(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា បច្ចុប្បន្នមាននិស្សិតខ្មែរ-ឥស្លាម ចំនួន៦នាក់ កំពុងស្នាក់នៅក្នុងប្រទេសស៊ូដង់ខាងត្បូង ដែលកំពុងតែជួបវិបត្តិនយោបាយ និងសង្គ្រាម។
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីកាត់ប្ញសសីមា ព្រះវិហារ ព្រះពុទ្ធ បដិមា និងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ, សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា សម្ដេចកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះ និងពិចារណាជម្លៀសប្រជាពលរដ្ឋខ្មែរទាំង៦នាក់នោះ ចេញពីប្រទេសស៊ូដង់ខាងត្បូងផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «បច្ចុប្បន្នកំពុងនៅប្រទេសស៊ូដង់ ខ្ញុំទើបទទួលបានព័ត៌មានពីម្សិលម្ង៉ៃថា នៅរដ្ឋធានីកាទុប មាននិស្សិតខ្មែរឥស្លាម៦នាក់ ដែលកំពុងរស់នៅទីនោះ [...] នៅពេលប្រទេសម៉ាឡេស៉ីអាចនឹងជម្លៀសប្រជាជនតាមយន្ដហោះក្ដី តាមនាវាក្ដី គឺសុំឲ្យបានចេញដំណើរមកជាមួយគ្នា»។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានណែនាំដល់លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ត្រូវតាមដានករណីឲ្យបានជាប់ជាប្រចាំ ដើម្បីមានវិធានការទាន់ពេលវេលា។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន គ្រាដែលប្រទេសស៊ូដង់កំពុងមានសង្គ្រាម កម្ពុជាឯណោះវិញ គ្មានការប្រយុទ្ធណាមួយកើតឡើងនោះទេ ហើយកម្ពុជាទើបបិទបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី ដែលមានប្រជាពលរដ្ឋដើរលេងកម្សាន្ដរហូតដល់ជាង១៣លាននាក់។ ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា កម្ពុជាកំពុងតែមានសុខ សន្ដិភាពពេញលេញ ដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការដើរលេងកម្សាន្ដ និងប្រារព្ធពិធីផ្សេងៗ ដោយមិនមានការភ័យខ្លាច។
សូមជម្រាបថា ការប៉ះទង្គិចគ្នាផ្នែកយោធាបានផ្ទុះឡើងរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) កាលពីថ្ងៃទី១៥ ខែមេសា បន្ទាប់ពីមានភាពតានតឹងជាច្រើនថ្ងៃ។ គិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ មនុស្សជាង ៤០០នាក់ហើយបានស្លាប់ និងប្រហែល ៣,៥០០នាក់រងរបួស នៅក្នុងការប៉ះទង្គិចគ្នានៅក្នុងប្រទេសស៊ូដង់ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ប្រទេសនេះ៕