​(ពោធិ៍សាត់)៖ ក្រុមអ្នកជំនាញមកពីអង្គការផ្នែកអភិរក្សធនធានធម្មជាតិ ដែលកំពុងធ្វើសកម្មការពារសត្វព្រៃ និងអភិរក្សជីវៈចម្រុះនៅប្រទេសកម្ពុជា បានបង្ហាញទស្សនស្រដៀងគ្នា ដោយចង់ឃើញមានការដាក់ទោសទណ្ឌផ្នែកច្បាប់ឱ្យបានច្រើនឆ្នាំ ចំពោះបុគ្គលដែលនៅតែមិនរាងចារ ដែលនៅតែបន្តសកម្មភាពបរបាញ់ និងជួញដូរសត្វព្រៃដោយខុសច្បាប់ ដើម្បីជាសារព្រមានដល់ជនទាំងឡាយណាដែលបន្តលួចលាក់ប្រព្រឹត្តបទល្មើសនេះ។

ក្នុងឱកាសថ្លែងសន្និសីទសារព័ត៌មាន​ស្តីពីយុទ្ធនាការ «អន្ទាក់សូន្យលើកទី២» នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ លោក សេង ទៀក នាយកអង្គការ WWF ប្រចាំកម្ពុជា និងជាប្រធានលេខាធិការដ្ឋានយុទ្ធនាការអន្ទាក់សូន្យ បានបង្ហាញបំណងយ៉ាងដូច្នេះថា៖ ​«ខ្ញុំចង់ឃើញការដាក់ទោសទណ្ឌនេះ គឺជាទោសទណ្ឌមួយដែលជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ ចំពោះអ្នកដែលមានអន្ទាក់ និងសម្លាប់សត្វព្រៃ អ៊ឹចឹងខ្ញុំស្នើក្រសួងបរិស្ថានពិនិត្យមើលមាត្រាមួយចំនួនពាក់ព័ន្ធនឹងច្បាប់តំបន់ការពារ»។

លោក សេង ទៀក បានឱ្យដឹងថា តាមរយៈរបាយការណ៍របស់ក្រសួងបរិស្ថាន នៅក្នុងឆ្នាំ២០២២ ​កម្លងមកនេះ បានរកឃើញអន្ទាក់ដែលជនល្មើសបានដាក់នៅតំបន់ការពារទាំងអស់ ដើម្បីចាប់សត្វព្រៃនៅទូទាំងប្រទេសមានចំនួន ៣៥,១៩៣​អន្ទាក់​។​ បើប្រៀបបធៀបអន្ទាក់ដែលចាប់បាននៅក្នុងឆ្នាំ២០២១ មុនយុទ្ធនាការអន្ទាក់សូន្យ មានជាង៦ម៉ឺនអន្ទាក់ ថយចុះមកជាង៣ម៉ឺនអន្ទាក់ ដែលថយចុះប្រហែល ៤០ភាគរយ។

ពាក់ព័ន្ធនឹងយុទ្ធនាការអន្ទាក់សូន្យនេះ ​លោកបានសម្តែងក្តីសង្ឃឹមថា ដោយមានការខិតំប្រឹងប្រែងរបស់ស្ថាប័នរដ្ឋ និងអង្គការដៃគូនានា ព្រមទាំងមានការចុះពីសំណាក់មន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍នៅតាមតំបន់ការពារធនធានធម្មជាតិ បានចូលដោះអន្ទាក់ បង្ក្រាបទល្មើសធនធានធម្មជាតិយ៉ាងមានប្រសិទ្ធភាព ្រមទាំងបានអនុវត្តច្បាប់បានយ៉ាងតឹងរឹងចំពោះជនល្មើសជាដើម។

