(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា អញ្ជើញជាអធិបតីបុណ្យបញ្ចុះខណ្ឌសីមា​ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅ​សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ព្រះវិហារ និងសមិទ្ធផលទាំងឡាយនៅក្នុងវត្តព្រះបារមីវង្គតបុរី គឺជាកេរមរតក​ដ៏ថ្លៃ​ថ្លា​​​របស់អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបា​សិកា ឌី ប៉ុក ដែលជាបិតា និងមាតាបង្កើតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

វត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង កាលដើមឡើយ គឺជាទីទួលដែលសម្បូរទៅដោយដើមក្រសាំងតូចធំ ហើយនៅរដូវវស្សាទីទួលនេះមិនលិចទឹកនោះទេ។ លុះក្នុងសម័យប្រទេសជាតិធ្លាក់ចូលទៅក្នុងកលិយុគចន្លោះឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥ ទីទួលនេះ បានក្លាយជាទីតាំងស្នាក់អាស្រ័យសម្រាប់ការភៀសខ្លួនរបស់ប្រជាជនមកពីខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងការនិមន្តភៀសព្រះកាយរបស់ព្រះសង្ឃផងដែរ។

អាស្រ័យដោយការគោរពប្រតិបត្តិព្រះពុទ្ធសាសនាទៅតាមលទ្ធភាពប្រជាពលរដ្ឋនាពេលនោះ បានផ្តើមគំនិតរៀបចំទីទួលនេះ ឱ្យមានសាលាឆទានមួយដែលមានឈ្មោះថា «សាលាឆទានទួលក្រសាំង» ក្នុងឆ្នាំ១៩៧៣។ ប៉ុន្តែក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ទីតាំងនេះ ត្រូវបានបំផ្លិចបំផ្លាញចោលនៅសេសសល់តែបល្ល័ង្កព្រះតូចមួយប៉ុណ្ណោះ។

ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ដោយគុណបំណាច់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ព្រះពុទ្ធសាសនា បានក្លាយជាសាសនារបស់រដ្ឋឡើងវិញ ហើយទីវត្តអារាម កន្លែងសក្ការៈបូជា និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ក្នុងវិស័យព្រះពុទ្ធសាសនា ត្រូវបានបើកឱ្យដំណើរការ និងអនុមោទនាចូលរួមកសាងឡើងវិញជាបន្តបន្ទាប់។ ក្នុងនោះវត្តព្រះបារមីវង្កតបុរី ក៏ត្រូវបានបើកឱ្យប្រតិបត្តិឡើងវិញជាលក្ខណៈសាលាឆទានក្នុងឆ្នាំ១៩៨២ និងបានបង្កើតជាវត្តក្នុងឆ្នាំ១៩៨៩។ បើគិតពីពេលកកើតសាលាឆទានដំបូង រហូតមដល់ពេលបច្ចុប្បន្ន ទីតាំងនេះបានក្លាយជាទីកន្លែងសក្ការៈបូជាសម្រាប់ពុទ្ធបរិស័ទបំពេញបុណ្យកុសលរយៈពេល ៥០ឆ្នាំហើយ។

សព្វថ្ងៃនេះ វត្តព្រះបារមីវង្កតបុរី មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ វត្តនេះមានផ្ទៃដីទំហំសរុបប្រមាណ ១៨,៧៩០ម៉ែត្រក្រឡា មានព្រះសង្ឃគង់អាស្រ័យ ២៤អង្គ ត្រូវបានដឹកនាំដោយព្រះចៅអធិការចំនួន៣អង្គហើយ។ ព្រះចៅអធិការនាពេលបច្ចុប្បន្នមានព្រះនាម ព្រះសាក្យវង្ស ស៊ីម សារ៉ាន។

ចំពោះសមិទ្ធផលក្នុងវត្តដែលធ្វើបុណ្យឆ្លងនាពេលនេះរួមមាន៖ ព្រះវិហារថ្មី មានទទឹង ២៥.៣៣ម៉ែត្រ បណ្តោយប្រវែង ៥៩.៧៨ម៉ែត្រ និងមានកម្ពស់ ៤២.៤៥ម៉ែត្រ ត្រូវបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ដោយចំណាបច្ច័យកសាងចំនួន ៨៨២,៣៥១ដុល្លារ។

ក្រៅពីព្រះវិហារថ្មីហើយនោះ ក៏នៅមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀត ដែលត្រូវបានកសាងឡើងក្នុងវត្តបារមីវង្កតបុរី រួមមាន៖ រៀបចំប្រព័ន្ធភ្លើងក្នុងព្រះវិហារ គូរគំនូរក្នុងព្រះវិហារ និងទ្វារ ជួសជុលដងទង់ឡើងវិញ សាងសង់ព្រះពុទ្ធរូបស្ពាន់ និងបាល្ល័ង្ក សាងសង់បន្ទប់ទឹក និងរៀបចំសម្អាតកែលម្អសោភ័ណភាពវត្តទាំងមូល ចំណាយបច្ច័យសាងសង់សរុប ១,០០២,៣០១ដុល្លារអាមេរិក។

ពិធីបុណ្យបញ្ចុះសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលក្នុងវត្តព្រះបារមីវង្កតបុរី ត្រូវបានធ្វើឡើងរយៈពេល៤ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃសុក្រ ២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ និងបិទបញ្ចប់នៅថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣៕