(ភ្នំពេញ)៖ តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យបន្តចូលរួមអនុវត្ត និងគាំទ្រដល់បេសកកម្មផែនការលុបបំបាត់ជំងឺគ្រុនចាញ់ រហូតទទួលបានជោគជ័យទាំងស្រុង។​

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកឆ្នាំ២០២៥ ធ្វើយ៉ាងណាលុបបំបាត់ជំងឺគ្រុនចាញ់ បានទាំងស្រុង (គ្រុនចាញ់សូន្យ)។

ក្នុងសារលិខិត សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងឱកាសទិវាដ៏វិសេសវិសាលនេះ ខ្ញុំសូមអំពាវនាវឲ្យស្មារតីបំពេញកាតព្វកិច្ចដ៏អង់អាចក្លាហាននេះ ស្ថិតនៅជារៀងរហូតជាមួយថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងប្រជាជន ព្រមទាំងសូមឲ្យក្រសួងស្ថាប័ន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ វិស័យឯកជន អង្គការនានា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន សហគមន៍ជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍ ដៃគូអនុវត្ត និងប្រជាជនគ្រប់រូប សូមបន្តចូលរួមអនុវត្ត និងគាំទ្រដល់បេសកកម្មផែនការលុបបំបាត់ ជំងឺគ្រុនចាញ់រហូតទទួលបានជោគជ័យទាំងស្រុង»

សម្ដេចតេជោ ហ៊ុន សែន ក៏សូមឲ្យក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ អាជ្ញាធរមូលដ្ឋាន ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ ត្រូវតែផ្តល់ជូនដល់សាធារណៈ នូវគ្រុនចាញ់សូន្យ តាមភូមិសាស្ត្រនីមួយៗ ចាប់ពីពេលនេះតទៅ តាមរយៈយន្តការបន្តការវិនិយោគ បន្តកែច្នៃស្វែងរកប្រសិទ្ធភាព និងប្រែក្លាយការយល់ដឹងមកជាការអនុវត្តជាក់ស្តែងជាប្រចាំ ដោយប្រជាជនប្រឈម ងាយរងគ្រោះគ្រប់រូបមិនឲ្យខ្វះចន្លោះ នរណាម្នាក់ឡើយ លើរាល់មធ្យោបាយ និងវិធីសាស្ត្រយុទ្ធសាស្ត្រដែលកំពុងមាន តាមបរិបទបត់បែនទន់ភ្លន់ ក្នុងការបញ្ជ្រាបសារអប់រំសុខភាព ការផ្សព្វផ្សាយវិធានបង្ការ ការផ្គត់ផ្គង់បរិក្ខារ និងការលើកទឹកចិត្ត រួមទាំងសកម្មភាពចូលរួមពីគ្រប់មជ្ឈដ្ឋាន កំណត់អត្តសញ្ញាណប្រជាជនប្រឈមសង្ស័យជាករណីជំងឺគ្រុនចាញ់ ដែលចាំបាច់ត្រូវរាយការណ៍ ឬបញ្ជូនទៅសេវាសាធារណៈ និងផ្តល់សេវាសុខភាព ជូនករណីអ្នកជំងឺគ្រុនចាញ់ដោយមិនយកកម្រៃជាកំហិត។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន សូមសំដែងនូវការអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគ្រប់សកម្មភាពទាំងអស់ ដែលបាននិងកំពុងវិនិយោគ កែច្នៃបង្កើនប្រសិទ្ធភាព និងអនុវត្តយ៉ាងសកម្ម នាពេលកន្លងមករហូតទទួលបានសមិទ្ធផលវិជ្ជមាន ជាផ្លែផ្កាលើការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់ តាមគន្លងផែនការយុទ្ធសាស្ត្រជាតិ។

សម្ដេចតេជោបន្ដថា «ទន្ទឹមគ្នានឹងវឌ្ឍនភាពសមិទ្ធផលជោគជ័យទាំងនេះ ក៏យើងនៅមិនត្រូវភ្លេចខ្លួនទេ ព្រោះយើងមិនទាន់សម្រេចគោលដៅផែនការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឡើយនោះទេ រីឯករណីជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម (ឬហៅថា គ្រុនចាញ់សន្វំ) នៅមានវត្តមាននៅឡើយក្នុងការគំរាមកំហែង ដល់អាយុជីវិតសាធារណជនគ្រប់ពេល ពិសេសប្រជាជន ដែលចូលទៅតំបន់ព្រៃភ្នំទាញយកអនុផលព្រៃភ្នំ អេកូទេសចរណ៍ធម្មជាតិ ឬរស់នៅក្នុងភូមិសាស្ត្រ ប្រឈមការចម្លងជំងឺគ្រុនចាញ់ ក្រោមវត្តមានភ្នាក់ងារចម្លងសត្វមូសដែកគោល»

