(ភ្នំពេញ)៖ ថ្លែងក្នុងអញ្ជើញជាអធិបតីបុណ្យបញ្ចុះខណ្ឌសីមា​ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅ​សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា សេរីភាពរបស់សម្តេចជាច្រើនត្រូវបានបាត់បង់ ព្រោះតែមានកម្លាំងការពារច្រើនពេក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ឥលូវនេះគឺសុំនិយាយដោយត្រង់គឺថាស្ថិតក្នុងស្ថានភាពជាអ្នកទោសពាក់កណ្តាល អាចនិយាយបានថាអញ្ចឹងតែម្តង អត់មានសេរីភាពទេ សព្វថ្ងៃនេះគឺថាបាត់បង់សេរីភាព មកអញ្ជឹងមានសេរីភាព ក៏ប៉ុន្តែមើលទៅសេរីភាពនេះវាយ៉ាងមិច»

ពាក់ព័ន្ធនឹងរឿងការបាត់បង់សេរីភាព ដោយសារតែមានកម្លាំងការពារច្រើនពេកនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដែរថា ថ្ងៃមុនកូនស្រី បានហៅឱពុក ម្តាយ និងបងប្អូនទៅលេងខេត្តកែប ទៅលេងដោយស្ងាត់ស្ងៀម ស្រាប់តែព្រឹកឡើងបើកមើលប្រព័ន្ធបណ្តាញសង្គមនៃការបញ្ជូនសាររបស់លោក យូ ស៊ុនឡុង បានចាត់តាំងកម្លាំងការពារតាំងពីខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត និងបន្តដល់ខេត្តកែបតែម្តង អញ្ជឹងបានសេចក្តីថា គ្រាន់តែដំណើរទៅកម្សាន្តសប្បាយ គឺបានរៀបចំកម្លាំងការពារចូលដល់រាប់ពាន់នាក់ និងមានកម្លាំងឈរនៅខេត្តកែបជាង ៣០០នាក់ ឧទ្ធម្ភាគចក្រ ៣គ្រឿង​ ចុះចតនៅខេត្តកែប ដើម្បីការពារថែទៀត។

ដើម្បីកុំឱ្យមានកម្លាំងការពារច្រើនពេកសម្តេចតេជោ ហ៊ុន សែន បន្ថែមទៀតថា ចាប់ពីនេះទៅរាល់ដំណើររបស់សម្តេច គឺឱ្យដឹងមុនត្រឹមតែ ១៥នាទី ទៅ៣០នាទីប៉ុណ្ណោះ បើមិនដូចនេះគឺនឹងមានកម្លាំងស្ទាក់ចាំពេញផ្លូវទាំងអស់ ធ្វើឱ្យសម្តេចបាត់បង់សេរីភាពតែម្តង។

ជាមួយគ្នានោះសម្តេចតេ​ជោ ហ៊ុន សែន បានឱ្យដឹងទៀតថា «ធ្វើអ្នកធំមានអ្នកចង់ធ្វើ តែធ្វើមិចវាសនារបស់គេចារមកថាមិនបានធ្វើធំទេ ទោះបីជាងាប់ទៅជាតិក្រោយទៀត ក៏មិនបានធ្វើនាយករដ្ឋមន្ត្រីដែរ ឯខ្ញុំមិនចង់ធ្វើហើយក៏មិនស្គាល់តំណែងនាយករដ្ឋមន្ត្រីរបៀបមិចផងទេ ប៉ុន្តែបែរជាមកធ្វើជានាយករដ្ឋមន្ត្រី រហូតជិត ៤ទស្សវត្ស ហើយបើកបូកអំពីតំណែងនានានៅក្នុងជួររដ្ឋាភិបាលជាង៤៤ឆ្នាំ បំបែកឯកត្តកម្មលើពិភពលោករួចស្រេចទៅហើយ»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ឯកត្តកម្មលើពិភពលោក ដែលសម្តេចបានបំបែកនោះរួមមាន៖ រដ្ឋមន្ត្រីការបរទេសដែលក្មេងជាងគេលើពិភពលោក, នាយករដ្ឋមន្ត្រីដែលក្មេងជាងគេលើពិភពលោក និងឯកត្តកម្មទី៣ ដែលបានបំបែកគឺនាយករដ្ឋមន្ត្រី ដែលយូរជាងគេលើពិភពលោក៕