(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការកសាងវត្តព្រះបារមីវង្កតបុរី មិនសម្រាប់តែត្រកូល «ហ៊ុន» និងត្រកូល «ឌី» ប៉ុណ្ណោះទេ តែសម្រាប់ប្រជាពលរដ្ឋទូទៅផងដែរ។
ការថ្លែងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា បានអញ្ជើញជាអធិបតីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន រំពឹងថា កូនចៅត្រកូល «ហ៊ុន» និងត្រកូល «ឌី» នឹងមិនបោះបង់វត្តព្រះបារមីវង្កតបុរីនោះទេ ហើយបន្តជួយជ្រោមជ្រែងគាំទ្រដល់វត្តនេះរហូតទៅ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «កសាងទីអារាមនៅទីនេះវាមិនគ្រាន់តែជាទីអារាមសម្រាប់ផ្នូររបស់មាតា បិតា របស់ខ្ញុំប៉ុណ្ណោះទេ ក៏ប៉ុន្តែ សម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្ត និងអ្នកដទៃទៀតដែលមានជំនឿលើព្រះពុទ្ធសាសនា ដែលខ្ញុំព្រះករុណាខ្ញុំគិតថានេះជាចំណងទាក់ទងដ៏ប្រសើររវាងអាណាចក្រ និងពុទ្ធចក្រ»។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅក្នុងឱកាសជួអាចារ្យ អាចារិនី អំពីទំនាក់ទំនងរវាងពុទ្ធចក្រ និងអាណាចក្រ ទាក់ទងនឹងភាពល្អប្រសើរដែលយើងបានបង្ហាញនៅទីនេះស្រាប់ហើយពេលដែលអាណាចក្រមានវិបត្តិជនភៀសខ្លួនមកកាន់ទីអារាមនេះ ដែលគ្រាមុនហៅថា វត្តទួលក្រសាំង ដែលកាលណោះគ្រាន់តែវត្តទទួលជនភៀសខ្លួន។ បន្ទាប់មកវត្តអារាមនេះ ត្រូវបំផ្លាញចោលទាំងស្រុងដោយសារតែមានវិបត្តិការផ្នែកអាណាចក្រ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលដែលអាណាចក្រត្រូវបានស្រោចស្រង់ ប្រជាពលរដ្ឋក៏ត្រូវបានស្រោចស្រង់ ព្រះពុទ្ធសាសនា និងសាសនាដទៃទៀតក៏មានការរីកចម្រើន។ ជាក់ស្តែងនៅថ្ងៃនេះ យើងមកជួបគ្នានេះធ្វើបុណ្យដោយគ្មានការព្រួយបារម្ភអំពីគ្រាប់បែក គ្រាប់ផ្លោងនោះទេ។
វត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង កាលដើមឡើយ គឺជាទីទួលដែលសម្បូរទៅដោយដើមក្រសាំងតូចធំ ហើយនៅរដូវវស្សាទីទួលនេះមិនលិចទឹកនោះទេ។ លុះក្នុងសម័យប្រទេសជាតិធ្លាក់ចូលទៅក្នុងកលិយុគចន្លោះឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥ ទីទួលនេះ បានក្លាយជាទីតាំងស្នាក់អាស្រ័យសម្រាប់ការភៀសខ្លួនរបស់ប្រជាជនមកពីខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងការនិមន្តភៀសព្រះកាយរបស់ព្រះសង្ឃផងដែរ។ អាស្រ័យដោយការគោរពប្រតិបត្តិព្រះពុទ្ធសាសនាទៅតាមលទ្ធភាពប្រជាពលរដ្ឋនាពេលនោះ បានផ្តើមគំនិតរៀបចំទីទួលនេះ ឱ្យមានសាលាឆទានមួយដែលមានឈ្មោះថា «សាលាឆទានទួលក្រសាំង» ក្នុងឆ្នាំ១៩៧៣។ ប៉ុន្តែក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ទីតាំងនេះ ត្រូវបានបំផ្លិចបំផ្លាញចោលនៅសេសសល់តែបល្ល័ង្កព្រះតូចមួយប៉ុណ្ណោះ។
ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ព្រះពុទ្ធសាសនា បានក្លាយជាសាសនារបស់រដ្ឋឡើងវិញ ហើយទីវត្តអារាម កន្លែងសក្ការៈបូជា និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ក្នុងវិស័យព្រះពុទ្ធសាសនា ត្រូវបានបើកឱ្យដំណើរការ និងអនុមោទនាចូលរួមកសាងឡើងវិញជាបន្តបន្ទាប់។ ក្នុងនោះវត្តព្រះបារមីវង្កតបុរី ក៏ត្រូវបានបើកឱ្យប្រតិបត្តិឡើងវិញជាលក្ខណៈសាលាឆទានក្នុងឆ្នាំ១៩៨២ និងបានបង្កើតជាវត្តក្នុងឆ្នាំ១៩៨៩។ បើគិតពីពេលកកើតសាលាឆទានដំបូង រហូតមដល់ពេលបច្ចុប្បន្ន ទីតាំងនេះបានក្លាយជាទីកន្លែងសក្ការៈបូជាសម្រាប់ពុទ្ធបរិស័ទបំពេញបុណ្យកុសលរយៈពេល ៥០ឆ្នាំហើយ។
សព្វថ្ងៃនេះ វត្តព្រះបារមីវង្កតបុរី មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ វត្តនេះមានផ្ទៃដីទំហំសរុបប្រមាណ ១៨,៧៩០ម៉ែត្រក្រឡា មានព្រះសង្ឃគង់អាស្រ័យ ២៤អង្គ ត្រូវបានដឹកនាំដោយព្រះចៅអធិការចំនួន៣អង្គហើយ។ ព្រះចៅអធិការនាពេលបច្ចុប្បន្នមានព្រះនាម ព្រះសាក្យវង្ស ស៊ីម សារ៉ាន។
ចំពោះសមិទ្ធផលក្នុងវត្តដែលធ្វើបុណ្យឆ្លងនាពេលនេះរួមមាន៖ ព្រះវិហារថ្មី មានទទឹង ២៥.៣៣ម៉ែត្រ បណ្តោយប្រវែង ៥៩.៧៨ម៉ែត្រ និងមានកម្ពស់ ៤២.៤៥ម៉ែត្រ ត្រូវបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ដោយចំណាបច្ច័យកសាងចំនួន ៨៨២,៣៥១ដុល្លារ៕