតិ បំផ្លាញវប្បធម៌នយោបាយល្អៗ ហើយបង្កើតនូវវប្បធម៌នយោបាយអាក្រក់ដែលមិនអាចជួយបង្រួបបង្រួមជាតិ និងសង្គមកម្ពុជាឡើយ»។
មានកត្តាជាច្រើន ដែលយុវជនសង្គមស៊ីវិល បានដឹងពីនយោបាយពុតត្បុត ហើយប្រជាជនខ្មែរដែលបានរងគ្រោះ បានធ្វើសកម្មភាពខុសច្បាប់ ដោយសារតែមនោគមវិជ្ជាខ្មៅកខ្វក់ជ្រុលនិយម។ តែជាសំណាងល្អ ដោយសារប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសបានដឹងខ្លួន និងដកខ្លួនចេញ ក្រោយពីបានដឹងអំពីគោលនយោបាយខ្មៅកខ្វក់របស់មេដឹកនាំឧទ្ទាមក្រៅប្រទេសម្នាក់នោះ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ ក្រុមយុវជនសង្គមស៊ីវិល៖