នាយកអង្គការ WWF រូបនេះ បានគូសញ្ជាក់ថា៖ «វិធានការច្បាប់ត្រូវតែអនុវត្តឱ្យបានតឹងរឹងចំពោះអ្នកដែលសម្លាប់សត្វព្រៃ និងជួញដូរសត្វព្រៃ ចំណុចនេះដែលយុទ្ធនាការអន្ទាក់សូន្យសម្រេច គឺយើងត្រូវពិនិត្យលើគោលនយោបាយ និងច្បាប់ពិសេសនោះការផាកពិន័យ និងការដាក់ទោសទណ្ឌ»

​ទន្ទឹមនឹងនេះដែរ លោក សេង ទៀក ក៏បានស្នើឱ្យមានការពិនិត្យ និងកែប្រែនូវមាត្រាមួយចំនួនពាក់ព័ន្ធការហាមសម្លាប់ ចាប់សត្វព្រៃផងដែរ។ ដោយ​បច្ចុប្បន្ននេះ បានអនុវត្តចំពោះអ្នកដែលចាប់ ទាក់ និងសម្លាប់សត្វព្រៃគ្រាន់តែធ្វើកិច្ចសន្យា និងផាកពិន័យពី ១លាន ទៅ១០លានរៀលប៉ុណ្ណោះ ដែលនេះគឺជាចំណុចតិចតួចបំផុតចំពោះទង្វើដែលជនល្មើសទាំងនេះបានប្រព្រឹត្ត។

បើតាមលោក ទុយ សេរីវឌ្ឍន នាយកកម្មវិធីអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ បានថ្លែងថា «បើមានការពិភាក្សា (ច្បាប់ដាក់ទោសទណ្ឌជនប្រព្រឹត្តបទល្មើសធនធានធម្មជាតិ) លោកនឹងចូលរួម ប៉ុន្តែ ត្រូវឆ្លងកាត់ការពិភាក្សាគ្នាឱ្យបានដិតដល់បន្តិច ពីព្រោះធ្វើនៅក្នុងរយៈពេលខ្លី ក្រែងលោឥរិយាបថរបស់ប្រជាជនយើងលោកអត់ទាន់បទលឿនអ៊ឹចឹង»

លោកបង្ហាញក្តីសង្ឃឹមថា តាមរយៈយុទ្ធនាការអន្ទាក់សូន្យ មិនយូរ មិនឆាប់នឹងឈានទៅដល់ការបង្កើតច្បាប់ដាក់ទោសទណ្ឌចំពោះជនល្មើសរូបណាដែលនៅតែមិនរាងចារបន្តបរបាញ់សត្វព្រៃ សម្រាប់ធ្វើអាជីវកម្ម។

ចំណែកលោក លូ វ​ន្នី​ តំណាងអង្គការ FFI ​ប្រចាំកម្ពុជា បានផ្តល់ជាយោបល់ថា បើសិនជាអាចក្នុងអត្ថបទផ្សព្វផ្សាយព័ត៌មានគួរតែរំលេចនូវច្បាប់ស្តីពីទោសទណ្ឌ ព្រមទាំងការផ្សព្វផ្សាយ អប់រំ ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែយល់ដឹងកាន់តែច្បាប់ពីសត្វព្រៃ ជាពិសេសការប្រឈមមុខនឹងផ្លូវច្បាប់ចំពោះការប្រព្រឹត្តបទល្មើស។

​លោក​ លូ វន្នី បានបន្តថា ការផ្សព្វផ្សាយអប់រំនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ឱ្យប្រជាពលរដ្ឋបានយល់ដឹង ជាពិសេសនោះជនល្មើសដែលធ្លាប់ដាក់អន្ទាក់ បរបាញ់សត្វព្រៃ ដើម្បីលក់ដល់ឈ្មួញដើម្បីចែកចាញបន្តសម្រាប់បរិភោគ ឱ្យពួកគេងាកមកចូលរួមបំបាត់ការប្រកបរបរនេះ ដោយងាយមកចូលការពារ និងអភិរក្សសត្វព្រៃឱ្យគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ៕