(ភ្នំពេញ)៖ លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានថ្លែងបញ្ជាក់ថា ការចិញ្ចឹមគោ យកពូជ សាច់ និងទឹកដោះ គឺជាមុខរបរយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចមួយប្រភេទ ដែលផ្តល់ប្រយោជន៍ជាច្រើនដល់អ្នកចិញ្ចឹមសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិទាំងមូល ជាពិសេសបានចូលរួមលើកកម្ពស់ការបង្កើនប្រាក់ចំណូលសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារចូលរួមកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតការងារ និងមុខរបរមានស្ថិរភាពជូនប្រជាជននៅតាមតំបន់ជនបទ និងកាត់បន្ថយការធ្វើចំណាកស្រុក។

លោក គី ច័ន្ទរំដួល បានថ្លែងដូចនេះនារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន អាយ សេវេន រេនថ៍ (ខេមបូឌា) និងក្លឹបអ្នកឯកទេសគោកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ និងបង្កាត់សប្បនិម្មិតគោពូជកម្ពុជា ដែលបានធ្វើឡើងមានទីតាំង i7 នឹងមានការចុះកិច្ចហត្ថលេខាដោយលោក ស្រី ចន្ធូ ស្ថាបនិកក្រុមហ៊ុន អាយ សេវេន រេនថ៍ (ខេមបូឌា) និងលោក ភឿក សុខជា ស្ថានិកក្លឹបអ្នកឯកទេសគោកម្ពុជា រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោក គី ច័ន្ទរំដួល បានឱ្យដឹងទៀតថា ដើម្បីសម្រេចគោលដៅនេះយើងត្រូវគិតដល់វិស័យកសិកម្ម និងខ្សែច្រវាក់ផលិតកម្មទាំងមូល តាំងពីមុនពេលផលិតរហូតដល់ការលក់នៅលើទីផ្សារ ដែលជាកំណែទម្រង់ដ៏ធំ ស៊ីជម្រៅប្រើរយ:ពេលយូរ និងមិនមែនពាក់ព័ន្ធត្រឹមតែក្រសួងកសិកម្មមួយនោះទេ។ ការងារនេះទាមទារឱ្យមានការចូលរួមពីគ្រប់តួអង្គទាំងអស់ និងការប្រមូលផ្ដុំកម្លាំងរួមទាំងមូលដើម្បីដោះស្រាយបញ្ហា។

លោកបានបន្ថែមទៀតថា តាមរយៈការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរួមមាន៖ ក្រសួងកសិកម្ម ធនាគារអភិវឌ្ឍជនបទ និងកសិកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការចូលរួមសហការស្អិតរមួតពីថ្នាក់មូលដ្ឋាន ជាពិសេសថ្នាក់រាជធានី-ខេត្ត ដែលនៅផ្ទាល់ជាមួយប្រជាពលរដ្ឋជាអ្នកផលិត និងដឹងពីរូបភាពរួមនៃចរន្តសេដ្ឋកិច្ច និងជីពចរសេដ្ឋកិច្ចគ្រប់វិស័យនៅក្នុងខេត្ត គឺជាកត្តាគន្លឹះដែលចូលរួមជួយបង្កើនប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងកំពុងជំរុញអនុវត្តផងដែរ។

ជាមួយគ្នានោះលោក គី ច័ន្ទរំដួល ក៏បានសម្តែងនូវការកោតសរសើរចំពោះកសិដ្ឋាន i7 និងក្លឹបអ្នកឯកទេសគោកម្ពុជា ដែលមានស្មារតីចូលរួមខិតខំប្រឹងប្រែងរៀបចំកម្មវិធី «ចុះហត្ថលេខាលើ អនុសារណៈយោគយល់ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងបង្កាត់សប្បនិម្មិតគោពូជកម្ពុជា» ដោយចំណាយពេលវេលា និងថវិការផ្ទាល់ខ្លួន ក្នុងគោលបំណងចូលរួមចំណែកលើស្ទួយវិស័យចិញ្ចឹមសត្វកម្ពុជា ពិសេសចាប់យកការចិញ្ចឹមសត្វគោ និងការអភិវឌ្ឍន៍ពូជ និងការចែកចាយទឹកស្អែមពូជគោល្អៗ ឧបករណ៍ សម្ភារៈ ពាក់ព័ន្ធនឹងការបង្កាត់ តាមរយៈក្រុមហ៊ុន អាយ សេវេន រេនថ៍ (ខេមបូឌា) និងក្រុមភ្នាក់ងារបច្ចេកទេស បង្កាត់តាមរយៈក្លឹបអ្នកឯកទេសគោកម្ពុជាផងដែរ។

