(ភ្នំពេញ)៖ សម្រាប់សិស្ស-និស្សិតនៅកម្ពុជាដែលចង់បានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន អាចទំនាក់ទំនងជាមួយសមាគមនិស្សិតតាមបណ្តាខេត្តក្នុងរាជធានីភ្នំពេញ ហៅកាត់ PPSA ដែលមានដៃគូសហប្រតិបត្តិការជាមួយសាលា និងសាកលវិទ្យាល័យជាច្រើននៅក្រៅប្រទេស ពិសេសគឺប្រទេសចិន ចំណែកអាហារូបករណ៍វិញនោះគឺគ្មានការកំណត់ចំនួននោះឡើយ។
តាមរយៈកម្មវិធីផ្ដល់អាហារូបករណ៍នេះ សមាគម PPSA ក៏បានរៀបចំពិព័រណ៍អាហារូបករណ៍ និងការសិក្សា (Scholarship and Education Fair) នៅសាលាគ្រូយើង ដែលមានទីតាំងតាមបណ្ដោយផ្លូវ២៧១ (មហាវិថីកងយោធពលខេមរភូមិន្ទ) ជិតខ្លោងទ្វារវត្តសន្សំកុសល (អតីតវិទ្យាស្ថានវ៉ាន់ដា) នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ស្រេង វង្សហៀង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ហើយក៏មានការចូលរួមធ្វើបទបង្ហាញពីសំណាក់វាគ្មិន សាស្ត្រាចារ្យ រៀមច្បងដែលធ្លាប់ទទួលបានអាហារូបករណ៍ក្រៅប្រទេស តំណាងសាកលវិទ្យាល័យនៅប្រទេសចិន ដូចជា លោកសាស្ត្រាចារ្យ ហោ ប៊ុនឡេង, លោក យិន សុភាព ស្ថាបនិកនិងជានាយកសាលាគ្រូយើងជាដើម, លោក ហាក់ គឹមថុង, លោក ចាង ហឺស៊ាង (Zhan Hexiang) កញ្ញា អេមីលី (Emily), លោក វ៉ី ឈីវ៉ី (Wei Qiwei) ជាដើម។
ថ្លែងប្រាប់អ្នកសារព័ត៌មាននាឱកាសនោះ លោកស្រី សំរិត ធីតា អនុប្រធានសមាគម PPSA បានឱ្យដឹងថា ពិព័រណ៍អាហារូបករណ៍ និងការសិក្សានេះមានការចូលរួមពីសាកលវិទ្យាមកពីប្រទេសចិនប្រមាណ៣០ឯណោះ ដែលនឹងផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា ខណៈចំនួនអាហារូបករណ៍ទាំងនោះគឺគ្មានកំណត់នោះឡើយ និយាយរួមឱ្យតែសិស្ស-និស្សិតមានឆន្ទៈចង់បន្តការសិក្សាច្បាស់លាស់ ហើយបំពេញតាមលក្ខខណ្ឌឱ្យបានត្រឹមត្រូវ និងធ្វើតេស្តជាប់តាមកម្មវិធីដែលបានដាក់ជូន។
លោកស្រីអនុប្រធានបានបន្តថា សមាគម PPSA ទទួលបានកិច្ចប្រតិបត្តិការបែបនេះពីសាកលវិទ្យាល័យជាច្រើនដែលជាដៃគូនៅក្រៅប្រទេស ពិសេសគឺប្រទេសចិន គឺរៀងរាល់ឆ្នាំ។ ជំនាញសិក្សាគឺមានប្រមាណជាង៤០ជំនាញ ដូចជា វិស្វកម្ម វេជ្ជសាស្ត្រ សុខាភិបាល កសិកម្ម បច្ចេកវិទ្យាជាដើម។