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សកម្មភាពលើកកម្ពស់ការយល់ដឹង សាធារណជនឲ្យផ្លាស់ប្ដូរផ្នត់គំនិត មកជាសកម្មភាពចូលរួមអនុវត្តពេញលេញរៀងៗខ្លួន ដើម្បីទទួលបាននូវ សុខភាពបរិបូណ៌គ្រប់រូប សហគមន៍មានអនាម័យល្អ បរិស្ថានស្អាត និងសេដ្ឋកិច្ចសង្គមគ្រួសារគាប់ប្រសើរ រួមទាំងវិធានការបង្ការជំងឺ គ្រប់គ្រងស្ថានភាពករណីជំងឺ និងស្វែងរកសេវាថែទាំសុខភាពត្រឹមត្រូវ គឺជាកត្តាត្រូវការចាំបាច់របស់ប្រជាជនគ្រប់រូប និងសង្គមជាតិ ពិសេសតាមរយៈការផ្តល់អាទិភាពយកចិត្តទុកដាក់ខ្ពស់ដល់សហគមន៍ទីជនបទ ឬតំបន់ឆ្ងាយដាច់ស្រយាលប្រឈមងាយរងគ្រោះ ដូចជាប្រជាជនក្រីក្រ ស្ត្រីមានផ្ទៃពោះ កុមារតូចៗ ជនជាតិដើមភាគតិច ជនចំណាកស្រុកជាដើម។

ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន សូមថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ទាំងក្នុង និងក្រៅប្រទេសដែលជាដៃគូអភិវឌ្ឍ និងដៃគូវិនិយោគ រួមទាំងក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ មន្ត្រី បុគ្គលិកសុខាភិបាល ក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្ត និងប្រជាជនគ្រប់រូប ដែលបានលះបង់ គ្រប់បែបយ៉ាង រួមទាំងសុខភាពផ្ទាល់ខ្លួន ប្រកបដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់ តាមគោលការណ៍អភិបាលកិច្ចល្អ ដើម្បីបំពេញកាតព្វកិច្ច បន្តរក្សាបានការសម្រេចវឌ្ឍនភាពសមិទ្ធផល ផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ជូនដល់សាធារណជនទូទៅ និងប្រទេសកម្ពុជាបន្ថែម ពីលើកាតព្វកិច្ចពុះពារលំបាកចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលត្រូវបានគ្រប់គ្រងទាំងស្រុងគួរជាទីមោទនភាពខ្ពស់ទាំងក្នុងតំបន់ និងសកលលោក។

ការប្រតិបត្តិ ការវិនិយោគ កែច្នៃ និងអនុវត្តផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ ក្នុងប្រទេសកម្ពុជាកំពុង សម្រេចបានជោគជ័យនូវវឌ្ឍនភាពសមិទ្ធផលផ្លែផ្កា ជាបន្តបន្ទាប់ដោយឆ្នាំ២០១៦ ត្រូវបានបញ្ឈប់លែងឱ្យមានភាពស៊ាំថ្នាំសម្លាប់មេរោគ គ្រុនចាញ់ និងឆ្នាំ២០១៨ មកដល់បច្ចុប្បន្នគ្មានមនុស្សស្លាប់ ដោយសារជំងឺគ្រុនចាញ់ ឯករណីឈឺដោយជំងឺ គ្រុនចាញ់ ត្រូវបានកាត់បន្ថយជាលំដាប់ពីជាង ១១ម៉ឺនករណីឈឺ និងស្លាប់ជាង៥០០នាក់ ជាមធ្យមប្រចាំឆ្នាំ ក្នុងអំឡុងទសវត្សរ៍មុនឆ្នាំ២០១១ មកសល់ ៤ ០៤១ករណីឈឺ នៅឆ្នាំ២០២២៕