លោកក៏បានបង្ហាញក្តីសង្ឃឹមដែរថា តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នាទៅវិញទៅមកឱ្យកាន់តែជិតិស្និតថែមទៀត លើវិស័យចិញ្ចឹមសត្វគោ ដោយផ្តោតការយកចិត្តទុកដាក់លើការបង្កាត់សប្បនិម្មិត និងអភិវឌ្ឍន៍ពូជគោនៅក្នុងប្រទេសឰ្យបានកាន់តែទូលំទូលាយនេះ នឹងរួមចំណែកបង្កើនផលិតភាពកសិករ រួមចំណែកលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិតាមរយៈបង្កើត ស្ថេរភាព ផលិតភាពគោពូជ កាត់បន្ថយថ្លៃនៃការបង្កាត់ ពង្រីកពូជរបស់ប្រជាកសិករ និងចូលរួមចំណែកទ្រទ្រង់សន្តិសុខស្បៀងមួយផ្នែកជាមួយសង្គមជាតិផងដែរ។

បន្ថែមពីនេះដើម្បីជាការជំរុញក៏ដូចជាលើកទឹកចិត្តឱ្យស្ថាប័នទាំងពីរ ដែលទទួលបន្ទុកក្នុងកិច្ចការបង្កាត់សប្បនិម្មិត និងអភិវឌ្ឍន៍ពូជគោកម្ពុជា កាន់តែប្រសិទ្ធភាព លោក គី ច័ន្ទរំដួល ក៏បានដាក់ចេញការណែនាំសំខាន់ៗដូចជា៖

ទី១៖ ជំរុញការទាក់ទងគ្នារវាងស្ថាប័នទាំង២ ដែលទទួលបន្ទុកក្នុងកិច្ចការបង្កាត់សប្បនិម្មិត និងអភិវឌ្ឍន៍ពូជគោកម្ពុជា

ទី២៖ ជំរុញការអភិវឌ្ឍន៍ធនធានមនុស្ស រួមមាន៖ ការសិក្សាហ្វឹកហ្វឺន និងផ្លាស់ប្តូរអ្នកជំនាញឯកទេស ក្នុងវិស័យបង្កាត់សប្បនិម្មិតនិងអភិវឌ្ឍន៍ពូជគោកម្ពុជា

ទី៣៖ ជំរុញការផ្លាស់ប្ដូរ ផ្តល់ព័ត៌មានស្តីអំពីការបង្កាត់សប្បនិម្មិត និងអភិវឌ្ឍន៍ពូជគោកម្ពុជា

ទី៤៖ ជំរុញការដោះស្រាយបញ្ហារួមទាំងឡាយទាក់ទងទៅនឹងការគ្រប់គ្រង និងប្រតិបត្តិការបង្កាត់នៅតាមតំបន់គោលដៅ

ទី៥៖ ជំរុញការផ្សព្វផ្សាយ ការយល់ដឹងជាសារធារណៈស្តីអំពីការបង្កាត់សប្បនិម្មិត និងអភិវឌ្ឍន៍ពូជគោកម្ពុជា

ទី៦៖ ជំរុញសហប្រតិបត្តិការ និងពិគ្រោះយោបល់ឱ្យកាន់តែជិតស្និទ្ធថែមទៀតរវាងភាគីទាំងពីរដើម្បីផលប្រយោជន៍ទៅមកយូរអង្វែង និងភាពរុងរឿងជាអមតៈ

ទី៧៖ ជំរុញឱ្យភាគីទាំង២ ចូលរួមប្រើប្រាស់ផលិតផលសំភារៈ និងបច្ចេកទេសក្នុងស្រុក៕