លោកស្រី សំរិត ធីតា បានអំពាវនាវដល់អាណាព្យាបាលសិស្សដែលមានចង់ឱ្យកូនចៅបានទៅសិក្សានៅក្រៅប្រទេស ឬសិស្ស-និស្សិតខ្លួនឯងដែលមានបំណងចង់ទៅសិក្សាតាមរយៈការទទួលបានអាហារូបករណ៍នៅប្រទេសចិន សូមទំនាក់ទំនងមកកាន់សមាគម PPSA ដោយផ្ទាល់ ដើម្បីដឹងអំពីព័ត៌មាននានា។
លោកស្រីបានថ្លែងយ៉ាងដូច្នេះថា «អ្នកណាក៏អាចទៅបានដែរ ឱ្យតែមានឆន្ទៈចង់ទៅសិក្សាពិតប្រាកដ។ គណៈកម្មការជំនាញនៃសមាគមយើងនឹងជួយផ្សព្វផ្សាយព័ត៌មាន ប្រាប់ពីរបៀបរបបនៃការស្នាក់នៅ រៀនសូត្រ ក៏ដូចជាគន្លឹះផ្សេងទៀត នៅពេលពួកគាត់បានទៅសិក្សានៅប្រទេសចិន និយាយរួមគឺជួយសម្របសម្រួលឱ្យចប់ចុងចប់ដើមនៃបេសកកម្មសិក្សារបស់ពួកគាត់»។
លោកស្រី សំរិត ធីតា ក៏បានប្រាប់ត្រួសៗពីលក្ខខណ្ឌសំខាន់បំផុតក្នុងការដាក់ពាក្យទៅសិក្សានៅប្រទេសចិន គឺសិស្សត្រូវជាសិស្សឆ្នើមក្នុងសាលា មានឆន្ទៈពិតប្រាកដក្នុងការទៅសិក្សា ចេះភាសាចិនដល់កម្រិតមួយដែលហៅថា HSK 4 ហើយឆ្លងកាត់ការធ្វើតេស្តជាមុន។ ប្រសិនបើធ្វើតេស្តហើយមិនបានពិន្ទុល្អផ្នែកណាមួយ សមាគមនឹងជួយបំពាក់បំប៉នបេក្ខជនបន្ថែម ដើម្បីមានសមត្ថភាពឆ្លើយតបទៅនឹងធ្វើតេស្តនៅលើកក្រោយ។
បើតាមលោកស្រីអនុប្រធាន ទស្សនវិស័យរបស់សមាគមនិស្សិតតាមបណ្តាខេត្តក្នុងរាជធានីភ្នំពេញ (PPSA) គឺចង់ឱ្យសិស្ស-និស្សិតកម្ពុជាមានឱកាសបានទៅសិក្សានៅក្រៅប្រទេស ដូចជាប្រទេសចិន និងនៅប្រទេសផ្សេងទៀត ដើម្បីយកចំណេះជំនាញដែលមានសមត្ថភាពពេញលេញមកចូលរួមអភិវឌ្ឍប្រទេសជាតិវិញ ពីព្រោះមាតុភូមិកម្ពុជាមានឱកាសច្រើនណាស់សម្រាប់យុវជន និងធនធានមនុស្សសម័យថ្មី។
គួរជម្រាបថា ក្រៅតែអំពីកម្មវិធីផ្ដល់អាហារូបករណ៍នៅក្រៅប្រទេស សមាគមនិស្សិតតាមបណ្តាខេត្តក្នុងរាជធានីភ្នំពេញ (PPSA) ក៏មានកិច្ចសហប្រតិបត្តិការលើកម្មវិធីផ្ដល់អាហារូបករណ៍ជាមួយសាកលវិទ្យាល័យក្នុងប្រទេសទៀតដែរ។ នៅឱកាសក្រោយៗ សមាគមក៏នឹងរៀបចំឱ្យមានពិព័រណ៍អាហារូបករណ៍ និងការសិក្សាបែបនេះបន្តទៀតជាមួយសាលា និងសាកលវិទ្យាល័យជាដៃគូ ដើម្បីផ្ដល់ឱកាសអាហារូបករណ៍ដល់សិស្ស-និស្សិតបន្ថែមទៀត៕