(ភ្នំពេញ)៖ លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC និងលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះពិនិត្យទីតាំងផ្ដល់សេវាសុខភាព និងសង្គ្រោះបន្ទាន់ នៅទីតាំងពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមក្នុងព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។
លោករដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ថា «ថ្ងៃនេះដោយមានការចូលរួមពីរដ្ឋមន្ដ្រីក្រសួងទេសចរណ៍ យើងបានចុះពិនិត្យការរៀបចំរបស់ក្រុមគ្រូពេទ្យរបស់យើង ដែលមានទីតាំងស្ថិតនៅពហុកីឡដ្ឋានជាតិមរតកតេជោ»។
លោករដ្ឋមន្ដ្រីបន្ដថា ក្នុងព្រឹត្ដិការណ៍ស៊ីហ្គេមនេះ គឺយើងបានរៀបចំក្រុមគ្រូពេទ្យ ដើម្បីផ្ដល់សេវាសុខភាពជូន កីឡករ កីឡាការិនីរបស់យើង ទាំងជាតិ និងអន្ដរជាតិ រួមទាំងអ្នកមកចូលទស្សនាផងដែរ។ នេះគឺគ្រាន់តែជាផ្ដល់សុខសុវត្ថិភាពបន្ថែម ដល់សុខភាព ជូនប្រជាពលរដ្ឋយើងប៉ុណ្ណោះ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងការកោតសរសើរ ដល់គ្រប់អង្គភាពការពារសុវត្ថិភាព និងសុខភាពទាំងអស់គ្នា និងជូនសុខពរក្រុមការងារទទួលបានជោគជ័យក្នុងការបំពេញភារកិច្ច ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដ៏ឆ្នើម និងរឹងមាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងតាមតួនាទីខ្លួនរៀងៗ ដោយការទទួលខុសត្រូវខ្ពស់ ក្នុងព្រឹត្ដិការណ៍ ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។
សូមជម្រាបថា ក្នុងឱកាសដែលកម្ពុជាក្លាយជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រសួងសុខាភិបាល បានកំណត់ទីតាំងផ្ដល់សេវាសុខភាព និងសង្គ្រោះបន្ទាន់ ចំនួន ២៨ទីតាំងផងដែរ ទាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងទីតាំងផ្សេងៗទៀត នៅរាជធានីភ្នំពេញ៕