(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារ កងរាជរាជអាវុធហត្ថត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ តម្រាយផ្លូវពិធីដង្ហែព្រះអគ្គិកីឡា ដែលនឹងដង្ហែមកដល់ទឹកដីខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរ លោកនាយការិយាល័យជំនាញ លោកមេបញ្ជាការ-មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក លោកប្រធានស្នាក់ការសន្តិសុខ នាយ នាយរងកងរាជអាវុធហត្ថចំនួន១០២នាក់ ដែលប្រារព្ធ ធ្វើឡើងនៅសាលប្រជុំធំ អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ។

ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានថ្លែងនូវការកោតសរសើរដល់អាវុធហត្ថទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច បម្រើប្រទេសជាតិ និងប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរនាពេលកន្លងមក ដោយបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយនឹងការសម្រេចលទ្ធផលការងារកន្លងមក លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានណែនាំដល់អាវុធហត្ថទាំងអស់ត្រូវថែរក្សាសុខភាពឲ្យបានល្អ ព្រោះសុខភាព គឺជាកត្តាចម្បង ដែលយើងត្រូវយកចិត្តទុកដាក់ កាលណាមានសុខភាព ល្អ យើងអាចធ្វើអ្វីៗសម្រេចដោយជោគជ័យ។ មិនត្រឹមតែប៉ុណ្ណោះក្នុងនាមអាវុធហត្ថ ដែលមានតួនាទីបម្រើជាតិ ប្រជាជន យើងក៏ត្រូវតែមានគុណធម៌ និងត្រូវដុសខាត់សមត្ថភាព និងចំណេះវិជ្ជាបន្ថែម ដើម្បីចែករំលែកបទពិសោធន៍ដែលមានជូនដល់អង្គភាពរបស់យើង។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានបំពាក់ឋានន្តរសក្តិជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តចំនួន១២រូប រួមមាន៖ ថ្នាក់វរសេនីយ៍ត្រី១រូប, អនុសេនីយ៍ឯក២រូប, អនុសេនីយ៍ទោ១, អនុសេនីយ៍ត្រី ១, នាយចំណង់២រូប និងព្រិន្ទបាលទោ៥រូប និងផ្តាស់ប្តូរមុខដំណែង២រូប និងទទួលបានប័ណ្ណសរសើរ ចំនួន២៥រូប មានសា្នដៃក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំឆ្នាំ២០២២ ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ៕